រដ្ឋបាលខេត្តកំពត នឹងស្នើទៅក្រសួងមហាផ្ទៃដាក់វិន័យលើអភិបាលរងស្រុកជុំគិរី ដែលទៅរៀបការប្រពន្ធថ្មី ខណៈមិនទាន់លែងលះដាច់ស្រាច់នៅឡើយ

ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត បានប្រកាសនឹងស្នើទៅក្រសួងមហាផ្ទៃដាក់វិន័យលើអភិបាលរងស្រុកជុំគិរី ដែលទៅរៀបការប្រពន្ធថ្មី ខណៈមិនទាន់លែងលះដាច់ស្រាច់នៅឡើយ។

សូមរំលឹកថា កាលពីយប់ថ្ងៃទី០២ ខែមិថុនា និងថ្ងៃបន្ទាប់ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកមួយចំនួន ផ្សព្វផ្សាយថា “អភិបាលរងស្រុកជុំគិរី លោក ហេង ងួនស្រ៊ុន បានលួចទៅរៀបការប្រពន្ធថ្មី ទាំងដែលមិនទាន់លែងលះជាមួយប្រពន្ធដើមដាច់ស្រេច ហើយគ្រួសារប្រពន្ធដើមតាមទាន់ឈ្លោះគ្នាផ្អើលឆោឡោពេញរោងការ”។

ជុំវិញករណីនេះ តាមរយៈសេចក្ដីប្រកាសព័ត៌មាន ចេញនៅថ្ងៃទី០៣ ខែមិថុនា រដ្ឋបាលខេត្តកំពត ចាត់ទុកថាអភិបាលរងស្រុកជុំគិរី ហេង ងួនស្រ៊ុន បានប្រព្រឹត្តអំពើធ្វើឲ្យប៉ះពាល់ទៅលើសេចក្តីថ្លៃថ្នូរ កិត្តិយសផ្ទាល់ខ្លួនផង និងអង្គភាពផង។

រដ្ឋបាលខេត្តកំពត អះអាងថា មិនគាំទ្រដាច់ខាតចំពោះករណីនេះ ដែលមានចែងក្នុងច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល។ រដ្ឋបាលខេត្តកំពត អះអាងថា នឹងលើកសំណើទៅក្រសួងមហាផ្ទៃ ដើម្បីចាត់វិធានការវិន័យ ស្របតាមកំហុសឆ្គងដែលមន្ត្រីរូបនេះបានប្រព្រឹត្ត៕ 

អត្ថបទដែលជាប់ទាក់ទង