ឧត្តមសេនីយ៍ឯក សៀក សុជាតិ អញ្ជើញបំពេញទស្សនកិច្ច នៅទីក្រុងទីណាននីង ប្រទេសចិន
(ភ្នំពេញ)៖ នារសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ឯក សៀក សុជាតិ រដ្ឋលេខាធិការក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ អញ្ជើញចូលរួមបំពេញ ទស្សនកិច្ច នៅទីក្រុងទីណាននឹង ខេត្តគួងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន។
ជាតំណាងដ៏ខ្ពង់ខ្ពស់នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, ឧត្តមសេនីយ៍ឯក សៀក សុជាតិ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទស្សនកិច្ច និងត្រួតពិនិត្យការងារនៅក្រុមហ៊ុន Guangxi Courtri Satellite Technology System Co.Ltd និងសាកលវិទ្យាល័យ Guangxi University for Nationalities។
នៅក្នុងដំណើរទស្សនកិច្ចនៅទីក្រុងណាននីង ប្រទេសចិន ឧត្តមសេនីយ៍ឯក សៀក សុជាតិ នឹងជួបពិភាក្សាការងារមួយចំនួនជាមួយថ្នាក់ដឹកនាំទីក្រុងណាននីង និងមន្រ្តីមួយចំនួនទៀតផងដែរ។ សម្រាប់ទស្សនកិច្ចនេះ ត្រូវបានលោកឧត្តមសេនីយ៍ឯក សៀក សុជាតិ ចាត់ទុកថា ជាការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែប្រសើរឡើងរវាងស្ថាប័នក្រសួងការពារជាតិ នៃប្រទេសទាំង២ ដែលកំពុងមានដំណើរការយ៉ាងល្អប្រសើរ នៅពេលបច្ចុប្បន្ននេះ។
សូមបញ្ជាក់ថា ទីក្រុងណាននីង នៃប្រទេសចិន គឺជាទីកន្លែងដែលកម្ពុជាបានចូលរួមក្នុងពិព័រណ៍ចិន-អាស៊ានជាច្រើនលើកច្រើនសារ។ ជាមួយគ្នានេះ ទាំងសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏ធ្លាប់បានអញ្ជើញបំពេញទស្សនកិច្ចមិនតិចដងនោះឡើយនៅទីក្រុងធំមួយនេះ ហើយក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា តែងតែបានបង្ហាញផលិតផលរបស់ខ្លួន នៅទីនោះផងដែរ ដើម្បីធ្វើការផ្សព្វផ្សាយផលិតផល និងស្វែងរកដៃគូពាណិជ្ជកម្ម ជាពិសេសសម្រាប់ទីផ្សារចិន ព្រមទាំងលើកកម្ពស់វិស័យសេដ្ឋកិច្ច ទេសចរណ៍ និងវប្បធម៌ជាតិ ។
នាពេលថ្មីៗកន្លងមកនេះ ថ្នាក់ដឹកនាំជាន់ខ្ពស់ប្រទេសទាំងពីរកម្ពុជា-ចិន បានធ្វើការវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍយ៉ាងធំធេង នៃទំនាក់ទំនងកម្ពុជា-ចិន បានពូនជ្រំដោយយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំជំនាន់ក្រោយៗ នៃប្រទេសទាំងពីរ បាននិងកំពុងបន្តរីកចំរើនកាន់តែរឹងមាំឥតឈប់ឈរថែមទៀត នៅក្នុងរយៈពេល៦៧ឆ្នាំ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូត។
ថ្នាក់ដឹកនាំប្រទេសទាំងពីរបានប្តេជ្ញាចិត្តយ៉ាងមុតមាំថា ទោះបីស្ថានភាពអន្តរជាតិមានការប្រែប្រួល ស្មុគស្មាញយ៉ាងណាក្តី ប៉ុន្តែប្រទេសយើងទាំងពីរនៅតែអភិវឌ្ឍន៍ឥតឈប់ឈរ និងពង្រឹងទំនាក់ទំនងមិត្តភាពយូរអង្វែង បានធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីផលប្រយោជន៍ទៅវិញទៅមក ក្នុងគោលបំណងលើកកម្ពស់ការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ នៅក្នុងយុគសម័យថ្មីនេះ។ ថ្នាក់ដឹកនាំប្រទេសទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនានាសម្រេចបាន គឺជាឆន្ទៈបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងមិត្តភាពជាប្រពៃណីតាមរយៈថ្នាក់ដឹកនាំជំនាន់ក្រោយៗ។
ថ្នាក់ដឹកនាំកម្ពុជា បានសម្តែងការកោតសរសើរនូវសមិទ្ធផលដ៏ធំធេងរបស់ប្រទេសចិនក្នុងទសវត្សរ៍នៃយុគសម័យថ្មី និងទំនើបភាវូបនីយកម្មរបស់ចិន ដែលបានផ្តល់នូវជម្រើសដល់ទំនើបភាវូបនីយកម្មសម្រាប់មនុស្សជាតិ និងកាលានុវត្តភាពថ្មីៗសម្រាប់កម្ពុជា។ ថ្នាក់ដឹកនាំកម្ពុជា ជឿជាក់ថា ប្រទេសចិននឹងសម្រេចបាននូវគោលដៅសតវត្សទី២របស់ខ្លួន ក្នុងការកសាងប្រទេសសង្គមនិយមទំនើបដ៏អស្ចារ្យមួយលើគ្រប់វិស័យ ដើម្បីក្លាយជាប្រជាជាតិរុងរឿង តាមរយៈទំនើបភាវូបនីយកម្មរបស់ចិន។
ថ្នាក់ដឹកនាំកម្ពុជា បានបញ្ជាក់ជំហរជាថ្មីអំពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវ «គោលនយោបាយចិនមួយ» ដែលរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន គឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ តំណាងឱ្យប្រទេសចិនទាំងមូល ហើយតៃវ៉ាន់គឺជាផ្នែកមួយមិនអាចកាត់ផ្តាច់ចេញពីទឹកដី និងជាកិច្ចការផ្ទៃក្នុងរបស់ចិន ដែលមិនអនុញ្ញាតឱ្យមានការជ្រៀតជ្រែកពីបរទេសឡើយ។ កម្ពុជាប្រឆាំងរាល់ការប៉ុនប៉ងនានាក្នុងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន ឬរារាំង ឬទប់ទល់នឹងប្រទេសចិន ក្រោមឧបាយកល ឬសកម្មភាពក្នុងទម្រង់ណាមួយដែលមានគោលបំណងបំបែកបំបាក់ប្រទេសចិន៕