ចាប់បញ្ជូនអ្នកបើករថយន្តម្នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីឆបោកក្លែងបន្លំឯកសារ និងប្រើប្រាស់ឯកសារក្លែង

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី០៥ ឧសភា ឆ្នាំ២០២៥ នេះ បានចាប់បញ្ជូនអ្នកបើកបររថយន្តម្នាក់ទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីឆបោកក្លែងបន្លំឯកសារ និងប្រើប្រាស់ឯកសារក្លែងដែលជនសង្ស័យបានយករថយន្តទំនើបមួយគ្រឿងជារបស់អ្នកដទៃទៅដាក់បញ្ចាំ ។

ជនសង្ស័យឈ្មោះ ឈាង ធីតា ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅភូមិត្រពាំងយោង ឃុំពារាម ស្រុកបាទី ខេត្តតាកែវ ។ ជនសង្ស័យត្រូវបានសមត្ថកិច្ចចាប់ខ្លួនតាមដីកាបង្គាប់ឲ្យចាប់ និងឃុំខ្លួនរបស់ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ ។

ជនជាប់ចោទឈ្មោះ ឈាង ធីតា មានសាលក្រមផ្តន្ទាទោសដាក់ពន្ធនាគារកំណត់៣ឆ្នាំ ពីបទ.ឆបោក ក្លែងបន្លំឯកសារ និងប្រើប្រាស់ឯកសារក្លែងតាមបញ្ញត្តិមាត្រា៣៧៧ មាត្រា ៣៧៨ មាត្រា៦២៦ មាត្រា៦២៧ និងមាត្រា៦២៨ នៃក្រមព្រហ្មទណ្ឌប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ ។
សាលក្រមបានបង្គប់ឲ្យមនុស្ស២នាក់ទៀត ម្នាក់ឈ្មោះ ស៊ាង គឹមអ៊ី និងឈ្មោះ អ៊ុក ប៊ុនង៉ ជាមួយជនជាប់ចោទឈ្មោះ ឈាង ធីតា រួមគ្នាសងប្រាក់ចំនួន៤.៥០០០ដុល្លារអាមេរិក និងជំងឺចិត្តចំនួន៥.០០០ដុល្លារ ឲ្យទៅដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ ជា រតនៈ ការទាមទារលើសពីនេះច្រាលចោល ។
បង្គាប់ឲ្យចាប់ខ្លួន និងឃុំខ្លួនឈ្មោះ ឈាង ធីតា តាមបញ្ញត្តិមាត្រា៣៥៣ នៃក្រមព្រហ្មទណ្ឌ ដើម្បីយកទៅអនុវត្តទោសតាមអំណាចសាលក្រមនេះ ។ អង្គហេតុពាក់ពន្ធការចាប់ខ្លួនតៃកុងឡាននោះ ត្រូវបានសមត្ថកិច្ចបង្ហើបឲ្យដឹងថា នៅអំឡុងឆ្នាំ២០២៣ ជនសង្ស័យនិងបក្សពួក២នាក់ទៀត បានសមគំនិងគ្នា យករថយន្តទំនើបមួយគ្រឿងរបស់ថៅកែក្លែងឯកសារទៅដាក់បញ្ចាំឲ្យឈ្មោះ ជា រតនៈ ខណៈអ្នកទទួលបញ្ចាំមើលទៅស្មានតែឯកសារត្រឹមត្រូវ ក៏ប្រគល់ប្រាក់ចំនួន៤៥០០០ដុល្លារអាមេរិក តាមការព្រមព្រៀងគ្នា ។ លុះពេលបានប្រាក់ហើយជនសង្ស័យក៏ចេញទៅបាត់ ។ បន្ទាប់មកជនជាប់ចោទបានប្រាប់ថៅកែថា ខ្លួនយករថយន្តទៅបញ្ចាំឲ្យឈ្មោះ ជា រតនៈ ពេលនោះថៅកែរថយន្តក៏បានប្តឹងអ្នកទទួលបញ្ចាំ ប៉ុន្តែដោយពិនិត្យលើឯកសារក្លែង អ្នកទទួលបញ្ចាំបានប្តឹងតៃកុងឡានឈ្មោះ ឈាង ធីតា សមគំនិតជាមួយឈ្មោះ ស៊ាង គឹមអ៊ី និងឈ្មោះ អ៊ុក ប៊ុនង៉ ពីបទ.ឆបោក ក្លែងបន្លំឯកសារ និងប្រើប្រាស់ឯកសារក្លែង ទៅតាមផ្លូវច្បាប់ ។ ក្រោយមក ឈ្មោះ ស៊ាង គឹមអ៊ី និងឈ្មោះ អ៊ុក ប៊ុនង៉ ត្រូវបានសមត្តកិច្ចចាប់ខ្លួន និងឃុំខ្លួនដាក់ពន្ធនាគារ ដើម្បីអនុវត្តទោសតាមអំណាចសាលក្រម ៕

អត្ថបទដែលជាប់ទាក់ទង