បង្រ្កាបបទល្មើសជាក់ស្តែង ករណីលួចម៉ូតូដោយកាច់បំបែកសោ.ក

ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ ២០២៥ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការជិះល្បាតតាមតំបន់ដែលស្ថិតក្នុងភាពស្មុកស្មាញ ដើម្បីការពារសន្តិសុខសាធារណៈ លុះមកដល់ចំណុចមុខសាលាវិទ្យាល័យជាំងស៊ូ ភូមិពូធឿង សង្កាត់បិតត្រាំង ក្រុងកំពង់សោម ខេត្តព្រះសីហនុ កម្លាំងនគរបាលបានប្រទះឃើញបុរស ២នាក់ កំពុងជិះម៉ូតូសង្ស័យ ២គ្រឿង ម៉ូតូម៉ាក SCOPY ពណ៌ស ផលិតឆ្នាំ ២០២៣ (បិទស្កុតពណ៌ខ្មៅ, គ្មានស្លាកលេខ) និងម៉ូតូម៉ាក SUZUKI NEX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1AI-0907 ។ ក្រោយពិនិត្យ ឃើញម៉ូតូ SUZUKI NEX មានសភាពសោ ក ត្រូវបានបែកដោយកម្លាំងខាងលើ បង្ហាញថាអាចជាម៉ូតូដែលត្រូវបានលួច ដូច្នេះសមត្ថកិច្ចបានឃាត់ខ្លួនបុរសទាំង ២នាក់ និងនាំមកសួរនាំនៅស្នងការដ្ឋាននគរបាលខេត្ត ។
អត្តសញ្ញាណជនសង្ស័យ ៖
១.ឈ្មោះ ហឿន ប៊ុនសាក់ ភេទប្រុស ឆ្នាំកំណើត២០០៨ មុខរបរ មិនប្រាកដ ទីលំនៅ ភូមិស្រែកលាវ ឃុំត្រពាំងឃ្លាំង ស្រុកឈូក ខេត្តកំពត ។
២.ឈ្មោះ ទឹម ម៉េងថុង ភេទប្រុស ឆ្នាំកំណើត២០០៤ មុខរបរ មិនប្រាកដ ទីលំនៅ ភូមិវាលរេញ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
វត្ថុតាងចាប់យកបាន ៖
•ទូរស័ព្ទម៉ាក TECNO ពណ៌ស ចំនួន ០១ គ្រឿង
•ម៉ូតូម៉ាក HONDA SCOPY ពណ៌ស (បិទពណ៌ខ្មៅ) គ្មានស្លាកលេខ ចំនួន ០១ គ្រឿង
•ម៉ូតូម៉ាក SUZUKI NEX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1AT-0907 ចំនួន ០១ គ្រឿង ។
វត្ថុតាងម៉ូតូ ២គ្រឿងបានរក្សាទុកនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីស្វែងរកម្ចាស់តាមច្បាប់ ដោយមានការឯកភាពពី ឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ។
ចំពោះជនសង្ស័យទាំង ២នាក់ខាងលើ ត្រូវបានកសាងសំណុំរឿង និងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង