ខំទៅខ្ចីលុយមីក្រូហិរញ្ញវត្ថុ យកមកធ្វើផ្ទះមិនទាន់រួចរាល់ ត្រូវភ្លៀងខ្យល់កន្ត្រាក់រលំផ្ទះ គួចប៉ើងដំបូលហោះជាង១០០ម៉ែត្រ បុកដើមត្នោតទៅធ្លាក់លើរោងការ របស់អ្នកក្នុងភូមិ

ស្វាយរៀង ៖ កាលពី ល្ងាចថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ នៅក្នុងភូមិបុសមន ឃុំបុសមន ស្រុករំដួល ខេត្តស្វាយរៀង ។
ផ្ទះប្រជាពលរដ្ឋមួយគ្រួសារដោយសារតែជីវភាពក្រីក្រខំទៅខ្ចីលុយមីក្រូហិរញ្ញវត្ថុយកមកធ្វើផ្ទះ គ្រាន់បានជាទីជម្រក សាងសង់មិនទាន់រួចរាល់ផង បែរជាជួបគ្រោះភ្លៀងខ្យល់កន្ត្រាក់ បាក់រលំផ្ទះ គួចប៉ើងដំបូលហោះជាង១០០ម៉ែត្រ បុកដើមត្នោតទៅធ្លាក់លើរោងការរបស់អ្នកក្នុងភូមិ បណ្តាលឱ្យរងខូចខាតបន្ថែមទៀត តែសំណាងល្អ មិនបង្កឱ្យអ្នកណារងរបួស ។

ផ្ទះដែលខ្យល់កន្ត្រាក់គួចបាក់ ជាផ្ទះតៀម ស័ង្កសី ទំហំ៥ម៉ែត្រx៦ម៉ែត្រ កំពុងសាងសង់ ជិតរួចរាល់ទៅហើយ បែរជាជួបត្រូវជួបគ្រោះធម្មជាតិទៅវិញ ។ម្ចាស់រងគ្រោះ ឈ្មោះ ស្រី ផាន់ ភេទស្រី អាយុ២៥ឆ្នាំ មុខរបរកម្មកររោងចក្រ មានប្តី និងកូនប្រុស១នាក់ ក្នុងបន្ទុកគ្រួសារ ។
បើតាមលោក ធារ៉ា ត្រូវជាសាច់ញាតិ ខាងផ្ទះដែលរៀបចំពិធីមង្គលការ រស់នៅក្នុងភូមិកើតហេតុ បានឱ្យដឹងថា ក្រុមគ្រួសាររបស់គាត់ មានកម្មវិធីរៀបមង្គលការក្មួយនៅថ្ងៃស្អែក រោងការក៏សង់រៀបចំរួច ស្រាប់តែនៅម៉ោងខាងលើ មានភ្លៀងខ្យល់កន្ត្រាក់ បក់បោកយ៉ាងខ្លាំង ធ្វើឱ្យផ្ទះតៀមស័ង្កសីមួយខ្នង កំពុងសាងសង់ បាក់រលំ ប៉ើងគួចដំបូល ហោះបុកដើមត្នោត ដាច់មួយដើម ហើយខ្ទាតធ្លាក់លើរោងការ សំណាងល្អ មិនបង្កឱ្យអ្នកណារងរបួស ។
លោកបន្តទៀតថា ម្ចាស់ផ្ទះរងគ្រោះ ក្នុងមានភាពក្រីក្រ ជីវភាពកំពុងខ្វះខាតផង ខំខ្ចីលុយមីក្រូហិរញ្ញវត្ថុ យកមកសង់ផ្ទះគ្រាន់បានជ្រក ខណៈដែលសង់មិនទាន់រួចរាល់ផង ត្រូវបានខ្យល់គួច កាច់បំបាក់ផ្ទះ ប៉ើងទាំងដំបូល ខ្ចាត់ខ្ចាយ ជាង១០០ម៉ែត្រ មកខាងរោងការ ។
ប្រជាពលរដ្ឋផ្ទះរងគ្រោះ ដោយមើលឃើញភាពក្រីក្រពេក លោកបានអំពាវនាវផងដែរ ដល់អាជ្ញាធរ សមត្ថកិច្ច សប្បុរសជន មេត្តាជួយដល់ស្ត្រីម្ចាស់ផ្ទះរងគ្រោះផង ៕

អត្ថបទដែលជាប់ទាក់ទង