អភិបាលរាជធានីភ្នំពេញចុះពិនិត្យទីតាំងនៅពហុកីឡាដ្ឋានជាតិមរតកតេជោ ត្រៀមរៀបចំព្រះរាជពិធីទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក

ភ្នំពេញ ៖ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនារសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញអមដំណើរសម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំងចុះពិនិត្យទីតាំងនៅពហុកីឡាដ្ឋានជាតិមរតកតេជោ ដែលមានទីតាំងស្ថិតនៅភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដើម្បីធ្វើយ៉ាងណារក្សាឱ្យបាននូវសន្តិសុខ សុវត្ថិភាព អនាម័យ បរិស្ថានល្អប្រសើរក្នុងព្រះរាជពិធីទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក សម្រាប់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ស្អែកនេះ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

ព្រះរាជពិធីនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានចេញសេចក្តីជូនដំណឹងផងដែរថា ដើម្បីឱ្យព្រះរាជពិធីប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង របៀបរៀបរយសាធារណៈ អាជ្ញាធរមានសមត្ថកិច្ចនឹងធ្វើការបញ្ចៀសចរាចរណ៍ជាបណ្តោះអាសន្នជុំវិញទីតាំងប្រារព្ធព្រះរាជពិធី ដោយមិនអនុញ្ញាតឱ្យយានយន្តធុនធ្ងន់គ្រប់ប្រភេទឆ្លងកាត់កំណាត់មហាវិថីឈ្នះឈ្នះ ចាប់ពីគល់ស្ពានព្រែកព្នៅ រហូតដល់ផ្លូវជាតិលេខ៦ ចាប់ពីម៉ោង ០៥និង០០នាទី រហូតដល់បញ្ចប់ព្រះរាជកម្មវិធី៕

អត្ថបទដែលជាប់ទាក់ទង