លោក ជា ធីរិទ្ធ ៖ តាំងពីមានជម្លោះព្រំដែនជាមួយថៃ ខ្ញុំតែងឮសម្តេចតេជោមានប្រសាសន៍ថា រឿងបងប្អូនធម៌ជារឿងមួយ តែរឿងទឹកដីជារឿងជាតិ មិនអាចយកមកលាយឡំជាមួយរឿងទឹកដី ហេីយឲ្យគេប្រមាថនិងឈ្លានពានបានទេ
(ភ្នំពេញ)៖ លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥នេះ បានលើកឡើងតាមបណ្តាញសង្គមថា តាំងពីមានជម្លោះព្រំដែនជាមួយថៃ លោកតែងឮសម្តេចតេជោមានប្រសាសន៍ថា រឿងបងប្អូនធម៌ជារឿងមួយ តែរឿងទឹដីជារឿងជាតិ មិនអាចយកមកលាយឡំជាមួយរឿងទឹកដី ហេីយឲ្យគេប្រមាថនិងឈ្លានពានបានទេ។
ការលើកឡើងរបស់ លោក ជា ធីរិទ្ធ បានធ្វើឡើបន្ទាប់ពីមានសារសំឡេងសន្ទនាតាមទូរសព្ទមួយ គឺនាយករដ្ឋមន្ត្រីថៃ បានអង្វរសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ចរចារឿងបើកច្រកព្រំដែន ប៉ុន្តែត្រូវបានសម្តេចតេជោ បដិសេធ ហើយថាទាល់តែខាងកងទ័ពថៃដែលជាអ្នកបិទនោះបើកមុនសិន។ សារសំឡេងនេះត្រូវបានគេដាក់សំណួរថា តើទំនាក់ទំនងបងប្អូនធម៌រវាងសម្តេចតេជោ ជាមួយត្រកូលថាក់ស៊ីន ត្រូវបែកបាក់ ឬយ៉ាងណា?
លោក ជា ធីរិទ្ធ បានបញ្ជាក់យ៉ាងដូច្នេះថា «តាំងពីមានជម្លោះព្រំដែនជាមួយថៃ ខ្ញុំតែងឮសម្តេចតេជោមានប្រសាសន៍ថា រឿងបងប្អូនធម៌ជារឿងមួយ តែរឿងទឹដីជារឿងជាតិ មិនអាចយកមកលាយឡំជាមួយរឿងទឹកដី ហេីយឲ្យគេប្រមាថនិងឈ្លានពានបានទេ។ ខ្ញុំហ៊ាននិយាយថា គ្មានសម័យកាលណា ដែលថៃញញេីតខ្មែរជាងសម័យតេជោ និងធិបតីនោះទេ។ បេីអានប្រវត្តិសាស្រ្ត មេដឹកនាំខ្មែរខ្លះកាលពីអតីតកាល ធ្លាប់ត្រូវបានសៀមប្រេីប្រាស់»៕