សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសាររំលែកទុក្ខជូនក្រុមគ្រួសារសពយោធិនកម្ពុជា ២រូប ដែលបានពលីនៅប្រទេសស៊ូដង់ខាងត្បូង

(ភ្នំពេញ)៖ នៅយប់ថ្ងៃទី ១៤ ខែឧសភានេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត និងមានការសោកស្ដាយជាពន់ពេកជាមួយក្រុមគ្រួសារទាំងអស់ នៃសពយោធិនកម្ពុជាទាំង ២រូប ដែលបានពលីជីវិតក្នុងអំឡុងពេលបំពេញបេសកកម្មក្នុងទីក្រុង Malakal នៃកងអនុសេនាធំរាជអាវុធហត្ថ ប្រចាំនៅសាធារណរដ្ឋស៊ូដង់ខាងត្បូង។
ការពលីជីវិតរបស់យោធិនកម្ពុជាទាំងពីររូបនេះ គឺជាការបាត់បង់យោធិនដ៏ឆ្នើមពីររូបដែលបានធ្វើពលិកម្មគ្រប់យ៉ាង ដើម្បីបុព្វហេតុជាតិមាតុភូមិជាទីស្នេហា ចូលរួមថែរក្សាសន្តិភាពក្រោមឆត្ររបស់អង្កការសហប្រជាជាតិ និងបានរួមសុខទុក្ខជាមួយប្រជាជនកម្ពុជារហូតដល់ថ្ងៃអវសាន្តនៃជីវិតដ៏គួរឱ្យសោកសង្រេង។
ស្ថិតក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំបំផុតនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសពយោធិនទាំងពីររូប បានទៅកាន់ក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទដែលជាប់ទាក់ទង