ទូតថៃប្រចាំកម្ពុជាប្ដេជ្ញាបង្កើនទំហំពាណិជ្ជកម្មជាមួយកម្ពុជា ខណៈ៤ខែឆ្នាំនេះសម្រេចបានជាង ១,៤ ពាន់លានដុល្លារ

ភ្នំពេញ ៖ ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា និងថៃ បានកំណត់គោលដៅក្នុងការបង្កើនទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរឱ្យមានសម្ទុះកើនឡើងខ្ពសនៅឆ្នាំ២០២៧ ខណៈទំហំពាណិជ្ជកម្មកម្ពុជា-ថៃ សម្រេចបានជាង ១,៤ ពាន់លានដុល្លារក្នុងរយៈពេល៤ខែឆ្នាំ២០២៥។

​មានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយចប់ដំណើរទស្សនកិច្ច ដើម្បីពិនិត្យវឌ្ឍនភាព នៃដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ នៅព្រឹកថ្ងៃទី៤ ខែមិថុនានេះ ឯកឧត្តម Tull TRAISORAT ឯកអគ្គរាជទូតថៃ ប្រចាំនៅកម្ពុជា បានលើកឡើងថា ភាគីពាក់ព័ន្ធនៃប្រទេសទាំងពីរ ទាំងអ្នកវិនិយោគ អ្នកធុរកិច្ច រួមនឹងប្រជាពលរដ្ឋត្រូវចូលរួមសហការគ្នាដើម្បីធ្វើឱ្យគោលដៅដែលរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានដាក់ចេញក្នុងការបង្កើនទំហំពាណិជ្ជកម្មទាំងនេះនៅឆ្នាំ២០២៧ខាងមុខ។

ឯកឧត្តម បានបន្តថាលោកគិតថាទំនាក់ទំនងរវាងប្រជាពលរដ្ឋនិងប្រជាពលរដ្ឋគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការជំរុញនូវទំនាក់ទំនងនៃវិស័យពាណិជ្ជកម្ម វិនិយោគ ហើយនឹងទេសចរណ៍។ ដូចដែលគ្រប់គ្នាដឹងហើយថា ភាពយន្តថៃ តារាសម្តែងថៃមានការពេញនិយមទស្សនា និងស្រលាញ់ចូលចិត្តពីសំណាក់ប្រជាជនខ្មែរផងដែរ។

យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅក្នុងឆ្នាំ ២០២៤ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ សម្រេចបានជាង ៤,២៨ ពាន់លានដុល្លារ កើនឡើង ១៥,៥% ក្នុងនោះកម្ពុជានាំចេញទៅថៃបានជិត ៨៤៥ លានដុល្លារ ចំណែកថៃនាំចូលមកវិញ ៣,៤៤ ពាន់លានដុល្លារ កើន ១៨,៩ ភាគរយ៕

សូមជម្រាបថា គិតមកដល់ពេលនេះ អាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចការសាងសង់ប្រមាណជាង ៩៦% នឹងគ្រោងបើកឱ្យដំណើរការ គឺនៅថ្ងៃទី៩ ខែកញ្ញា និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង