សម្ដេចធិបតី ផ្ញើនូវក្តីនឹករលឹក និងអរគុណចំពោះបងប្អូនម៉ូស្លីមកម្ពុជា ដែលបានចូលរួមថែរក្សាសុខសន្តិភាពជាមួយបងប្អូនប្រជាពលរដ្ឋកម្ពុជា ប្រកបដោយសុខដុមនីយកម្មសាសនា និងជាតិសាសន៍ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា
ភ្នំពេញ៖ ក្នុងនាមរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី សូមអបអរសាទរ និងសូមជូនពរជ័យ សិរីសួស្ដី សុភមង្គល បវរមហាប្រសើរ ជូនដល់បងប្អូនម៉ូស្លីមកម្ពុជាទាំងក្នុង និងក្រៅប្រទេស រួមទាំងបងប្អូនម៉ូសី្លមនៅទូទាំងសកលលោកផងដែរ ដោយរីករាយស្វាគមន៍ថ្ងៃបុណ្យរ៉ាយ៉ាហាជី នាថ្ងៃចន្ទ ទី១០ ខែហ្សុលហិជ្ជះ ឆ្នាំ១៤៤៦ មូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃទី ១២កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ ។
សម្ដេច និងភរិយា សូមអបអរសាទរចំពោះបងប្អូនម៉ូស្លីមកម្ពុជា ចំនួន ១២០០នាក់ ដែលបានទៅចូលរួមប្រារព្ធពិធីបុណ្យហាជី ដែលជាកាតព្វកិច្ចរបស់ជនម៉ូស្លីមដែលមានលទ្ធផល និងជាសសរស្តម្ភទី៥ ក្នុងសាសនាឥស្លាម ដោយប្រារព្ធឡើងនៅប្រទេសអារ៉ាប៊ីសាអូឌីត ជាមួយនឹងបងប្អូនមកពីគ្រប់ជាតិសាសន៍ជុំវិញសកលលោក ។
សម្ដេច និងភរិយា សូមផ្ញើនូវក្តីនឹករលឹក និងអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនម៉ូស្លីមកម្ពុជា ដែលបានចូលរួមថែរក្សាសុខសន្តិភាពជាមួយបងប្អូនប្រជាពលរដ្ឋកម្ពុជា ប្រកបដោយសុខដុមនីយកម្មសាសនា និងជាតិសាសន៍ ស្របតាមគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ។
សម្ដេច និងភរិយា សូមជូនពរបងប្អូនម៉ូស្លីមកម្ពុជាទាំងក្នុង និងក្រៅប្រទេស សូមទទួលបាននូវរ៉ស់ម៉ាត់ ស្លើម៉ាត់ និងប៉ារ៉ាកាត់ នៅក្នុងឱកាសនៃថ្ងៃរ៉ាយ៉ាហាជី ទាំងបងប្អូនដែលកំពុងបំពេញកាតព្វកិច្ចហាជី នៅប្រទេសអារ៉ាប៊ីសាអូឌីត និងបងប្អូនម៉ូស្លីមដែលកំពុងរីករាយសាទរ ជួបជុំញាតិមិត្តបងប្អូនផងដែរ ៕