រុស្ស៊ី ថាខ្លួនកំពុងរង់ចាំការឆ្លើយតបពីអ៊ុយក្រែន លើបទឈប់បាញ់ខែឧសភា និងការចរចាដោយផ្ទាល់

វិមានក្រឹមឡាំង បាននិយាយកាលពីថ្ងៃអង្គារ (២៩ មេសា) ថា អ៊ុយក្រែន មិនទាន់បានឆ្លើយតបទៅនឹងការផ្តល់ជូនជាច្រើនរបស់លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin នោះទេ ចំពោះការចាប់ផ្តើមកិច្ចចរចាសន្តិភាពដោយផ្ទាល់ ហើយក៏មិនច្បាស់ដែរថា តើទីក្រុងគីវនឹងចូលរួមបទឈប់បាញ់ ៣ថ្ងៃដែលមេដឹកនាំរុស្ស៊ីបានប្រកាសសម្រាប់ខែក្រោយនេះឬយ៉ាងណា។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានថា “លោកប្រធានាធិបតី Putin ជាអ្នកដែលបាននិយាយម្តងហើយម្តងទៀតថា រុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចហើយ ដោយគ្មានលក្ខខណ្ឌជាមុន ដើម្បីចាប់ផ្តើមដំណើរការចរចា ប៉ុន្តែមិនទាន់បានឮការឆ្លើយតបពីរបបក្រុងគីវទេមកទល់ពេលនេះ”។ លោកបន្ថែមថា ពិតជាពិបាកយល់ណាស់ថាតើអ៊ុយក្រែន មានបំណងចូលរួមបទឈប់បាញ់ ៣ថ្ងៃនោះដែរឬទេ។
គួរឱ្យដឹងថា លោក Putin កាលពីថ្ងៃចន្ទសប្ដាហ៍នេះ បានប្រកាសបទឈប់បាញ់ ៧២ម៉ោងក្នុងសង្គ្រាមនៅអ៊ុយក្រែន ចាប់ពីថ្ងៃទី០៨ ដល់កណ្ដាលអាធ្រាត្ររំលងថ្ងៃទី១០ ខែឧសភា នៅពេលរុស្ស៊ី គ្រោងប្រារព្ធពិធីរំលឹកខួបលើកទី៨០ នៃជ័យជម្នះលើពួកណាហ្ស៊ីអាល្លឺម៉ង់ ក្នុងសង្គ្រាមលោកលើកទីពីរ។
ជាការឆ្លើយតប អ៊ុយក្រែនបានចោទសួរថា ហេតុអ្វីទីក្រុងមូស្គូ មិនយល់ព្រមចំពោះការអំពាវនាវរបស់ខ្លួនឱ្យមានបទឈប់បាញ់ដែលមានរយៈពេលយ៉ាងហោចណាស់ ៣០ថ្ងៃ ហើយចាប់ផ្តើមភ្លាមៗ ដោយលោកប្រធានាធិបតីអ៊ុយក្រែន Volodymr Zelenskiy បានលើកឡើងថា “ហេតុអ្វីត្រូវចាំដល់ថ្ងៃទី០៨ ទើបមានបទឈប់បាញ់” ដោយសង្កត់ធ្ងន់ថា អ៊ុយក្រែនឱ្យតម្លៃលើជីវិតមនុស្ស មិនមែនក្បួនដង្ហែរទេ៕

អត្ថបទដែលជាប់ទាក់ទង