ឯកឧត្តម វង សូត អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋានភូមិ-ឃុំ ក្នុងស្រុកពញាក្រែក

ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា អមដំណើរដោយឯកឧត្តម លោកជំទាវតំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ និងឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខអាជ្ញាធរមូលដ្ឋានភូមិ-ឃុំ ទូទាំងស្រុកពញាក្រែក ក្នុងខេត្តត្បូងឃ្មុំ ។
ក្នុងអង្គពិធី ឯកឧត្តម វង សូត បានថ្លែងអំណរគុណ និងកោតសរសើរក្រុមការងារទាំងអស់ ដែលបានខិតខំប្រឹងប្រែង គាំទ្រ និងផ្តល់ឱកាសជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការបន្តវេនដឹកនាំ រាជរដ្ឋាភិបាល នីតិកាលទី៧ ។ ក្រោមការដឹកនាំរដ្ឋាភិបាលបន្តវេន បានធ្វើឱ្យប្រទេសជាតិកាន់តែរីកចម្រើនជឿនលឿន នឹងក្លាយទៅជាប្រទេសមានចំណូលមធ្យម និងខ្ពស់ តាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ។
ក្នុងឱកាសនោះឯកឧត្ដម បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរស្រុកពញាក្រែក ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ និងជំរុញឱ្យខិតខំបន្តទៀត ក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន បន្តផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ផ្ដល់សេវាសាធារណៈប្រកបដោយសីលធម៌ខ្ពស់ស័ក្តិសមជា
មន្ត្រីបម្រើរាស្ត្រ និងត្រូវប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយពលរដ្ឋ ដើម្បីដឹងពីសុខទុក្ខ និងតម្រូវការរបស់ពួកគាត់ និងដោះស្រាយបញ្ហាផ្សេងៗឱ្យបានទាន់ពេលវេលា។
ក្នុងឱកាសនោះដែរ ឯកឧត្តម វង សូត បានលើកឡើងថា សមាជរដ្ឋសភា-ព្រឹទ្ធសភា រៀបចំឡើងជាលើកដំបូងកាលពីថ្ងៃទី ២-៣ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជាប្រធានសមាជ ដោយបានលើកយកប្រធានបទចំនួន៣ គឺ១- ប្រព័ន្ធគាំពារសង្គម, ២- សេដ្ឋកិច្ចក្រៅប្រព័ន្ធ, ៣- វិស័យកសិកម្ម មកជជែកពិភាក្សាដេញដោល យ៉ាងផុសផុល។ សមាជរដ្ឋភា-ព្រឹទ្ធសភាជាប្រវត្តិសាស្រ្តនេះ បានរៀបចំឡើងរយៈពេល២៨ម៉ោង ដោយមានការអញ្ជើញចូលរួមពីគណៈរដ្ឋមន្រ្តីមកពីវិស័យពាក់ព័ន្ធនានា ដឹកនាំដោយ សម្ត្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីបង្ហាញពីកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលជូនអង្គសមាជ និងឆ្លើយតបរាល់សំណូមពរផ្សេងៗពីអង្គសមាជ។
ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តម បានជម្រាបថា អង្គសមាជបានឯកភាពគ្នាជាឯកច្ឆ័ន្ទក្នុងការចេញសេចក្តីថ្លែងការគាំទ្រយន្តការដោះស្រាយបញ្ហាព្រំដែនរបស់រាជរដ្ឋាភិបាល ជាមួយប្រទេសថៃ និងគាំទ្រការនាំយកបញ្ហា ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបីទៅដោះស្រាយនៅតុលាការយុត្តិធម៍អន្តរជាតិ (ICJ)។
លើសពីនេះ ឯកឧត្តមបានបញ្ជាក់ថា ការលើកយកប្រធានបទទាំង៣ខាងលើនេះ មកពិភាក្សា បង្ហាញពីការយកចិត្តទុកដាក់របស់អង្គសមាជ ក្នុងការលើកស្ទួយ និងទ្រទ្រង់ជីវភាព សុខមាលភាពប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងប្រជាពលរដ្ឋដែលស្ថិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធផងដែរ។
ឯកឧត្តមបានបង្ហាញចំណាប់អារម្មណ៍ចំពោះការពិភាក្សាអំពីវិស័យកសិកម្ម ដែលជាវិស័យចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងសេដ្ឋកិច្ចជាតិ។ ឯកឧត្តម បានគាំទ្រចំពោះកម្មវិធីនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ក្នុងការលើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សា ការរក្សាលំនឹងថ្លៃកសិផលតាមរយៈកម្មវិធីហិរញ្ញប្បទាន ការពង្រាយមន្ត្រីកសិកម្មឃុំ-សង្កាត់ និងការបង្កើតសហគមន៍កសិកម្មទំនើប។ ឯកឧត្តមក៏បានកោតសរសើរចំពោះការប្តេជ្ញាដាក់ចេញនូវយន្តការថ្មីៗក្នុងការអភិវឌ្ឍវិស័យកសិកម្ម ដូចជាដាក់ទិសដៅផលិតផលកសិកម្មតាមស្តង់ដារ និងការជំរុញការផលិតនិងប្រើប្រាស់ជីក្នុងស្រុកជាដើម។
ឯកឧត្តម បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានប្តេជ្ញាចិត្តដ៏មោះមុតក្នុងការថែរក្សា «សន្តិភាព» និងការតម្កល់ «សន្តិភាព» ជាគុណតម្លៃខ្ពស់បំផុត គឺគ្មានការប្រែប្រួលជាដាច់ខាត ទោះបីក្នុងតម្លៃណាក៏ដោយ។ ដោយសារកត្តាសន្តិភាពទើបប្រទេសជាតិមានការអភិវឌ្ឍជឿនលឿន ប្រជាពលរដ្ឋមានជីវភាពធូរធា ដែលផ្តល់ឱកាសឱ្យប្រជាពលរដ្ឋចូលរួមធ្វើទេសចរណ៍លេងកម្សាន្តយ៉ាងសប្បាយរីករាយ នៅទូទាំប្រទេស។
ក្នុងឱកាសនោះ ឯកឧត្តម វង សូត បានឧបត្ថម្ភថវិកា ចែកជូនដល់សមាជិក សមាជិកា
៤៣៧នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា ៥ម៉ឺនរៀល និងឧបត្ថម្ភសាលាស្រុកពញាក្រែកថវិកាចំនួន ១លានរៀនផងដែរ។
បន្ទាប់ពីបញ្ចប់ការជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋានភូមិ-ឃុំ ទូទាំងស្រុកពញាក្រែក ក្នុងខេត្តត្បូងឃ្មុំ រួចមក ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា អមដំណើរដោយឯកឧត្តម កែវ ពិសិដ្ឋ ឯកឧត្តម សន សារ៉ាណា និងលោកជំទាវ សាន្ត អារុណ តំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ និងឯកឧត្តម លោកជំទាវជាទីប្រឹក្សា ជំនួយការ បានអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់អគារសិក្សាថ្មីក្នុងវិទ្យាល័យ ហ៊ុន សែនពញាក្រែក ស្ថិតនៅឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ក្នុងឱកាសនោះឯកឧត្តម បានឧបត្ថម្ភថវិកាជូនដល់ តំណាងលោកគ្រូ អ្នកគ្រូចំនួន ១០នាក់ ក្នុងម្នាក់ៗ ថវិកា ៥ម៉ឺនរៀល សិស្សានុសិស្ស៤០នាក់ ក្នុងម្មាក់ៗថវិកា២ម៉ឺនរៀល និងកម្មករសាងសង់១២នាក់ ក្នុងម្នាក់ថវិកា៥ម៉ឺនរៀលផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង