ថ្នាក់ដឹកនាំវិស័យហិរញ្ញវត្ថុមកពីតំបន់អាស៊ាន ជួបពិភាក្សាគ្នាក្នុងការកំណត់អនាគតនៃវិស័យហិរញ្ញវត្ថុ តាមរយៈសន្និសីទថ្នាក់តំបន់ ស្ដីពីបញ្ញាសិប្បនិម្មិត ទេពកោសល្យ និងនិន្នាការថ្មីៗ
(ភ្នំពេញ)៖ សន្និសីទថ្នាក់តំបន់ ឆ្នាំ២០២៥ AFA-KICPAA-ACCA ត្រូវបានរៀបចំឡើងក្រោមប្រធានបទ អនាគតនៃហិរញ្ញវត្ថុមុន និងក្រោយឆ្នាំ២០៣០ ជាមួយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត នវានុវត្តន៍ និងនិន្នាការថ្មីៗ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ អ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុ រដ្ឋាភិបាល វិស័យអប់រំ និងដៃគូអភិវឌ្ឍ ប្រមាណជាង ៩០០នាក់ នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ នាពេលថ្មីៗនេះ។
ព្រឹត្តិការណ៍ដ៏សំខាន់នេះ ត្រូវបានរៀបចំឡើងរួមគ្នាដោយ សហព័ន្ធគណនេយ្យករអាស៊ាន (AFA) វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (KICPAA) និងសមាគមគណនេយ្យករជំនាញអន្តរជាតិ (ACCA)។ សន្និសីទថ្នាក់តំបន់នេះ បានផ្តល់ជាវេទិកាជួបជុំរវាងថ្នាក់ដឹកនាំ និងអ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុ មកពីទូទាំងតំបន់ ដើម្បីពិភាក្សាអំពីរបៀបដែលបច្ចេកវិទ្យាថ្មីៗ ដូចជា បញ្ញាសិប្បនិម្មិត (AI) ដែលជាកត្តាជំរុញទៅរកវិស័យហិរញ្ញវត្ថុប្រកបដោយចីរភាព និងតម្រូវការជំនាញថ្មីៗ ក្នុងការកំណត់អនាគតនៃវិជ្ជាជីវៈក្នុងវិស័យហិរញ្ញវត្ថុ។
សន្និសីទនេះ បានទទួលការអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងការបើកកម្មវិធីពីសំណាក់បណ្ឌិត ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។
បណ្ឌិត ងី តាយី បានបញ្ជាក់នូវការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលកម្ពុជា ចំពោះការអភិវឌ្ឍឌីជីថល តាមរយៈការប្រកាសដាក់ឱ្យអនុវត្តនូវក្របខណ្ឌជាតិដូចជា «ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា ២០២១-២០៣៥» និង ««គោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២២-២០៣៥»»។
លោកបណ្ឌិត បានសង្កត់ធ្ងន់ថា «បញ្ញាសិប្បនិម្មិតមិនមែនគ្រាន់តែជាឧបករណ៍នៃនវានុវត្តន៍ប៉ុណ្ណោះទេ ប៉ុន្តែជាកាតាលីករសម្រាប់ជំរុញឱ្យមានការដឹកនាំប្រកបដោយក្រមសីលធម៌ ផលិតភាព និងការអនុវត្តកិច្ចការហិរញ្ញវត្ថុប្រកបដោយចីរភាព»។
លោក ឃុន ដារិទ្ធ ប្រធានក្រុមប្រឹក្សាភិបាលនៃ វ.គ.ស.ក. លោកសាស្ត្រាចារ្យបណ្ឌិត Doan Xuan Tien ប្រធាននៃសហព័ន្ធគណនេយ្យករអាស៊ាន (AFA) និងលោក Pulkit Abrol នាយក ACCA ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដើម្បីលើកកម្ពស់ក្រមសីលធម៌ កសាងសមត្ថភាពផ្នែកបច្ចេកវិទ្យា និងវិជ្ជាជីវៈគណនេយ្យ និងសវនកម្មទូទាំងតំបន់អាស៊ាន។
លោក ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម (ACAR) និងលោក Jean Bouquot ប្រធាននៃសហព័ន្ធគណនេយ្យករអន្តរជាតិ (IFAC) បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃក្រមសីលធម៌ ជំនឿទុកចិត្ត និងតម្លាភាព ដែលជាមូលដ្ឋានគ្រឹះសម្រាប់អនាគតនៃវិជ្ជាជីវៈ និងបានអំពាវនាវឱ្យពង្រឹងអនុលោមភាពនៃស្តង់ដាគណនេយ្យ ការអភិវឌ្ឍទេពកោសល្យ និងកិច្ចសហការរួមគ្នា ដើម្បីជាមាគ៌ានៃវិជ្ជាជីវៈនេះ តាមរយៈការចាប់យកនិងប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ការររៀបចំរបាយការណ៍ចីរភាព និងបរិវត្តកម្មជាសកល។
វេទិកាពិភាក្សាទី១ ស្តីពី៖ តួនាទីវិស័យគណនេយ្យក្នុងយុគសម័យបញ្ញាសិប្បនិម្មិត៖ ផ្ដើមពីកិច្ចបញ្ជិការហូតដល់ការវិភាគ និងការសម្រេចចិត្តផ្សេងៗ
វេទិកាពិភាក្សាទី១នេះសម្របសម្រួលដោយលោក Mike Suffield មកពី ACCA។ វេទិកាពិភាក្សានេះបានស្វែងយល់ពីរបៀបដែលបញ្ញាសិប្បនិម្មិត (AI) កំពុងផ្លាស់ប្តូរតួនាទីរបស់គណនេយ្យករ ពីភារកិច្ចអនុលោមតាមទម្លាប់ ទៅជាអ្នកសម្រេចចិត្តនៅកម្រិតយុទ្ធសាស្ត្រយ៉ាងមានឥទ្ធិពល។
ជំនួសឱ្យការពិនិត្យមើលតែវិធាន និងរបាយការណ៍ ឥឡូវនេះគណនេយ្យករអាចប្រើបញ្ញាសិប្បនិម្មិត (AI) ដើម្បីជួយធ្វើការសម្រេចចិត្តនៅក្នុងអាជីវកម្មដ៏ឆ្លាតវៃ។ លទ្ធផលនៃកិច្ចពិភាក្សាបានបង្ហាញថា បញ្ញាសិប្បនិម្មិត (AI) កំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ត្បិតថាវាក៏នៅមិនអាចជំនួសគណនេយ្យករបាន តែវាជាកាលានុវត្តភាពថ្មីដ៏អស្ចារ្យ។ ដូច្នេះដើម្បីអាចឈានបន្តទៅមុខបាន គណនេយ្យករត្រូវរៀនពីរបៀបធ្វើការជាមួយបញ្ញាសិប្បនិម្មិត (AI) ហើយប្រើប្រាស់វាដើម្បីជាគុណតម្លៃបន្ថែម។ លទ្ធផលវេទិកាពិភាក្សាផ្តល់ចំណុចសំខាន់ៗដូចជា៖
* បញ្ញាសិប្បនិម្មិត(AI) គឺកំពុងនៅជុំវិញយើង ហើយក៏កំពុងមានការវិវត្តយ៉ាងឆាប់រហ័ស។ គណនេយ្យករវិជ្ជាជីវៈត្រូវតែពង្រឹងជំនាញ និងបង្កើនចំណេះដឹងឱ្យកាន់តែស៊ីជម្រៅអំពីបញ្ញាសិប្បនិម្មិត (AI) ដើម្បីអាចចាប់យកនិងប្រើប្រាស់វាបានដោយជោគជ័យ តាមរយៈ ការជំរុញ
នវានុវត្តន៍ និងធានាថា បញ្ញាសិប្បនិម្មិត(AI)មានសុវត្ថិភាព មានការការពារ និងអាចទុកចិត្តបាន។
* ភាពជោគជ័យរបស់បញ្ញាសិប្បនិម្មិត(AI) អាស្រ័យលើទិន្នន័យគ្រប់ជ្រុងជ្រោយ និងត្រឹមត្រូវ។ គណនេយ្យករវិជ្ជាជីវៈត្រូវមានទំនួលខុសត្រូវក្នុងការធានាថាទិន្នន័យរបស់ស្ថាប័នមានភាពជឿជាក់ និងទុកចិត្តបាន។
* យ័តករត្រូវតែព្យាយាមថ្លឹងថ្លែងរវាង ការការពារផលប្រយោជន៍សាធារណៈ និងការជំរុញនវានុវត្តន៍។ ដើម្បីថ្លឹងថ្លែងបានល្អ និយ័តករភាគច្រើនប្រើប្រាស់វិធីសាស្ត្រ Sandbox (សាកល្បងប្រើ និងកែសម្រួលរហូតត្រឹមត្រូវ) ដើម្បីឈានទៅការបង្កើតក្របខ័ណ្ឌសមស្របសម្រាប់ការត្រួតពិនិត្យបញ្ញាសិប្បនិម្មិត(AI)។
* ការអភិវឌ្ឍជំនាញ និងការបណ្តុះបណ្តាលជាប្រចាំ គួរតែត្រូវបានផ្តោតជាសំខាន់ទាំងសម្រាប់បុគ្គល និងស្ថាប័ន ដើម្បីអាចទាញយកអត្ថប្រយោជន៍ពីបញ្ញាសិប្បនិម្មិត(AI) និងអាចគ្រប់គ្រងហានិភ័យបានយ៉ាងមានប្រសិទ្ធភាព។
វេទិកាពិភាក្សាទី២ ស្តីពី៖ និន្នាការទេពកោសល្យក្នុងវិជ្ជាជីវៈ មុននិងក្រោយឆ្នាំ២០២៥ ដោយផ្តោតលើការប្រមូលផ្ដុំ និងការរក្សាទុកអ្នកជំនាញ
វេទិកាពិភាក្សាទី២នេះសម្របសម្រួលដោយដោយលោក Edward Tanujaya មកពី AFA។ វេទិកានេះបានពិភាក្សាពីនិន្នាការថ្មីៗ អំពីរបត់ថ្មីដូចជាបច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ការងារដែលត្រូវការភាពបត់បែន និងការរៀបចំរបាយការណ៍ចីរភាព កំពុងមានឥទ្ធិពលលើបម្លាស់ប្ដូរនៃអនាគតវិជ្ជាជីវៈគណនេយ្យ។
កិច្ចពិភាក្សាបានបង្ហាញថា ដើម្បីរក្សាការជឿជាក់ និងភាពរឹងមាំនាពេលអនាគត អ្នកស្ថិតក្នុងវិជ្ជាជីវៈនេះត្រូវការបន្ថែមទៅលើជំនាញប្រើប្រាស់បញ្ញាសិប្បនិមិ្មត(AI) និងការរៀបចំហិរញ្ញវត្ថុចីរភាព ដោយផ្តល់ជូននូវជម្រើសការងារដែលអាចបត់បែនបាន គាំទ្រសុខភាពផ្លូវចិត្ត និងបង្កើតវប្បធម៌ការងារប្រកបដោយសីលធម៌ និងមាបរិយាកាសវិជ្ជមាន។ លទ្ធផលវេទិកាពិភាក្សាផ្តល់ចំណុចសំខាន់ៗដូចជា៖
* និន្នាការទេពកោសល្យសកលឆ្នាំ ២០២៥ បង្ហាញពីផលប៉ះពាល់យ៉ាងខ្លាំងទាំងសម្រាប់និយោជក និងនិយោជិត។
* និយោជកត្រូវតែគិតគូរអំពីយុទ្ធសាស្ត្រសម្រាប់ការគ្រប់គ្រងទេពកោសល្យ ការរក្សាបុគ្គលិក ការរៀបចំការងារដែលអាចបត់បែនបាន រៀបចំអត្ថប្រយោជន៍ប្រាក់ឈ្នួល និងការអភិវឌ្ឍជំនាញពាក់ព័ន្ធជាពិសេសជាមួយបញ្ញាសិប្បនិម្មិត (AI) និងការររៀបចំរបាយការណ៍ចីរភាព ។
* វិជ្ជាជីវៈគណនេយ្យត្រូវបានធានានូវទំនុកចិត្តនៅក្នុងបរិយាកាសការងារ ក៏ដូចជាលើកទឹកចិត្តឱ្យមានការស្តាប់គ្នាទៅវិញទៅមកដើម្បីបង្កើនការយល់ដឹង។
* ខណៈពេលដែលក្រមសីលធម៌មានសារៈសំខាន់សម្រាប់វិជ្ជាជីវៈ អ្នកជំនាញនាពេលអនាគត និងអ្នកមានទេពកោសល្យវ័យក្មេងត្រូវតែទទួលយកការផ្លាស់ប្តូរ និងសហការជាមួយគ្នាដើម្បីលុបបំបាត់គម្លាតជំនាញ។
* សុខភាពផ្លូវចិត្តអាចជាបញ្ហាប្រឈម សម្រាប់ទេពកោសល្យនាពេលអនាគតក្នុងការពង្រឹងអាជីព។ និយោជក និងអ្នកអប់រំមានតួនាទីសំខាន់ ក្នុងការបង្កើតបរិយាកាសគាំទ្រ ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃសុខភាពផ្លូវចិត្ត។
វេទិកាពិភាក្សាទី ៣ស្តីពី៖ ការវិវត្តនៃតួនាទី និងជំនាញសម្រាប់អ្នកជំនាញផ្នែកហិរញ្ញវត្ថុ មុននិងក្រោយឆ្នាំ២០៣០
សម្របសម្រួលដោយលោក នៅ រ៉េមី មកពី វ.គ.ស.ក.។ វេទិកានេះផ្តោតលើរបៀបដែលនាយកហិរញ្ញវត្ថុ (CFO) សវនករ និងអ្នកដឹកនាំវិស័យហិរញ្ញវត្ថុ កំពុងបម្លែងតួនាទីរបស់ខ្លួនឱ្យកាន់តែធំ និងមានតម្លៃជាងមុន។ កិច្ចពិភាក្សាបានបង្ហាញថា អ្នកជំនាញហិរញ្ញវត្ថុនាពេលអនាគត ត្រូវតែផ្លាស់ប្តូរពីអ្នកសកម្មការងារ (ពិនិត្យរបាយការណ៍) ទៅជាអ្នកដឹកនាំដែលមានការគិតគូជាមុន និងពូកែខាងប្រើប្រាស់ បញ្ញាសិប្បនិម្មិត (AI) ទិន្នន័យ យុទ្ធសាស្រ្ត ក្រមសីលធម៌ និងការរៀបចំហិរញ្ញវត្ថុចីរភាព ដើម្បីទាញយកគុណតម្លៃនិងឈានដល់ការសម្រេចបាននៃការធ្វើបរិវត្តកម្ម។ លទ្ធផលវេទិកាពិភាក្សាផ្តល់ចំណុចសំខាន់ៗ ដូចជា៖
* អ្នកជំនាញផ្នែកហិរញ្ញវត្ថុត្រូវតែផ្លាស់ប្តូរពីអ្នកសកម្មការងារទៅជាអ្នកដឹកនាំដែលមានការគិតគូជាមុន អ្នកនាំមុខក្នុងនិន្នាការថ្មីៗដូចជា បញ្ញាសិប្បនិម្មិត(AI) ការរៀបចំរបាយការណ៍ចីរភាព និងការប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយក្រមសីលធម៌។
* អ្នកដឹកនាំនាពេលអនាគតគួរតែផ្តោតលើការបង្កើតតម្លៃ ជំរុញការអនុវត្តខ្ពស់ និងដឹកនាំការផ្លាស់ប្តូរទៅជាឌីជីថលនៅក្នុ្ងអង្គភាពការងារ។
* វិជ្ជាជីវៈនេះត្រូវតែចេះអនុវត្តយុទ្ធសាស្ត្រ ភាពជាដៃគូអាជីវកម្មដើម្បីឈានឆ្ពោះទៅមុខ។
* ជំនាញស្នូលសម្រាប់ឆ្នាំ២០៣០ និងជំនាញបន្ថែមផ្សេងៗ រួមមានចំណេះដឹងផ្នែកឌីជីថល និងអក្ខរកម្មទិន្នន័យ (ជាពិសេសផ្នែកបញ្ញាសិប្បនិម្មិត និងការវិភាគ) ការគិតគូកម្រិតយុទ្ធសាស្ត្រ ជំនាញពាណិជ្ជកម្ម ក្រមសីលធម៌ខ្ពស់ ភាពបត់បែន ភាពធន់ និងលទ្ធភាពដឹកនាំការរៀបចំ
ហិរញ្ញវត្ថុចីរភាព និងរបាយការណ៍ចីរភាព ។
ការកសាងវិជ្ជាជីវៈហិរញ្ញវត្ថុអាស៊ាននៅពេលអនាគត
ក្នុងសន្និសីទនេះ វាគ្មិនផ្ដោតសំខាន់លើចក្ខុវិស័យរួមក្នុងការបង្កើតវិជ្ជាជីវៈហិរញ្ញវត្ថុឱ្យរឹងមាំ ប្រកបដោយសីលធម៌ និងត្រូវបានរៀបចំរួចរាល់សម្រាប់អនាគត។ កិច្ចពិភាក្សាសំខាន់ៗផ្តោតលើការពង្រឹងសមត្ថភាពឌីជីថល និងការរៀបចំរបាយការណ៍ចីរភាព ការដោះស្រាយគម្លាតនៃការអភិវឌ្ឍ ទេពកោសល្យ និងការជំរុញភាពជាអ្នកដឹកនាំឆ្ពោះទៅមុខប្រកបដោយបរិយាបន្នទូទាំងអាស៊ាន។
សារៈសំខាន់នៃកិច្ចសហប្រតិបត្តិការគ្រប់វិស័យសង្កត់ធ្ងន់លើ ស្ថាប័នវិជ្ជាជីវៈ និយ័តករ ស្ថាប័ន អប់រំ និងវិស័យឯកជន ដើម្បីធានាថាអនាគត អ្នកជំនាញផ្នែកហិរញ្ញវត្ថុមានជំនាញត្រឹមត្រូវ មានគុណតម្លៃ និងមានចក្ខុវិស័យច្បាស់លាស់ក្នុងបរិបទនៃការផ្លាស់ប្តូរដ៏លឿននេះ។
នៅក្នុងសុន្ទរកថាបិទ លោក ឃុន ដារិទ្ធ ប្រធានក្រុមប្រឹក្សាភិបាលនៃ វ.គ.ស.ក. បានបញ្ជាក់ជាថ្មីអំពីតម្រូវការក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ និងសមត្ថភាព ជាពិសេស បញ្ញាសិប្បនិម្មិត (AI) ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាឌីជីថល ដើម្បីត្រៀមខ្លួនសម្រាប់ពិភពលោកដែលមិនអាចទាយទុកជាមុនបាន។ លោកបានផ្តល់អនុសាសន៍ជាក់ស្តែងដូចខាងក្រោម៖
* ត្រូវមានចក្ខុវិស័យច្បាស់លាស់ឆ្ពោះទៅអនាគត
* ត្រូវមានយុទ្ធសាស្ត្រដែលអាចអនុវត្តបាន និងអាចបត់បែនបាន ជាពិសេសយុទ្ធសាស្ត្រនៃការចាប់យកបច្ចេកវិទ្យា ប្រកបដោយប្រសិទ្ធភាព
* ត្រូវវិនិយោគជាយុទ្ធសាស្រ្ត ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ សម្រាប់បញ្ញាសិប្បនិម្មិត (AI)
ឌីជីថល និងប្រព័ន្ធបច្ចេកវិទ្យា
* ត្រូវវិនិយោគលើធនធានមនុស្ស ដែលមានជំនាញត្រឹមត្រូវ។
តាមរយៈកិច្ចសហការ AFA_KICPAA_ACCA លោកបានបញ្ជាក់ជាថ្មីពីឆន្ទៈ ក្នុងការគាំទ្រ និងកសាងសមត្ថភាពសម្រាប់សមាជិក និងគណនេយ្យករវិជ្ជាជីវៈ និងដើម្បីយកឈ្នះលើអស្ថិរភាពជាសកល៕