សម្ដេចតេជោ បញ្ជាក់ថា ថវិកាសន្សំរបស់ជាតិបច្ចុប្បន្ន គឺមានចំនួនច្រើនជាងពេលដែលសម្ដេច ចាកចេញពីតំណែងជានាយករដ្ឋមន្ត្រីទៅទៀត
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាជរដ្ឋសភា និងព្រឹទ្ធសភាលើកទី១ បានមានប្រសាសន៍ថា នៅមុនការផ្ទុះនៃជំងឺកូវីដ១៩ សម្ដេចបានឱ្យពង្រឹងបន្ថែមលើការសន្សំថវិកាជាតិ ដែលការសន្សំនៅពេលនោះបានកើនដល់ជាង២១% នៃផលិតផលក្នុងស្រុកសរុប (GDP) ដោយមានថវិកាជាតិនៅសល់រហូតដល់ជិតបួនពាន់លានដុល្លារ។
សម្ដេចតេជោបន្ថែមថា តាមការគ្រោងទុកពេលថវិកាសន្សំរបស់ជាតិកើនជិត៥ពាន់លានដុល្លារ រាជរដ្ឋាភិបាលនឹងដាក់ឱ្យដំណើរការការកសាងប្រព័ន្ធហេដ្ឋារចនាសម្ពន្ធផ្លូវ ស្ពាន ឱ្យបានច្រើន នៅគ្រប់ទីកន្លែងដោយមិនចាំបាច់ពឹងលើថវិកាបរទេសនោះឡើយ។ ប៉ុន្តែជាអកុសលវិបត្តិកូវីដក៏ផ្ទុះឡើង ដែលបណ្ដាលឱ្យថវិកាសន្សំរបស់ជាតិបានថយចុះមួយកម្រិត។
សម្ដេចតេជោក៏បានកោតសរសើរចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន ដែលបានធ្វើឱ្យចំនួនថវិកាជាតិដែលបានសន្សំទុកមានការកើនឡើងច្រើនគួរឱ្យកត់សម្គាល់ ទោះបីមានការដំឡើងប្រាក់ខែមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទក៏ដោយ។ សម្ដេចតេជោបញ្ជាក់បន្ថែមទៀតថាថវិកាសន្សំរបស់ជាតិបច្ចុប្បន្ន គឺមានចំនួនច្រើនជាងពេលដែលសម្ដេច ចាកចេញពីតំណែងជានាយករដ្ឋមន្ត្រីទៅទៀត៕