បុរសពីរនាក់ ពួនក្នុងបន្ទប់ទឹក ២៧ ម៉ោង មុនការប្រកួតវគ្គផ្តាច់ព្រ័ត្រ UCL ដើម្បីបានទស្សនាការប្រកួតមិនអស់លុយ

បុរសជនជាតិបែលហ្ស៊ិកពីរនាក់បានអះអាងថាពួកគេបានលាក់ខ្លួននៅក្នុងបន្ទប់ទឹកនៅឯកីឡដ្ឋាន Allianz Arena ទីក្រុង Munich អស់រយៈពេល ២៧ ម៉ោងដើម្បីបានទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខណ្ឌ Champions League ដោយឥតគិតថ្លៃ។
Neal Remmerie និង Senne Haverbeke ដែលជាអ្នកបង្កើតមាតិការសង្គមប្លែកៗ បានប្រាប់ទូរទស្សន៍ VRT News របស់ប្រទេសបែលហ្ស៊ិកថា ពួកគេបានចូលទៅសំងំក្នុងបន្ទប់ទឹកមុនការប្រកួត ហើយអ្នកទាំងពីរបានបង្ហោះវីដេអូពីសកម្មភាពរបស់ខ្លួន នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម TikTok ដែលបង្ហាញថាពួកគេបានបិទផ្លាកសញ្ញា នៅមុខទ្វារបង្គន់ចំនួនពីរថា “បន្ទប់គ្មានសណ្តាប់ធ្នាប់”មុនពេលពួកគេរង់ចាំក្នុងភាពស្ងៀមស្ងាត់ជាងមួយថ្ងៃដោយគ្មានអ្នកដឹង ទោះមានបុគ្គលិកចេញចូលតែមិនបានចាប់អារម្មណ៍។
អ្នកទាំងពីរបានឱ្យដឹងទៀតថា “យើងមានកាបូបស្ពាយជាមួយអាហារសម្រន់ ហើយយើងលេងទូរសព្ទរបស់យើងដើម្បីបន្លប់ពេលវេលា ខណៈភ្លើងបានបើកគ្រប់ពេល ហើយទីតាំងអង្គុយមិនស្រួល ដូច្នេះការគេងស្ទើរតែមិនអាចទៅរួចទេ ដែលធ្វើឱ្យវាមានការលំបាកទាំងផ្លូវកាយ និងផ្លូវចិត្ត។”
ភ្លាមៗពេលដែលអ្នកទាំងពីរបានឮអ្នកគាំទ្រប្រើបង្គន់ក្នុងថ្ងៃប្រកួត ពួកគេបានងើបចេញពីកន្លែងលាក់ខ្លួន និងគេចផុតពីកន្លែងឆែកសំបុត្រដំណាក់កាលចុងក្រោយ ឆ្លៀតចំពេលក្រុមសន្តិសុខធ្វេសប្រហែសមិនសួរនាំច្រើន។
អ្នកទាំងពីរបានហៅការទស្សនាវគ្គផ្តាច់ព្រ័ត្ររបស់ខ្លួន ជាពេលវេលាមានន័យបំផុតក្នុងជីវិតរបស់ពួកគេ៕

អត្ថបទដែលជាប់ទាក់ទង