ទីបំផុត! ឃាត់រថយន្តមួយគ្រឿង ដែលបើកជែងកៀរថយន្ត នៅរាជធានីភ្នំពេញ និងខេត្តកែបកន្លងមក

ខេត្តព្រះសីហនុ ៖ ក្រោយពីឃើញការបង្ហោះចែកចាយតាមបណ្តាញសង្គម ថាមានរថយន្តមួយគ្រឿងបើកបរមានលក្ខណៈលឿនជែងកៀរថយន្តមួយចំនួន នៅផ្លូវ៦០ម៉ែត្រ រាជធានីភ្នំពេញ និងខេត្តកែបរួចមក ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានដាក់បទបញ្ជារឲ្យកម្លាំងជំនាញពិនិត្យមើលតាមបណ្តាគោលដៅនានាទូទាំងខេត្តព្រះសីហនុ ។

ជាលទ្ធផល នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ ២០២៥ វេលាម៉ោង ១៨និង១៥នាទី លេីផ្លូវ១០០ ត្រង់ចំណុច វេទិកា៧មករា ស្នាក់នៅក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ។ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ឃាត់បានរថយន្ដ ០១គ្រឿងម៉ាក FORD F150 ពណ៌ស ពាក់ផ្លាកលេខកម្ពុជាSYA.0809 បេីកបរដោយឈ្មោះ WANG YONGSEN ភេទ ប្រុស ឆ្នាំកំណើត1989 ជនជាតិ ចិន មានបណ្ណបេីកបរកម្ពុជាប្រភេទ ខ(B) លេខB.00374820 ចុះថ្ងៃទី07-04-2025 សុពលភាពរយៈពេល ១ឆ្នាំ ដែលពាក់ព័ន្ធនឹងករណីបេីកបរវ៉ាជែង នៅរាជធានីភ្នំពេញ និងប៉ះរថយន្ដ ១គ្រឿងទៀតនៅខេត្តកែប ។
បច្ចុប្បន្នរថយន្តខាងលើ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បណ្តោះអាសន្ន ។
ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សូមជម្រាបជូនថា តាមចម្លើយអ្នកបើកបរខាងលើ បានទទួលស្គាល់កំហុសគ្រប់បែបយ៉ាងដូចដែលផ្សាយតាមបណ្តាញសង្គម និងព្រមទទួលខុសត្រូវចំពោះការខូចខាតទៅលើរថយន្តផ្សេងៗដែលបានប៉ះពាល់ ៕

អត្ថបទដែលជាប់ទាក់ទង