ប្រជាពលរដ្ឋជាច្រើនគ្រួសារ ប្រមូលផ្តុំគ្នាសាលាឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី សុំកិច្ចអន្តរាគមន៍ពីថ្នាក់ដឹកនាំ អាចរែងកាកសំណល់ដីរ៉ែចាស់ៗ និងដីដែលសល់ពីសហគមន៍រ៉ែមាសចាស់ជាច្រើនឆ្នាំ
(មណ្ឌលគិរី)៖ ប្រជាពលរដ្ឋាជាច្រើននាក់ កាលពីរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ បានប្រមូលផ្តុំគ្នានៅសាលាឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដើម្បីស្នើសុំកិច្ចអន្តរាគមន៍ពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ ដើម្បីអអនុញ្ញាតឲ្យពួកគាត់អាចបន្តរបររែងកាកសំណល់ដីរ៉ែចាស់ៗសេសសល់ និងដីដែលសល់ពីសហគមន៍រ៉ែមាសចាស់ជាច្រើនឆ្នាំមកហើយ។
តំណាងប្រជាពលរដ្ឋរស់នៅភូមិពូទុង បាននិយាយថា គាត់បានទៅរស់នៅតំបន់ចុងផ្លាស់នេះជិត៣០ឆ្នាំហើយ ចំណែកការប្រកបរបរចិញ្ចឹមជីវិតរបស់ពួកគាត់ គឺអាស្រ័យលើការរករ៉ែបន្តិចបន្តួចតាមគំនរដីដែលគេបោះបង់ចោលតាំងពីអំឡុងដើមឆ្នាំ១៩៩០មកម្ល៉េះ។
តំណាងប្រជាពលរដ្ឋបានបន្តថា គំនរដីខ្លះ គឺជាសំណល់សល់ពីក្រុមសហគមន៍រ៉ែមាសចុងផ្លាស់ទុកចោល ក្រោយសហគមន៍នេះ ត្រូវបានរំលាយកាលពីអំឡុងឆ្នាំ២០១៦-២០១៧ ដោយមិនអាចប្រកបរបរកសិកម្មនៅតំបន់នេះបាន ហើយពួកគាត់ក៏គ្មានលទ្ធភាពចាកចេញទៅរកស៊ីអ្វីនៅភូមិស្រុកដទៃ ទើបពួកគាត់សម្រេចចិត្តនាំគ្នាកាប់គាស់រែងដីសំណល់រ៉ែ ដើម្បីបានចំណូលផ្គត់ផ្គង់គ្រួសារ។
ប្រជាពលរដ្ឋនៅឃុំចុងផ្លាស់ បាននិយាយថា សម្រាប់បងប្អូនប្រជាពលរដ្ឋរស់នៅនេះស្ទើរ១០០ភាគរយហើយ ដែលបានអាស្រ័យជីវិតជាមួយរបររែងរកមាស។ បើតាមការបញ្ជាក់របស់ប្រជាពលរដ្ឋ, ការជួបជុំគ្នាលើកនេះ ពួកគាត់គ្មានបំណងណាមួយបង្កបាតុភាពដល់សង្គម ឬការឈឺក្បាលដល់អាជ្ញាធរឡើយ ពោលគ្រាន់តែចង់បានការអនុញ្ញាតពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ ឱ្យជួយឲ្យអ្នកភូមិមានលទ្ធភាពធ្វើរបរចិញ្ចឹមជីវិតដូចសព្វមួយដង។
លោក សាន់ ដារិទ្ធ អភិបាលរងខេត្តមណ្ឌលគិរី បានប្រាប់នៅរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ថា សម្រាប់ការតវ៉ា និងការប្រមូលផ្តុំរបស់បងប្អូនប្រជាពលរដ្ឋនេះ អាជ្ញាធរខេត្តមិន មានសិទ្ធិសម្រេច និងការផ្តល់ជូននោះឡើយ គឺស្ថិតនៅលើក្រសួងរ៉ែ និងថាមពលដែលមានសិទ្ធិសម្រេចជូនពួកគាត់។
ដោយឡែកលោក ទី សុផល ប្រធានមន្ទីររ៉ែ និងថាមពលខេត្តមណ្ឌលគិរី មិនទាន់អាចសុំការបញ្ជាក់បន្ថែមនោះទេនៅរសៀលថ្ងៃនេះ៕