ឃាត់ជនសង្ស័យ៣នាក់ បញ្ជូនទៅតុលាការ២នាក់ (ដោះលែងក្មេងម្នាក់)ករណីលួចទូរស័ព្ទក្នុងមន្ទីរពេទ្យ

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យចំនួន៣នាក់ដែលធ្វើសកម្មភាពចូលលួចទូរស័ព្ទ១គ្រឿងរបស់សាច់ញាតិអ្នកជម្ងឺ ដែលមកកំដរកូនមានជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ត្រូវកម្លាំងនគរបាលឃាត់ខ្លួនចំនួន២នាក់និងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ ។ ដោយឡែកជនសង្ស័យម្នាក់ទៀត មិនទាន់គ្រប់អាយុត្រូវបានធ្វើកិច្ចសន្យា និងប្រគល់ឱ្យសាច់ញាតិយកទៅអប់រំបន្ត។

ជនសង្ស័យទាំង៣នាក់ខាងលើ រួមមាន១-ឈ្មោះ រ៉ី សុខគា ភេទប្រុស អាយុ១៥ឆ្នាំ ២-ឈ្មោះ ម៉េង ចំរើន ភេទប្រុស អាយុ១៥ឆ្នាំ និង៣-ឈ្មោះ ជឿន ឆាលី ភេទប្រុស អាយុ១៣ឆ្នាំ រស់នៅភូមិហ្លួង ឃុំឫស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ។

ក្រោយទទួលបណ្តឹងពីឈ្មោះ អឿង លឿម ភេទស្រី អាយុ៥០ឆ្នាំ រស់នៅភូមិសឹង្ហ ឃុំសឹង្ហ ស្រុកអូរជ្រៅ បានប្តឹងថា មានជនសង្ស័យធ្វើសកម្មភាពចូលលួចទូរស័ព្ទដៃ១គ្រឿង ពណ៌ខ្មៅដែលទិញតម្លៃ៣២០ដុល្លារ នៅពេលដែលគាត់បានមកកំដរកូនមានជម្ងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុនមង្គលបុរីកាលពីយប់ថ្ងៃទី០២ ខែមិថុនា ស្ថិតក្នុងភូមិកោះកែវ ឃុំឫស្សីក្រោក ស្រុកមង្គលបុរី។
ក្រោយទទួលបណ្តឹងនេះរួចហើយ កម្លាំងអធិការដ្ឋាននគរបាលស្រុកមង្គលបុរី បានចុះស្រាវជ្រាវ និងពិនិត្យតាមកាម៉េរ៉ាសុវត្ថិភាពរបស់មន្ទីរពេទ្យ ទើបកម្លាំងបានស្រាវជ្រាវនិងកំណត់មុខសញ្ញាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ និងនាំយកទៅសាកសួរ ហើយជនសង្ស័យ២នាក់ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់ ដោយឡែកជនសង្ស័យម្នាក់ទៀតអាយុទើបតែ១៣ឆ្នាំ មិនទាន់គ្រប់អាយុ ត្រូវបានធ្វើកិច្ចសន្យាណែនាំនិងប្រគល់ជូនសាច់ញាតិមកទទួលយកទៅអប់រំបន្ត ៕

អត្ថបទដែលជាប់ទាក់ទង