ផ្លូវជនបទក្នុងស្រុកកែវសីមា រក្សាគុណភាពល្អ សម្រាប់ធ្វើដំណើរ និងការចល័តរបស់កងកំលាំង នៅព្រំដែន

មណ្ឌលគិរី ៖ ផ្លូវក្រាលដីល្បាយក្រួសបញ្ចប់សុពលភាព ប្រវែង ១២ គីឡូម៉ែត្រ នៅក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី ស្ថិតក្រោមក្របខណ្ឌ ក្រសួងអភិវឌ្ឍន៍ជនបទ បានរក្សាគុណភាពល្អប្រសើរ, សម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការចល័តរបស់កងកំលាំង ប្រចាំការនៅតាមក្រវាត់ព្រំដែន។
លោកជំទាវ ឯក គន្ធវារី អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើងនៅក្នុងការចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់ សុពលភាព លើការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួសចំនួន ១ ខ្សែ ប្រវែង ១២ គីឡូម៉ែត្រ, ស្ថិតនៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥នេះថា ជុំវិញការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅតាមជនបទ រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ នៃរដ្ឋសភា, ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បាននិងកំពុងបន្តកែ លម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ តាមរយៈការលើកកម្ពស់សេវាសង្គមនានាដូចជា៖ សេវាអប់រំ, សេវាសុខាភិបាល, អនាម័យ, ទូរគមនាគមន៍, ការពង្រីកវិសាលភាពនៃការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត, ការលើកកម្ពស់អនាម័យជនបទ ជាពិសេសផ្លូវ ជនបទជាដើម ដើម្បីផ្តល់ភាពងាយស្រួលគ្រប់បែបយ៉ាងដល់ប្រជាជន។
លោកជំទាវ លើកឡើងបន្តថា ជាក់ស្តែងការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួសចំនួន ១ ខ្សែ ប្រវែង ១២ គីឡូម៉ែត្រ, ដែល តភ្ជាប់ពីផ្លូវជាតិលេខ ៧៦ ត្រង់ចំណុចអូរហ៊ុច ឆ្ពោះទៅផ្លូវខ្សែក្រវាត់ព្រំដែនកម្ពុជា-វៀតណាមនេះជាដើម ដោយផ្លូវនេះពិតជាមាន សារៈសំខាន់ណាស់ សម្រាប់សម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋផង និងការចល័តរបស់កងកំលាំងដែលប្រចាំការនៅតាម ក្រវាត់ព្រំដែនផង នៅក្នុងកិច្ចការពារបូរណៈភាពទឹកដី និងការរស់នៅរបស់ប្រជាជនប្រកបដោយភាពសុខសាន្ត។
ជុំវិញផ្លូវខាងលើនេះ, លោកជំទាវ ឯក គន្ធវារី បានឯកភាព និងវាយតម្លៃខ្ពស់ ចំពោះបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ដែលបានខិតខំប្រឹងប្រែង ចាប់តាំងពីការចាប់ផ្តើមស្ថាបនា និងថែទាំរហូតបញ្ចប់សុពលភាព ដោយ ផ្លូវនេះបានរក្សានូវគុណភាពល្អប្រសើរ ព្រោះនៅក្នុងអាណត្តិទី៧ នៃរដ្ឋសភា, រាជរដ្ឋាភិបាលកម្ពុជា នឹងបាននិងកំពុងបន្តការគាំទ្រ ដល់ការជួសជុល ថែទាំផ្លូវ ស្ពាន ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ដឹកជញ្ជូនជនបទ និងការលើកកម្ពស់កម្រិតផ្លូវជនបទ ពីផ្លូវ ក្រាលក្រួសក្រហម ទៅជាផ្លូវក្រាលកៅស៊ូ ឬបេតុងជាដើម សំដៅធានាការប្រើប្រាស់យូរអង្វែង ធន់និងអាកាសធាតុ ដើម្បីជំរុញធ្វើ អន្តរកម្មផ្នែកសង្គម និងសេដ្ឋកិច្ច ការតភ្ជាប់សកម្មភាពធុរកិច្ចផ្សេងៗ រវាងតំបន់ជនបទនិងទីប្រជុំជនជាដើម។ បញ្ហាននេះដែរ ក្រសួង អភិវឌ្ឍន៍ជនបទ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ក៏បាននិងកំពុងខិតខំយកចិត្តទុកដាក់ អនុវត្តការងារស្ថាបនា ជួសជុល និង ថែទាំផ្លូវជាដើម ដើម្បីជំរុញឱ្យឆ្លើយតបទៅតាមផែនការរបស់រាជរដ្ឋាភិបាល ជាពិសេសការស់នៅប្រជាជននៅតាមជនបទ៕

អត្ថបទដែលជាប់ទាក់ទង