ជម្លោះរវាងលោក Trump និងលោក Musk ផ្ទុះឡើង ជាមួយនឹងសង្រ្គាមពាក្យសម្ដី និងការគំរាមកំហែងដាក់គ្នា

ប្រធានាធិបតីអាមេរិក លោក Donald Trump បានគំរាមកាលពីថ្ងៃព្រហស្បតិ៍ (០៥ មិថុនា) ថានឹងកាត់ផ្តាច់កិច្ចសន្យារបស់រដ្ឋាភិបាល ជាមួយក្រុមហ៊ុនរបស់មហាសេដ្ឋី លោក Elon Musk ខណៈលោក Musk បានលើកឡើងថា លោក Trump គួរតែត្រូវបានចោទប្រកាន់ទម្លាក់តំណែង ដោយបង្វែរទំនាក់ទំនងដែលធ្លាប់តែភាពផ្អែមល្ហែមរបស់ខ្លួនឱ្យក្លាយទៅជាជម្លោះយ៉ាងជូរចត់ពេញបន្ទុកជាមួយនឹងការគំរាមកំហែងដាក់គ្នា និងសង្រ្គាមពាក្យសម្ដីនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។
ការប៉ះទង្គិចនេះបានចាប់ផ្តើមនៅពេលលោក Trump រិះគន់នាយកប្រតិបត្តិក្រុមហ៊ុនរថយន្ត Tesla លោក Musk នៅការិយាល័យ Oval Office។ ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ ទំនាក់ទំនងដែលធ្លាប់តែស្និទ្ធស្នាលល្អូកល្អឺននឹងគ្នា បានបែកបាក់ទាំងស្រុងជាសាធារណៈ ខណៈបុរសមានអំណាចបំផុតរបស់ពិភពលោក និងមហាសេដ្ឋីមានទ្រព្យបំផុតរបស់អាមេរិក បានទម្លាយការប្រេះឆាផ្ទាល់ខ្លួនដាក់គ្នាទៅមកលើបណ្ដាញសង្គម Truth Social របស់លោក Trump និងបណ្ដាញសង្គម X របស់លោក Musk។
លោក Trump បានបង្ហោះលើ Truth Social ដោយគំរាមថា “មធ្យោបាយងាយស្រួលបំផុតក្នុងការសន្សំប្រាក់ក្នុងកញ្ចប់ថវិការាប់ពាន់លានដុល្លារបស់អាមេរិក គឺការបញ្ចប់ការឧបត្ថម្ភធន និងកិច្ចសន្យារបស់ Elon Musk”។ ប៉ុន្មាននាទីបន្ទាប់ពីផ្សារភាគហ៊ុនបានបិទ — ដែលមើលឃើញ Tesla ខាតតម្លៃទីផ្សារប្រហែល ១៥០លានដុល្លារដោយសារសារបង្ហោះរបស់មេដឹកនាំអាមេរិករូបនេះ — លោក Musk បានតបទៅវិញក្នុងសារបង្ហោះលើបណ្ដាញសង្គម X ថា “យល់ស្រប” ដោយនិយាយថា លោក Trump គួរតែត្រូវចោទប្រកាន់ទម្លាក់តំណែង។ គួរឱ្យដឹងថា បក្សសាធារណរដ្ឋរបស់លោក Trump មានសំឡេងភាគច្រើននៅក្នុងសភាទាំងពីរ ហើយទំនងជាមិនចោទប្រកាន់ទម្លាក់តំណែងលោកនោះទេ។
បញ្ហារវាងអ្នកទាំងពីរបានបញ្ឆេះឡើងកាលពីប៉ុន្មានថ្ងៃមុននោះ នៅពេលលោក Musk បានរិះគន់ការកាត់បន្ថយពន្ធក្នុងស្រុក និងការចំណាយរបស់លោក Trump។ លោក Trump កាលពីថ្ងៃព្រហស្បតិ៍ ដោយប្រាប់អ្នកកាសែតនៅក្នុងការិយាល័យ Oval ថា លោក “ខកចិត្តយ៉ាងខ្លាំង” ចំពោះលោក Musk៕

អត្ថបទដែលជាប់ទាក់ទង