កម្ពុជា-អាមេរិក បញ្ចប់កិច្ចប្រជុំលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការជុំទី២ ដោយឈរលើស្មារតីយោគយល់គ្នាខ្ពស់ និងបន្តប្រជុំជុំទី៣ នៅរដ្ឋធានីវ៉ាស៊ីនតោន នាពេលឆាប់ៗខាងមុខ
ភ្នំពេញ៖ កម្ពុជា-អាមេរិកបញ្ចប់កិច្ចប្រជុំកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការជុំទី២ ដោយឈរលើស្មារតីយោគយល់គ្នាខ្ពស់ និងបន្តប្រជុំជុំទី៣ ដោយផ្ទាល់ នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិកនាពេលឆាប់ៗខាងមុខ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនៅល្ងាចថ្ងៃទី៧ ខែមិថុនានេះ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានឱ្យដឹងថា នៅថ្ងៃទី៤ ដល់ ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង លោកជំទាវ ចម និម្មល រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម បានដឹកនាំក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនង ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី កម្ពុជា-សហរដ្ឋអាម៉េរិក ចូលរួមកិច្ចប្រជុំចរចាជុំទី២ ស្តីពី កិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាងកម្ពុជា និង សហរដ្ឋអាម៉េរិក ជាមួយភាគីសហរដ្ឋអាម៉េរិក ដឹកនាំដោយ លោកជំទាវ Sarah Ellerman អនុប្រធានតំណាង ពាណិជ្ជកម្មសហរដ្ឋអាម៉េរិកទទួល បន្ទុកតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក។
ក្នុងកិច្ចប្រជុំចរចាជុំទី២នេះ ភាគីទាំងពីរបានបន្តពិភាក្សាគ្នាលើអត្ថបទសេចក្តីព្រាងកិច្ចព្រមព្រៀង ពាណិជ្ជកម្មបដិការ ដោយឈរលើស្មារតីយោគយល់គ្នាខ្ពស់ និងបានឈានទៅឯកភាពគ្នាលើបញ្ញត្តិជាច្រើន។
«ភាគីទាំងពីរ គ្រោងនឹងរៀបចំកិច្ចប្រជុំចរចាជុំទី៣ នាពេលឆាប់ៗខាងមុខនេះដោយផ្ទាល់ នៅរដ្ឋធានីវ៉ាស៊ីនតោន»។ នេះបើតាមការបញ្ជាក់នៅក្នុងសេចក្ដីប្រកាសព័ត៌មាន។
សូមជម្រាបថា រាជរដ្ឋាភិបាលដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជា នាយករដ្ឋមន្ត្រី នឹងបន្ត ធ្វើកិច្ចការងារនេះដោយយកចិត្តទុកដាក់បំផុត៕