ក្រុមចលនាស្ត្រី ស្រុកកៀនស្វាយ៖ យើងពិតជាមានសំណាងដែលមានសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ជាឥស្សរជនដ៏ឆ្នើម មានមនសិការសេ្នហាជាតិ និងប្រជាពលរដ្ឋ ពិតប្រាកដ
ក្រុមចលនាស្ត្រីនៃក្រុម ការងារគណបក្សចុះមូលដ្ឋានស្រុកកៀនស្វាយ ក៏ដូចជាប្រជាពលរដ្ឋនៅទូទំាងស្រុក បានប្រកាសជាឱឡារិកគាំទ្រយ៉ាងពេញទំហឹង ចំពោះយន្តការដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល បន្តដោះស្រាយបញ្ហាព្រំដែនជាមួយព្រះរាជាណាចក្រថៃ តាមរយៈការទូត ការចរចា ការប្រើប្រាស់សិទ្ធិស្វ័យការពារខ្លួន ពិសេសការប្រើប្រាស់យន្តការអន្តរជាតិ នាំយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ដែល កន្លងទៅរមែងមានភាពរកាំរកូស ដែលបង្កឡើងដោយកងទ័ពថៃ ទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) “ដើម្បីពន្លត់ភ្លើងឱ្យរលត់តែម្តង ជាជាងអង្គុយបក់ផ្សែង”។
ការប្រកាសនេះបានធ្វើឡើងនៅក្នុងពិធីសំណេះសំណាល និងប្រកាសទទួលស្គាល់ សមាសភាពក្រុមការងារចលនាស្ត្រី នៃក្រុមការងារគណបក្សចុះមូលដា្ឋនស្រុកកៀនស្វាយ ខេត្តកណ្តាល នៅព្រឹកថ្ងៃសៅរ៍ទី០៧ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្នាក់ការគណបក្សស្រុកកៀនស្វាយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងជាប្រធានក្រុមចលនាស្ត្រី នៃក្រុមការងារគណបក្ស ចុះមូលដា្ឋនខេត្តកណ្តាល។
នៅក្នុងឱកាសនេះ សម្តេចបានលើកឡើងថា ពិធីប្រកាសសមាសភាពចលនាស្រ្តីថ្ងៃនេះ បានប្រព្រឹត្តទៅស្របពេលដែលកម្ពុជា បានរៀបចំនូវព្រឹត្តិការណ៍ធំៗ ចំនួនពីរមាន ការ ប្រារព្ធសមាជរដ្ឋសភានិងព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា កាលពី ថ្ងៃទី២-៣ ខែមិថុនា ឆ្នាំ២០២៥កន្លងទៅ នៅវិមានរដ្ឋសភា ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ក្នុងការបម្រើឧត្តមប្រយោជន៍ប្រទេសជាតិនិងប្រជាពលរដ្ឋ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃ ព្រះរាជាណាចក្រកម្ពុជា។ ព្រឹត្តិការណ៍ទី២ គឺការប្រារព្ធខួប ៧៤ ឆ្នាំថ្ងៃកំណើតបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៨ ខែមិថុនា ខាងមុខនេះ។ ២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៥ ប្រារព្ធធ្វើឡើងដើម្បី រំលឹក ដល់ការតស៊ូរបស់គណបក្សប្រជាជនកម្ពុជាលើសមរភូមិក្នុង គ្រប់កាលៈទេសៈក្នុងការរំដោះជាតិ មាតុភូមិ និងប្រជាជនចេញពីសមុទ្រឈាម គំនរ ឆ្អឹង និងផេះផង់នៃសង្គ្រាម និងបានបុកគ្រឹះដ៏រឹងមាំក្នុងការធានាបាននូវ សុខសន្តិភាព ឱ្យបានគង់វង្ស និងការអភិវឌ្ឍឆ្លងចូលសករាជថ្មី និងក្ដាប់មកវិញនូវមោទកភាពជាតិ។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់និងវាងវៃរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាជ រដ្ឋសភា និងព្រឹទ្ធសភា រយៈពេល២ថ្ងៃ ដោយចំណាយពេលវេលាប្រមាណ ២៨ម៉ោង ក្នុងការប្រជុំពិភាក្សា បានសម្រចលទ្ធផលជាទីមោទន ក្នុងការលើកកម្ពស់ឧត្តមប្រយោជន៍របស់ជាតិ និងប្រជាពលរដ្ឋ បានពិភាក្សាផ្តល់យោបល់លើប្រធានបទចំនួនបីរួមមាន ប្រធានបទអំពីប្រព័ន្ធ គំាពារសង្គម ប្រធានបទអំពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងប្រធានបទអំពីវិស័យកសិកម្ម ដោយជាលទ្ឋផលបានអនុម័តសេចក្តីសម្រេចចំនួនបី ទាក់ទង ប្រធានបទខាងលើ ទុកជាឯកសារគតិយុត្ត មានតម្លៃខ្ពស់បំផុតក្នុងការគំាទ្រ លើកកម្ពស់ប្រសិទ្ធភាព ការអនុវត្តយុទ្ធសាស្ត្រគោលនយោបាយរបស់រាជរដ្ឋាភិបាល សម្រេចបាននូវចក្ខុវិស័យអភិវឌ្ឍន៍ជាតិ ឆ្នាំ២០៣០ និងឆ្នាំ២០៥០។
សម្តេចរដ្ឋភាធិបតី បានគូសបញ្ជាក់បន្តថា មុនផ្តើមប្រជុំតាមរបៀបវារៈអង្គសមាជ បានឯកភាពគ្នាជាឯកច្ឆន្ទ ចេញសេចក្តីថ្លែងការណ៍គំាទ្រ យន្តការដោះស្រាយបញ្ហាព្រំដែនរបស់រាជរដ្ឋាភិបាល ជាមួយប្រទេសថៃតាមរយៈការទូត ការចរចា ស្វ័យការពារខ្លួន និងប្រើប្រាស់ច្បាប់អន្តរជាតិ។ អង្គសមាជគំាទ្រពេញទំហឹងការនាំយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) “ដើម្បីពន្លត់ភ្លើងឱ្យរលត់តែម្តង ជាជាងអង្គុយបក់ផ្សែង”។
ក្នុងនាមពលរដ្ឋខ្មែរ ក្រុមចលនាស្ត្រីនៃក្រុម ការងារគណបក្សចុះមូលដ្ឋានស្រុកកៀនស្វាយ បានសម្តែងក្តីរំភើប គោរពស្ញប់ស្ញែងយ៉ាងក្រៃលែង ចំពោះចំណាត់ការដ៏ថ្លៃថ្លានិងយ៉ាងម៉ឹងម៉ាត់ ប្រកបដោយមនសិការស្នេហាជាតិនិងប្រជាពលរដ្ឋដ៏ជ្រាលជ្រៅរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការរកដំណោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាងនេះ ធ្វើយ៉ាងណាថែរក្សាការពារនូវ ឯករាជ្យ ដែនអធិបតេយ្យ និងបូរណភាព ទឹកដីរបស់កម្ពុជា។
ប្រជាពលរដ្ឋបានលើកឡើងថា ឆន្ទៈដ៏ថ្លៃថ្លាម៉ឺងម៉ាត់របស់ សម្តេចមហាបវរធិបតី បានកំពុងដើរតាមគន្លងដ៏ត្រឹមត្រូវ ច្បាស់លាស់ដែលជាមរតកមិនអាចកាត់ថ្លៃបានរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អគ្គមគ្គុទេសក៍និងជាប្រតិបត្តិករសន្តិភាពដ៏ឆ្នើមរបស់កម្ពុជា បានអនុវត្តក្នុងរយៈពេលជាង៤០ឆ្នាំ កន្លងមកនេះក្នុងបុព្វហេតុឧត្តមប្រយោជន៍ជាតិនិងប្រជាពលរដ្ឋ។ សម្តេចតេជោ ហ៊ុន សែន បានយកជីវិតធ្វើដើមទុន ដើម្បីរំដោះជាតិនិងប្រជាជនចេញពីរបបខ្មែរក្រហម ព្រមទាំងបានដឹកនាំប្រទេសបញ្ចប់សង្គ្រាម នាំយកសន្តិភាពជូនជាតិ និងមាតុភូមិ ព្រមទាំងការអភិវឌ្ឍ។
“យើងពិតជាមានសំណាងដែលមានសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលជាឥស្សរជនដ៏ឆ្នើម មានមនសិកាសេ្នហាជាតិដ៏ខ្ពង់ខ្ពស់ មកដឹកនាំប្រទេស ធានាការពារសុខសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍសង្គមជាតិ ក៏ដូចជាការកសាងបន្ទាត់ព្រំដែនជាមួយប្រទេសជិតខាង ជាបន្ទាត់ព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍ ផ្តោតលើឧត្តមប្រយោជន៍ពលរដ្ឋជាធំ។ “នេះជាការគូសបញ្ចាក់របស់ពលរដ្ឋនៅស្រុកកៀនស្វាយ។
ឆ្លៀតនៅក្នុងឱកាសនេះ សម្តេចរដ្ឋសភាធិបតី ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកដ៏ជ្រាលជ្រៅបំផុតពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត ជូនចំពោះ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា នៅក្នុងស្រុកកៀនស្វាយ ក៏ដូចជានៅក្នុងខេត្តកណ្តាលទំាងមូល ដោយបានគូសបញ្ជាក់ថា ថ្នាក់ដឹកនាំទំាងអស់ ជានិច្ចកាលតែងតែ គិតគូរពីសុខទុក្ខនិងជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ ជាប់ជានិច្ច និងគ្រប់កាលៈទេសៈ។
សូមជម្រាបថាពិធីសំណេះ និងប្រកាសទទួលស្គាល់ សមាសភាពក្រុមការងារចលនាស្ត្រី នៃក្រុមការងារគណបក្សចុះមូលដា្ឋនស្រុកកៀនស្វាយ ខេត្តកណ្តាលនេះ មានអ្នកចូលរួមជិត៤០០នាក់។ លោកជំទាវ ហេង សំអូន អគ្គនាយករងនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ត្រូវបានតែងតាំងជាប្រធានក្រុមចលនាស្រ្តីនៃក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកៀនស្វាយ។
សម្តេចរដ្ឋសភាធិបតី មានសេចក្តីសោមនស្សរីករាយជាអនេក និងពិតជាមានក្តីរំភើបដែល បានមកចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាល និងប្រកាសទទួលស្គាល់សមាសភាពក្រុមការងារចលនាស្ត្រីនៃក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកៀនស្វាយ នាព្រឹកនេះ។
ក្នុងនាមជាតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាលមួយរូបដែលជាតំណាងរបស់ ប្រជាពលរដ្ឋទាំងមូល និងជាអតីតប្រធានគណៈពង្រឹងស្រុកកៀនស្វាយផងនោះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី មានចិត្តនិងបេះដូងផ្សារភ្ជាប់ជាមួយបងប្អូន អ្នកស្រុកកៀនស្វាយទាំងអស់។ សម្តេចសូមសម្តែងនូវការដឹងគុណដ៏ជ្រាលជ្រៅបំផុត ចំពោះបងប្អូនទាំងអស់ដែលតែងតែផ្ដល់ការគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនរហូតទទួលបានលទ្ធផលឈ្នះភ្លូកទឹកភ្លូកដីឈានទៅសម្រេចបាននូវការបន្ត ដឹកនាំ ប្រទេសក្នុងនីតិកាលទី៧បន្តទៅមុខទៀត។
សូមជម្រាថាក្នុងនាមប្រធានក្រុមចលនាស្ត្រី នៃក្រុមការងារគណបក្ស ចុះមូលដា្ឋនខេត្តកណ្តាល គិតមកដល់ពេលនេះ សម្តេចរដ្ឋសភាធិបតី បានអញ្ជើញសំណេះសំណាលនិងប្រកាសសមាសភាពក្រុមចលនាស្រ្តី បានចំនួន៦ស្រុកហើយ ក្នុងចំណោមស្រុកនិងក្រុងទំាង១៣របស់ខេត្តកណ្តាល ។ ទោះមានការរវល់លើការងារស្នូលដឹកនាំរដ្ឋសភាយ៉ាងណាក្តី សម្តេចរដ្ឋសភាធិបតី បានយកពេលវេលាចុងសប្តាហ៍ ជួបសំណេះសំណាលនិងប្រកាសសមាសភាពក្រុមចលនាស្រ្តីនៅតាមស្រុកក្រុងទំាងអស់របស់ ខេត្តកណ្តាល។
សម្តេចបានផ្តាំផ្ញើដល់ក្រុមការចលនាស្រ្តីទំាងអស់ បន្តធានាសាមគ្គីភាព និងឯកភាពផ្ទៃក្នុងគណបក្ស ឱ្យបានរឹងមាំឥតរង្គោះរង្គើ ទាំងខាងទស្សនៈ នយោបាយ សតិអារម្មណ៍ គោលជំហនិងសកម្មភាព។ ការអនុវត្ត គ្រប់ការងាររបស់គណបក្ស ត្រូវតែស្រុះគ្នាស្មើដៃគ្នា និងប្រទាក់ក្រឡាគ្នាជាអង្គតែមួយ ពីលើដល់ក្រោមទាំងខ្សែបណ្ដោយ ទាំងខ្សែទទឹង។ បន្ដយកចិត្តទុកដាក់កសាងជួរមន្ត្រីដឹកនាំ និងមន្ត្រីជំនាញវ័យក្មេងរបស់គណបក្សដើម្បីជាកម្លាំងបន្តវេន និងធានានិរន្តរភាពការងារគ្រប់ផ្នែកទាំងនៅក្នុងយន្តការ ដឹកនាំនៅក្នុងស្ថាប័ន និងយន្តការនានារបស់ស្ថាប័នគណបក្ស ពិសេសមន្ត្រីកម្រិតនៅ មូលដ្ឋានទាំងមន្ត្រីនៃបណ្តាអង្គការមហាជននិងអង្គការយុវជន សំដៅលើកកម្ពស់សមត្ថភាពនយោបាយ និងគុណធម៌ឱ្យឆ្លើយតបទៅនឹងសំណូមពរការងារចំពោះមុខ ផង និងយូរអង្វែងផង។បន្តខិតខំកសាងបក្ស និងបង្កើនកម្លាំងគាំទ្របក្ស ស្របតាមគោលការណ៍ “រក្សា ចាស់, បង្កើនថ្មី», ពិសេស ខិតខំទាក់ទាញ និងកសាងកម្លាំង ក្នុងស្រទាប់យុវជន កម្មករ និយោជិត និង អ្នកប្រកបរបរ និង ធ្វើការងារនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ធ្វើយ៉ាងណាឱ្យគណបក្សប្រជាជនកម្ពុជា បន្តបានប្រៀបឈ្នះជាបន្តបន្ទាប់ទៀតនៅក្នុងការបោះឆ្នោតឆ្នាំខាងមុខៗ។
សម្តេចប្រធានក្រុមចលនាស្ត្រី នៃក្រុមការងារគណបក្ស ចុះមូលដា្ឋនខេត្តកណ្តាល បានលើកទឹកចិត្តក្រុមការងារ បន្តពង្រឹង និងបង្កើនប្រសិទ្ធភាពយន្តការក្រុមការងារគណបក្សចុះជួយមូលដ្ឋានគ្រប់លំដាប់ថ្នាក់តាំងពីថ្នាក់រាជធានី-ខេត្ត,ក្រុង ស្រុក ខណ្ឌ,ឃុំ សង្កាត់ រហូត ដល់ថ្នាក់ភូមិ ដោយផ្សារភ្ជាប់ជាមួយនឹងការពង្រឹងយន្តការក្រុមការងារាជរដ្ឋាភិបាលចុះមូលដ្ឋានតាម រាជធានី-ខេត្ត។បន្តជំរុញការងារចិញ្ចឹមចលនានៅមូលដ្ឋានដូចភ្លៀងរលឹម ទាំងខាងស្មារតី និង សម្ភារៈ។ តាមរយៈការងារនេះមន្ត្រីរបស់គណបក្សគ្រប់ថ្នាក់ត្រូវខិតខំស្វែងយល់ឱ្យបានច្បាស់លាស់អំពីសភាពការណ៍ក្នុងមូលដ្ឋានពិសេសអំពីផ្នត់គំនិត និងបំណងប្រាថ្នារបស់ប្រជាជនក៏ដូចជាអំពីបញ្ហាផ្សេងៗដែលកើតមាននៅតាមមូលដ្ឋាននីមួយៗ ហើយព្យាយាមដោះស្រាយក្នុងភាពបុរេសកម្មដោយមិនត្រូវទុកបញ្ហាទាំងនោះឱ្យពួកប្រឆាំងធ្វើសកម្មភាពបោកប្រាសប្រជាជន និងកេងយក ចំណេញខាងនយោបាយ នោះទេ៕