សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្មថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរគម្រប់៨៩ យាងចូល៩០ព្រះវស្សា

កំពង់ឆ្នាំង ៖ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ បានរៀបចំប្រារព្វព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រីនរោត្តម មុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាពសេចក្តីថ្លៃថ្នូរ និង សុភមង្គល និងព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា គម្រប់ព្រះជន្មាយុ៨៩ យាងចូល៩០ព្រះវស្សា ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង និងឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង និងអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ សមាជិក សមាជិការ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំឆ្នាំង លោកលោកស្រីជាថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត យុវជនកាកបាទក្រហមកម្ពុជា ស្ថិតនៅវត្តចន្ទប្បជោត្តនារាម ហៅវត្តតាសុត ស្ថិតនៅឃុំក្រាំងលាវ ស្រុករលាប្អៀរ ។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង បានអានសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រីនរោត្តម មុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាពសេចក្តីថ្លៃថ្នូរ និង សុភមង្គល បញ្ជាក់ថា៖ ទូលបង្គំជាខ្ញុំក្នុងនាមក្រុមប្រឹក្សា អភិបាលនៃគណៈអភិបាលខេត្ត ព្រះសង្ឃ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋ ទូទាំងខេត្តកំពង់ឆ្នាំង មានសេចក្តីសោមនស្សរីករាយជាទីបំផុត ក្នុងឱកាសដ៏សែននក្ខត្តឫក្សនិងថ្លៃថ្លាបំផុតនៃទិវាប្រារព្ធពិធីចម្រើនព្រះជន្មសម្ដេចព្រះមហាក្សត្រីនរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងពេលនេះ សូមព្រះបរមរាជានុញ្ញាតលំឱនកាយថ្វាយព្រះរាជសព្ទសាធុការពរ បវរសួស្តី សិរីវឌ្ឍនាជយាមហាប្រសើរថ្វាយ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សូមព្រះអង្គប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួនខ្លាំងក្លា ព្រះបញ្ញាញាណភ្លឺថ្លាវាងវៃ ព្រះជន្មទីឃាយុយឺនយូរជាងរយព្រះវស្សា ដើម្បីព្រះអង្គគង់ប្រថាប់ជាមហាម្លប់ដ៏ត្រជាក់ត្រជំសម្រាប់ប្រជាពលរដ្ឋជាកូន ចៅ ចៅទួតរបស់ព្រះអង្គជ្រកកោនក្នុងក្តីសុខក្សេមក្សាន្តជានិច្ចនិរន្តរ៍។
ឯកឧត្តម បានគោរព និងចងចាំជានិច្ចនូវស្នាព្រះហត្ថព្រះរាជសកម្មភាពសម្ដេចម៉ែ សម្ដេចយាយជាអម្ចាស់ ក្នុងព្រះរាជបេសកកម្មបម្រើប្រទេសជាតិមាតុភូមិ ក្នុងវិស័យមនុស្សធម៌ និងសូមបួងសួងថ្វាយព្រះពរជ័យមហាប្រសើរថ្វាយសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គរមានព្រះរាជសុខភាពល្អបរិបូណ៌ព្រះកាយពលមាំមួន ព្រះជន្មយឺតយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់របស់ប្រជារាស្ត្រជា កូនចៅ ចៅទួតរបស់ព្រះអង្គតរៀងទៅ។
នៅក្នុងឱកាសនោះ គណៈអធិបតីភាព បានថ្វាយផ្កា ថ្វាយព្រះពរសម្តេចព្រះមហាក្សត្រីនរោត្តម មុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាពសេចក្តីថ្លៃថ្នូរ និង សុភមង្គល និង ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ព្រមទាំងបានជូនអំណោយដល់ប្រជាពលរដ្ឋងាយរងគ្រោះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង