លោក លឹម តិចម៉េង បានស្នើដល់មហាជន ជាពិសេសបណ្តាអ្នកគាំទ្រ សុំកុំមានការយល់ច្រឡំចំពោះលោកពីការសុំជំនួយ បន្ទាប់ពីលោកបានទម្លាយរឿងជូរចត់ដោយតស៊ូលះបង់គ្រប់បែបយ៉ាង រហូតលក់ទ្រព្យសម្បត្តិ និងបញ្ចាំផ្ទះ ដើម្បីព្យាបាលជំងឺម្តាយ

ភ្នំពេញ ៖ តារាចម្រៀងលោក លឹម តិចម៉េង បានស្នើដល់មហាជន ជាពិសេស បណ្តាអ្នកគាំទ្រ សុំកុំមានការយល់ច្រឡំចំពោះលោកពីការសុំជំនួយ បន្ទាប់ពីលោកបានទម្លាយរឿងជូរចត់ដោយតស៊ូលះបង់គ្រប់បែបយ៉ាង រហូតលក់ទ្រព្យសម្បត្តិ និងបញ្ចាំផ្ទះ ដើម្បីព្យាបាលជំងឺម្តាយ ។

ការស្នើកុំឲ្យមហាជនមានការយល់ច្រឡំខាងលើ ពីតារាចម្រៀងរូបនេះធ្វើឡើង បន្ទាប់ពីលោកបានលឺនូវពាក្យចចាមអារ៉ាមថា ការដែលលោកបាននិយាយពីរឿងលក់ទ្រពសម្បត្តិដើម្បីព្យាបាលជំងឺម្តាយ គឺដោយសារត្រូវការជំនួយ ខណៈពេលដែលមានអ្នកគាំទ្រមួយចំនួនក៏បានបង្ហាញជំហរចង់ជួយលោកផងដែរ ។

យ៉ាងណា លោក លឹម តិចម៉េង បានអំពាវនាវទៅកាន់មហាជនកុំឲ្យជឿ និងមានការភាន់ច្រឡំចំពោះរឿងនេះ ដ្បិតលោកមិនដែលស្នើសុំជំនួយណាមួយពីប្រិយមិត្តគាំទ្ររូបលោកណាម្នាក់ឡើយ ។
តាមរយៈសំណេរដែលបានបង្ហោះលើបណ្តាញសង្គមតារាចម្រៀង លោក លឹម តិចម៉េង បានលើកឡើងថា ពុកម៉ែ បងប្អូនទាំងអស់គ្នាសូមកុំយល់ច្រឡំវីដេអូ ការចែករំលែកបទពិសោធន៍ក្នុងកម្មវិធីទិវាអ្នកម្តាយ កាលពីម្សិលមិញថាជាការសុំជំនួយពីពុកម៉ែ បងប្អូន ឬ fan ណាម្នាក់ឡើយ ។
លោកបញ្ជាក់ថា ខ្ញុំបាទបង្ហោះសំណេរនេះ ដោយសារមានបងប្អូន fan fan ជាច្រើនបានយល់ច្រឡំថា ខ្ញុំបាទរៀបរាប់យំកាលពីយប់ម្សិលមិញនេះ គឺដោយសារត្រូវការជំនួយហើយក៏មានបងប្អូន fan fan មួយចំនួនចង់ជួយ សូមបងប្អូនកុំជឿពាក្យចចាមអារ៉ាមទាំងនោះ ។
លោកថា ខ្ញុំអត់ដែលបានស្នើសុំអ្វីពីពុកម៉ែ បងប្អូន ឬfan fanណាម្នាក់ទេ ត្រឹមតែការស្រលាញ់ចូលចិត្ត គាំទ្រ ពីពុកម៉ែ បងប្អូនទាំងអស់គ្នាគឺគ្រប់គ្រាន់ជាកម្លាំងចិត្តសម្រាប់ខ្ញុំណាស់ទៅហើយ ។

ជាការកត់សម្គាល់ នៅលើវេទិកាប្រគុំតន្ត្រីមួយកាលពីពេលថ្មីៗនេះ តារាចម្រៀងលោកលឹម តិចម៉េង បានទម្លាយរឿងរ៉ាវជូរចត់មួយចំនួនដែលខ្លួនធ្លាប់ឆ្លងកាត់ទាំងទឹកភ្នែកថា មានមិត្តភក្តិរបស់លោកមួយចំនួនបានស្តីឲ្យលោកថា ម៉េចមិនប្រើជីវិតឲ្យឡូយឆាយ និងអស្ចារ្យក្នុងនាមជាតារា ។ ខ្ញុំបានប្រាប់ទៅវិញថា ខ្ញុំអត់មានទេ ប៉ុន្តែបើម្តាយខ្ញុំឈឺ ទោះជាខ្ញុំត្រូវលូនទៅច្រៀងក៏ខ្ញុំទៅដែរ ហើយមកទល់នាពេលនេះម្តាយរបស់ខ្ញុំបានជាប្រមាណ៨០ភាគរយហើយ ។
លោកបញ្ជាក់ថា ប្រសិនបើលោកគ្មានលុយទេ ម្ល៉េះ ម្តាយរបស់លោកនឹងស្លាប់តាំងពីមួយឆ្នាំមុន ទើបលោកសម្រេចចិត្តបញ្ចាំផ្ទះ ដែលរហូតមកទល់នាពេលនេះ ម្តាយលោកនៅមិនទាន់ដឹងនៅឡើយទេ ហើយលោកបានប្រាប់ម្តាយថា បើទោះបីជាមើលគាត់អស់លុយប៉ុន្មានក៏លោកមានលុយមើលដែរ ។
យ៉ាងណា បើតាមលោក លឹម តិចម៉េង ទាំងអស់នេះលោកចង់ចែករំលែងនូវបទពិសោធន៍ជូនមហាជន ហើយត្រូវចាំថា ឪពុកម្តាយទោះលំបាកយ៉ាងណាក៏អាចចញ្ចឹមកូនៗទាំងអស់បានរស់ ខណៈពេលដែលមិនប្រាកដថា កូនម្នាក់អាចចិញ្ចឹមឪពុកម្តាយរស់នោះឡើយ ៕

អត្ថបទដែលជាប់ទាក់ទង