ឃា..ត់ខ្លួនមនុស្ស២នាក់ ក្លែងឯកសារសាធារណៈដើម្បីធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
(ភ្នំពេញ)៖ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យ០២នាក់ ក្នុងចំណោមបក្ខពួកចំនួន៣នាក់ ដែលបានរួមគ្នាក្លែងបន្លំឯកសារសាធារណៈខុសច្បាប់ ដើម្បីធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។
យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ជនសង្ស័យឃាត់ខ្លួន២នាក់៖
*ទី១៖ ឈ្មោះ ស៊ន ហុងឆេង អាយុ៤៨ឆ្នាំ មុខរបររត់ម៉ូតូកង់៣ ស្នាក់នៅភូមិអណ្តូង សង្កាត់គោករកា ខណ្ឌព្រែកព្មៅ។
*ទី២៖ ឈ្មោះ វ៉ាន់ ចាន់ទ្រា អាយុ៣០ឆ្នាំ មុខរបររត់ម៉ូតូកង់៣ ស្នាក់នៅភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។ ពួកគេត្រូវបានឃាត់ខ្លួនករណីក្លែងឯកសារសាធារណៈ (ត្រាបានចុះស្ថិតិ) នៅចំណុចនាយកដ្ឋាន អត្តសញ្ញាណកម្ម នៅភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី០២ខែឧសភាឆ្នាំ២០២៥វេ លាម៉ោង១០ និង៣០នាទី។
តាមរបាយការណ៍បានបញ្ជាក់ថា មុនពេលកើតហេតុជនសង្ស័យឈ្មោះ វ៉ាន់ ចាន់ទ្រា បើក ម៉ូតូកង់៣ដឹកឈ្មោះ សុខ ចាន់សុខគា ពីផ្សារអ៉ីអន២ មកធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៅនាយកដ្ឋានអត្តសញ្ញាណកម្ម (ចំណុចកើតហេតុ) ខាងលើ ពេលនោះមន្រ្តីជំនាញពិនិត្យលើសៀវភៅស្នាក់នៅឃើញពុំមានបោះត្រា «បានចុះស្ថិតិ» ក៏ប្រាប់ឈ្មោះ សុខ ចាន់សុខគា ថាធ្វើពុំបានទេ ឯកសារខ្វះត្រា។
ស្រាប់តែបន្ទាប់មកឈ្មោះ សុខ ចាន់សុខគា បានដើរចេញមកវិញ ក៏បានជួបជនសង្ស័យឈ្មោះ ស៊ន ហុងឆេង និងឈ្មោះ វ៉ាន់ ចាន់ទ្រា ប្រាប់ថា ធ្វើអត់បានទេ ប៉ុន្តែឈ្មោះ ស៊ន ហុងឆេង បានប្រាប់ថា ធ្វើឱ្យបានយក១០ម៉ឺនរៀល រួចក៏យកសៀវភៅស្នាក់នៅ ទៅជួបបក្ខពួកម្នាក់ទៀតឈ្មោះ ខ្មៅ ជាអ្នកបោះត្រា «បានចុះស្ថិតិ» លើសៀវភៅស្នាក់នៅ យកតែតម្លៃ២ម៉ឺនរៀល។
ឈ្មោះ សុខ ចាន់សុខគា ក៏បានកាន់សៀវភៅស្នាក់នៅនោះទៅជួបមន្រ្តីជំនាញដើម្បីធ្វើអត្តសញ្ញាណប័ណ្ណ ខណ:នោះមន្រ្តីជំនាញសួរថា ធ្វើនៅទីណាឯកសារនេះលឿនម្ល៉េះ? ឈ្មោះ សុខ ចាន់សុខគា ក៏និយាយប្រាប់រឿង ហេតុខាងលើ រួចនាយកដ្ឋានអត្តសញ្ញាណកម្ម ក៏រាយការណ៍មកសមត្ថកិច្ចខណ្ឌច្បារអំពៅ ចុះទៅឃាត់ខ្លួនឈ្មោះ វ៉ាន់ ចាន់ទ្រា មកសាកសួរ។
លុះដល់ម៉ោង ១៦៖១០នាទី ថ្ងៃដដែលសមត្ថកិច្ចខណ្ឌច្បារអំពៅ សហការជាមួយមន្រ្តីការិយាល័យសន្តិសុខផ្ទៃក្នុង និងខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនឈ្មោះ ស៊ន ហុងឆេង ដកហូតអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ៦សន្លឹក, បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅសាកសួរ។
ជនសង្ស័យទាំង០២នាក់ នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ មន្រ្តីជំនាញបានកសាងសំណុំទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់។ ដោយឡែកចំពោះបក្ខពួកម្នាក់ទៀត ឈ្មោះ ខ្មៅ ដែលធ្វើត្រាក្លែងក្លាយបោះលើឯកសារសៀវ ភៅស្នាក់នៅ សមត្ថកិច្ចកំពុងស្រាវជ្រាវដើម្បីយកចាត់ការតាមនីតិវិធី៕