កម្ពុជាបេីកទ្វារស្វាគមន៍វិនិយោគិនដែលមានបំណងចង់កែច្នៃ វេចខ្ចប់ និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ
ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា ទទួលជួបជាមួយលោក Claude Jentgen អ្នកសម្របសម្រួលកិច្ចការទ្វេភាគីនៃនាយកដ្ឋានសហប្រតិបត្តិការអភិវឌ្ឍន៍ និងកិច្ចការមនុស្សធម៌លុចសំបួ តំណាងស្ថានទូតលុចសំបួប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅប្រទេសឡាវ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីការពង្រឹងទំនាក់ទំនងកម្ពុជា-លុចសំបួ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
នាឱកាសនៃជំនួប ឯកឧត្តមរដ្ឋលេខាធិការ សម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងបានលើកឡើងនូវការទទួលបដិសណ្ឋារកិច្ចដំណើរទស្សនកិច្ចរបស់ ព្រះអង្គម្ចាស់ Guillaume Jean Joseph Marie រជ្ជទាយាទនៃប្រទេសលុចសំបួ យាងបំពេញព្រះរាជទស្សនកិច្ច ក្នុងគោលបំណងពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា-លុចសំបួ ឱ្យកាន់តែរឹងមាំនិងទូលំទូលាយជាងមុនថែមទៀត។
ពាក់ព័ន្ធនឹងវិស័យកសិកម្ម ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថាប្រទេសកម្ពុជា បេីកទ្វារស្វាគមន៍នូវវិនិយោគិនដែលមានបំណងចង់កែច្នៃ វេចខ្ចប់ និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ខណៈដែលកម្ពុជាមានកសិផលសក្កានុពលជាច្រេីនរួមមាន៖ ស្រូវអង្ករ ស្វាយចន្ទី ម្រេច ដែលមានគុណភាពល្អប្រណិត រសជាតិឆ្ងាញ់ ដែលជាឱកាសល្អសម្រាប់អ្នកវិនិយោគក្នុងការចាប់យកដេីម្បីទទួលបានតម្លៃបន្ថែមខ្ពស់។ លេីសពីនេះ ប្រទេសកម្ពុជា មានច្បាប់ស្តីពីការវិនិយោគ ដែលជួយគាំទ្រដល់រាល់វិនិយោគិនឱ្យទទួលបានអត្ថប្រយោជន៍ជាច្រេីន និងក្របខណ្ឌច្បាប់ដែលអំណោយផលដល់ការវិនិយោគផងដែរ។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការ ស្នេីឱ្យភាគីលុចសំបួ ពិនិត្យលទ្ធភាពក្នុងការជួយគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្សកម្ពុជាលេីការស្រាវជ្រាវផ្សាភ្ជាប់នឹងសាកលវិទ្យាល័យកសិកម្ម ការគាំទ្រទៅលេីមន្ទីរពិសោធន៍ជាតិដើម្បីធានាបាននូវសុវត្ថិភាពអាហារ ដែលនឹងបម្រេីដល់ការនាំចេញ ការផ្តល់កម្ចីទុនដែលមានការប្រាក់ទាប និងផ្តល់នូវគម្រោងគាំទ្រដល់វារីវប្បកម្មកម្ពុជាជាមូលដ្ឋាន សំដៅជួយបង្កេីននូវភោគផលសេដ្ឋកិច្ច និងកាត់បន្ថយសម្ពាធធនធានធម្មជាតិ។
កិច្ចប្រជុំនេះបញ្ចប់ទៅដោយលទ្ធផលផ្លែផ្កា ឯកឧត្តមរដ្ឋលេខាធិការ និងលោក Claude Jentgen បានបញ្ជាក់នូវការប្ដេជ្ញាចិត្តរួមគ្នា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងល្អរវាងប្រទេសទាំងពីរកម្ពុជា-លុចសំបួ សំដៅផ្ដល់ផលប្រយោជន៍ទៅវិញទៅមក៕