ក្មេងប្រុសចំនួន៤នាក់ បានរៃប្រាក់គ្នាបានចំនួន៥ពាន់រៀល បន្ទាប់មកនាំគ្នាហៅម៉ូតូកង់បី១គ្រឿងជិះទៅងូតទឹកស្រះមួយកន្លែង ស្រាប់តែក្មេងម្នាក់ក្នុងចំណោមគ្នា៤នាក់ ផុតដៃ ផុតជើង រួចក៏បានលង់ស្លា..ប់

ភ្នំពេញ ៖ ក្មេងប្រុសចំនួន៤នាក់បានរៃប្រាក់គ្នាបានចំនួន៥ពាន់រៀល បន្ទាប់មកនាំគ្នាហៅម៉ូតូកង់បី១គ្រឿងជិះទៅងូតទឹកស្រះមួយកន្លែងស្ថិតនៅចម្ងាយប្រមាណជាង៣គីឡូម៉ែត្រពីភូមិឋានរបស់ពួកគេ ហើយខណៈពេលហែលទឹកលេងសប្បាយជាមួយគ្នា ស្រាប់តែក្មេងម្នាក់ក្នុងចំណោមគ្នា៤នាក់នោះផុតដៃផុតជើងរួចក៏បានលង់ស្លាប់តែម្ដង ។

ហេតុការណ៍នោះបានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើលនៅ ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ ស្រះទឹកមានជម្រៅប្រមាណជាង៤ម៉ែត្រ ស្ថិតនៅជិតវត្តជន្លង់ម្លូ ភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ក្មេងប្រុសដែលលង់ទឹកបណ្ដាលឲ្យស្លាប់បាត់បង់ជីវិតនោះឈ្មោះ បុត្រ អាយុ១៣ឆ្នាំ មានទីលំនៅក្នុងបុរីសន្តិភាព២ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ក្មេងៗដែលទៅជាមួយគ្នានោះបាននិយាយថា នៅវេលាព្រឹកថ្ងៃកើតហេតុ ពួកគេបានរៃប្រាក់គ្នាបានចំនួន៥ពាន់រៀល បន្ទាប់មកក៏បាននាំគ្នាហៅម៉ូតូកង់បី១គ្រឿងជិះចេញពីបុរីសន្តិភាព២ ទៅកាន់ស្រះទឹកខាងលើ ។ ពេលទៅដល់ ក៏បាននាំគ្នាចុះទៅងូតនិងហែលទឹកលេងនៅក្នុងស្រះនោះ លុះមួយសន្ទុះក្រោយមក ក៏ស្រាប់តែក្មេងរងគ្រោះឈ្មោះបុត្រ បានហែលផុតដៃផុតជើង រួចក៏លង់លិចបាត់ទៅក្នុងទឹកតែម្ដង ។ ពេលមានរឿងបែបនេះកើតឡើង ពួកគេមិនអាចជួយបានទេ ក៏បាននាំគ្នារត់ឡើងគោករួចស្រែកឆោឡោ ហៅឲ្យអ្នកភូមិជួយបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។
អ្នកភូមិបាននិយាយថា នៅពេលបានឃើញក្មេងៗទាំងនោះរត់ត្រហេបត្រហប និងស្រែកឲ្យជួយយ៉ាងស្លន់ស្លោរ ពួកគាត់បាននាំគ្នារត់ទៅកាន់ស្រះទឹកនោះ ហើយបាននាំគ្នាចុះជួយរាវរក ក្រោយមកបានប្រទះឃើញក្មេងរងគ្រោះ រួចបានស្រង់ឡើងគោក ក្នុងបំណងនាំទៅសង្គ្រោះដែរ ប៉ុន្តែក្មេងប្រុសរងគ្រោះស្លាប់បាត់ទៅហើយ មិនអាចសង្គ្រោះបានឡើយ ទើបរាយការណ៍ជូនអាជ្ញាធរនិងផ្ដល់ដំណឹងដល់ក្រុមគ្រួសារបានដឹងនិងទៅមើល ។
ក្រោយពេលទទួលបានដំណឹងដ៏អកុសលនោះឪពុកម្ដាយ បងប្អូនសាច់ញាតិរបស់ក្មេងប្រុសរងគ្រោះខាងលើក៏បានចុះទៅកាន់កន្លែងកើតហេតុ ខណៈនោះដោយមិនអស់ចិត្តថាស្លាប់ ឪពុកម្ដាយ បងប្អូនសាច់ញាតិ ក៏បាននាំគ្នាលើកក្មេងប្រុសនោះលីរលាក់ទឹកចេញជាការសង្គ្រោះបឋម ។ ប៉ុន្តែទោះជាខំប្រឹងយ៉ាងណាក៏ក្មេងប្រុសរូបនោះមិនដឹងខ្លួនឡើយ បន្ទាប់មកក៏បាននាំទៅកាន់គ្លីនិកឯកជនមួយនៅជិតនោះដើម្បីសង្គ្រោះអាយុជីវិតដែរ ប៉ុន្តែពេលទៅដល់ គ្រូពេទ្យប្រាប់ថា ក្មេងរងគ្រោះស្លា.ប់បាត់ហើយ ពួកគាត់ក៏នៅតែមិនអស់ចិត្តថាស្លាប់ទៀត រួចក៏បញ្ជូនបន្តទៅកាន់មន្ទីរពេទ្យកុមារជាតិទៀត ហើយនៅមិនទាន់ដឹងថាគ្រូពេទ្យប្រាប់ថាបែបណាទៀតនៅឡើយទេ ៕

អត្ថបទដែលជាប់ទាក់ទង