បញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធ ករណីលួចម៉ូតូ នៅក្រុងប៉ោយប៉ែត
បន្ទាយមានជ័យ៖ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ មាស ចំរើន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ករណីបាត់ម៉ូតូម៉ាក ហុងដា ZOOMER-X ពណ៌ស លាយពណ៌ទឹកក្រូច ផលិតឆ្នាំ២០១៧ (ភ្ជាប់ប្រព័ន្ធ GPS) កាលពីវេលាម៉ោ២២ និង០០នាទី ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចបន្ទប់ជួលផ្សាររាត្រីទឹកពុះ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងបានប្រទះឃើញម៉ូតូចតនៅចំណតផ្ញើម៉ូតូមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត។ បន្ទាប់ពីទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះខាងលើ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះដល់ទីតាំងផ្ញើម៉ូតូរបស់មន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត និងធ្វើវិធានការស្រាវជ្រាវ ឃ្លាំមើលរហូតដល់វេលាម៉ោង១៨ និង០០នាទី ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ស្រាប់តែឃើញមានអ្នកទៅយកម៉ូតូ នៅកន្លែងផ្ញើម៉ូតូខាងលើ ពេលនោះកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ប៉ោយប៉ែត ក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ យួន ពិសិដ្ឋ ភេទប្រុស អាយុ៤៨ឆ្នាំ មានមុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដក្នុងក្រុងប៉ោយប៉ែត ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីសួរនាំតាមនីតិវិធី។
ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានទៅយកម៉ូតូម៉ាកស៊ូម័រX នៅកន្លែងផ្ញើម៉ូតូរបស់មន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែតពិតប្រាកដមែន។ ដោយថាម៉ូតូនោះជាម៉ូតូអ្នកស្គាល់គ្នា ឈ្មោះ ស្នា ឱ្យខ្លួនទៅយកនៅមន្ទីរពេទ្យ ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។
ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ប៉ោយប៉ែត កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បន្ទាយមានជ័យ បន្ទាយមានជ័យ ចាត់ការបន្តតាមនីតិវិធី។
ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បន្ទាយមានជ័យ បញ្ជូនទៅសាលាដំបូងខេត្ត បន្ទាយមានជ័យ ហើយ នៅថ្ងៃព្រហស្បត៍ ទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕