ខេត្តរតនគិរី ជាខេត្តដែលមានចម្ងាយឆ្ងាយជាងគេ ធៀបនឹងបណ្តាខេត្តទូទាំងប្រទេស តែរាជរដ្ឋាភិបាលមិនបានមើលរំលង ឬទុកចោលនោះទេ ដោយបានដាក់ចេញនូវគោលនយោបាយ និងផែនការអភិវឌ្ឍ និងការតភ្ជាប់យ៉ាងច្រើន រួមទាំងហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍលើគ្រប់វិស័យ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីសម្ពោធអគារសិក្សា អគារទីចាត់ការ អគារសយនដ្ឋាន និងអគារពិសោធន៍ ស្ថិតក្នុងសង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី នាព្រឹកថ្ងៃសៅរ៍ ទី៧ ខែមិថុនា ឆ្នាំ២០២៥ ថាខេត្តរតនគិរី ជាខេត្តដែលមានចម្ងាយឆ្ងាយជាងគេ ធៀបនឹងបណ្តាខេត្តទូទាំងប្រទេស តែរាជរដ្ឋាភិបាលមិនបានមើលរំលង ឬទុកចោលនោះទេ ដោយបានដាក់ចេញនូវគោលនយោបាយ និងផែនការអភិវឌ្ឍ និងការតភ្ជាប់យ៉ាងច្រើន រួមទាំងហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមស្ថិរភាព ក្រោមម្លប់សន្តិភាព ហើយបន្តដើរទៅមុខជានិច្ច។ ការអភិវឌ្ឍនៅទីនេះ គឺមិនមានការរើសអើងនោះទេ ហើយបានជំរុញដល់គ្រប់ជនជាតិខ្មែរយើងបានរួមរស់ជាមួយគ្នា ប្រកបដោយសុខុដមរមនា ហើយធានាបាននូវឱកាសក្នុងការទទួលបានមនុញ្ញផលនៃការអភិវឌ្ឍក្នុងខេត្ត និងផែនការកសាងផ្លូវក្រវាត់ព្រំដែន ក្រោយពីការដកខ្លួនអំពីគម្រោងការអភិវឌ្ឍតំបន់ CLV-DTA គឺយើងរឹតតែមានការអភិវឌ្ឍតាមព្រំដែន តាមរយៈការអភិវឌ្ឍ ដោយយកប្រជាជនជាខឿនការពារ ជាតិ, ការពារទឹកដី, បើកច្រកសេដ្ឋកិច្ច, ជំរុញប្រជាជនទៅរស់នៅ ដែលនឹងក្លាយជារបងការពារទឹកដីប្រកបដោយប្រសិទ្ធភាពខ្ពស់។
ទន្ទឹមនឹងនេះ, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានបង្ហាញច្បាស់អំពីការអភិវឌ្ឍនៅខេត្តរតនគិរី ដោយថែរក្សាការពារ និងពង្រីកហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ជាពិសេសការលើកកម្ពស់ទីកន្លែងជូនប្រជាជន សម្រាប់កំសាន្តផង និងកីឡាផង។ ជាក់ស្តែង, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ប្រកាសបញ្ជាក់អំពីគម្រោងផ្លាស់ប្តូរមន្ទីរសុខាភិបាលខេត្ត ដែលមានទីតាំងនៅបឹងកន្សែង ដោយផ្លាស់ប្តូរទៅទីតាំងផ្សេង ប្រែក្លាយអគារដែលមានស្រាប់នៅជាទ្រព្យសម្បត្តិសាធារណៈ សម្រាប់ប្រជាជនអាចប្រើប្រាស់ និងជាផលប្រយោជន៍រួម។ ជាមួយគ្នានេះ, ប្រមុខរាជរដ្ឋាភិបាល ក៏បានកោតសរសើររដ្ឋបាលខេត្ត ដែលបានប្រែក្លាយ និងរៀបចំសួនកំសាន្តយ៉ាងស្រស់ស្អាត និងទាក់ទាញសម្រាប់ប្រជាជនទៅសម្រាកលំហែ, លេងកីឡា, អានសៀវភៅ និង សួនកុមារ ដែលផ្តល់នូវសេចក្តីសុខ និងលើកកម្ពស់ការរស់នៅប្រកបដោយសុខុមាលភាព។
ព្រមជាមួយគ្នានេះ, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋខេត្តរតនគិរី និងបណ្តាខេត្តតាមព្រំដែននាទិសឦសានដែលមានជំនឿទុកចិត្តលើរាជរដ្ឋាភិបាល និងនឹងនរក្នុងចិត្ត មិនចាញ់បោកការបំផុសកាលពីកន្លងទៅ ដោយរក្សាបានស្ថិរភាព និងផ្សព្វផ្សាយការពិតដែលកើតមាននៅខេត្តដែលខ្លួនកំពុងរស់នៅ រក្សាបានលំនឹង និងទប់ស្កាត់ការរុញស្ថានការណ៍ធ្លាក់ទៅក្នុងសភាពការមិនល្អ តាមផែនការរបស់ក្រុមជ្រុលនិយមមួយក្តាប់តូច។ រាជរដ្ឋាភិបាល និងប្រជាជន គឺត្រូវរួមគ្នាតែមួយ ដោយផ្តល់សិទ្ធិសេរីភាព ផ្តល់ហិញ្ញវត្ថុ និងចាប់ឱកាស។ តួយ៉ាងការបណ្តុះបណ្តាលលើវិស័យអប់រំថ្ងៃនេះ ប្រសិនបើរាជរដ្ឋាភិបាលខិតខំកសាងអគារសិក្សា ពង្រីកហេដ្ឋារចនាសម្ព័ន្ធជាច្រើនយ៉ាងណា បើបងប្អូនប្រជាជន មិនពេញចិត្ត ហើយមិនជំរុញកូនៗចូលរៀន នោះក៏មិនទទួលបានផលវិជ្ជមានដែរ។
មុននឹងបញ្ចប់, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីជំហរកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយឈរលើយន្តការចំនួន ៣៖ ១/ យន្តការបច្ចេកទេស, ២/ យន្តការអន្តរជាតិ និង៣/ យន្តការយោធា។ ក្នុងនោះ, ទី១/ យន្តការបច្ចេកទេស គឺជាការខិតខំដោះស្រាយព្រំដែន តាមបែបបច្ចេកទេសស្របតាមឯកសារបទដ្ឋានគតិយុត្ត ដោយឈរលើផែនទីដែលគណៈកម្មការកំណត់ព្រំដែនបារាំង-សៀម ជាគោល គឺផែនទី ១/២០០.០០០។ ទី២/ យន្តការអន្តរជាតិ គឺជាយន្តការច្បាប់អន្តរជាតិ ដោយផ្អែកលើមូលដ្ឋានអន្តរជាតិ ហើយ ទី៣/ យន្តការយោធា គឺកម្ពុជារក្សាសិទ្ធិក្នុងការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ប្រសិនបើមានការឈ្លានពានបូរណភាពទឹកដី។ ជាមួយគ្នានេះ, កម្ពុជាប្រកាន់ជំហរ ៤ គឺ៖ ១/ កម្ពុជាប្រកាន់ខ្ជាប់នូវគោលជំហរក្សាសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយថៃ, ២/ ការសម្រេចចិត្តរបស់កម្ពុជាដើម្បីយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) គឺដើម្បីស្វែងរកដំណោះស្រាយបញ្ហាព្រំដែននៅតំបន់ទាំងនោះដោយសន្តិវិធី ឱ្យបានឆាប់ចប់ ជាស្ថាពរ ជាជាងបន្សល់ទុកបញ្ហាឱ្យនៅបន្តស្រពិចស្រពិលរយៈពេលវែង ដែលអាចបង្កឱ្យកើតមានជាជម្លោះប្រដាប់អាវុធសាជាថ្មី, ៣/ បន្តសហការជាមួយភាគីថៃដើម្បីជំរុញការវាស់វែង ខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរដែលនៅសេសសល់ (ក្រៅពីតំបន់ទាំង៤ខាងលើ) ដោយប្រើប្រាស់យន្តការគណៈកម្មការព្រំដែនចម្រុះ(JBC) កម្ពុជា-ថៃ និងទី ៤/ បន្តទំនាក់ទំនងរវាងប្រទេសទាំងពីរ តាមរយៈគ្រប់យន្តការដែលមានស្រាប់ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ កម្ពុជា-ថៃ។