ឯកឧត្តម ឌិត ទីណា ស្នើវិស័យធនាគារជួយពិនិត្យលទ្ធភាពក្នុងការផ្តល់អត្រាការប្រាក់ទាបដល់កសិករ
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកទឹកចិត្តដល់វិស័យធនាគារពិនិត្យលទ្ធភាពក្នុងការផ្តល់ទុនកម្ចីក្នុងទំហំធំ ជាមួយការប្រាក់ ៧% បូករួមជាមួយនឹងការចំណាយផ្សេងៗ ជាមួយនឹងការផ្តល់សេវាកម្មល្អ រហ័សទាន់ពេលវេលា ដើម្បីជួយឱ្យកាន់តែប្រសើរឡើងបន្ថែមទៀតទៅដល់អភិវឌ្ឍន៍សហគមន៍កសិកម្មទំនើប។
ក្នុងទទួលជួបពិភាក្សាការងារ ជាមួយលោក ឌិត សុចល នាយកប្រតិបត្តិធនាគារពាណិជ្ជក្រៅប្រទេសនៃកម្ពុជា (FTB) និងសហការី កាលពីរសៀលថ្ងៃទី៦ មិថុនា ឆ្នាំ២០២៥កន្លងទៅ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានសម្តែងការស្វាគមន៍ដល់ធនាគារ FTB ដែលមានចេតនាពិនិត្យមើលឱកាសចូលរួមគាំទ្រ និងផ្តល់កិច្ចសហការក្នុងវិស័យកសិកម្ម ជាពិសេសការផ្តល់ទុនកម្ចីការប្រាក់ទាប ក្នុងការអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើប ដែលជាតម្រូវការចាំបាច់របស់កសិករ។
បើតាម ឯកឧត្តមរដ្ឋមន្ត្រី សហគមន៍កសិកម្មទំនើប ផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់កសិករ មានរចនាសម្ព័ន្ធគ្រប់គ្រងច្បាស់លាស់ និងមានផែនការត្រឹមត្រូវ ដែលធនាគារអាចពិចារណាចូលរួមសហការក្នុងការងារនេះ ក្នុងការលើកកម្ពស់ជីវភាពឱ្យល្អប្រសើរ និងបង្កើនការយល់ដឹង និងទំនុកចិត្តដល់កសិករលើការប្រើប្រាស់ទុនកម្ចីនេះផងដែរ។
ពាក់ព័ន្ធការលើកទឹកចិត្តដល់ភាគីធនាគារពិនិត្យលទ្ធភាពក្នុងការផ្តល់ទុនកម្ចីក្នុងទំហំធំ ជាមួយការប្រាក់ ៧% ខាងលើនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា គឺសំដៅផ្តល់ផលចំនេញទាំងអស់គ្នាទៅវិញទៅមក និងឈានទៅរកការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងធនាគារ FTB ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់៕