ការស្ថាបនា និងការថែទាំផ្លូវជនបទ ជាការវិនិយោគដ៏ចាំបាច់ ដើម្បីលើកកម្ពស់និងកាត់បន្ថយភាពក្រីក្រ

ត្បូងឃ្មុំ ៖ មន្រ្តីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ កោតសរសើរដល់នាយកដ្ឋានផ្លូវលំជនបទ ដែលបានថែទាំផ្លូវជាង ១៨ គឺឡូម៉ែត្រ នៅខេត្ត ត្បូងឃ្មុំ រហូតបញ្ចប់សុពលភាព ដោយរក្សានូវគុណភាពផ្លូវបានល្អប្រសើរ ធានាដល់ការប្រើប្រាស់យូរអង្វែង ដែលនេះជាការចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់គុណភាពផ្លូវ និងការរស់នៅរបស់ប្រជាពលរដ្ឋនៅជនបទ។
លោកជំទាវ ឯក គន្ធវារី អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី ២ ខែ មិថុនា ឆ្នាំ ២០២៥ នេះ បានដឹកនាំគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាព លើការងារថែទាំ ខួបផ្លូវដោយក្រាលល្បាយក្រួសចំនួន ៣ ខ្សែ ប្រវែងសរុបជាង ១៨ គីឡូម៉ែត្រ ទទឹង ៦ ម៉ែត្រ, សាងសង់លូមូលមុខមួយចំនួន ១៩ កន្លែង, លូមូលមុខពីរចំនួន ៥ កន្លែង និងលូមូលមុខបីចំនួន ៥ កន្លែង ស្ថិតនៅក្នុងឃុំកក់ ឃុំក្រែក និងឃុំត្រពាំងផ្លុង ស្រុកពញាក្រែកខេត្តត្បូងឃ្មុំ ដែលអនុវត្តដោយនាយកដា្ឋនផ្លូវលំជនបទ។
លោកជំទាវអនុរដ្ឋលេខាធិការ លើកឡើងថា ការស្ថាបនា ការស្តារ ការថែទាំ និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនៅជនបទ គឺជាការវិនិយោគដ៍ចាំបាច់ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធផ្លូវ ដើម្បីសម្រួលជូនដល់ប្រជាជនគ្រប់ទិសទីនៅទូទាំងប្រទេស, ជាក់ស្តែងការ ថែទាំខួបផ្លូវរបស់នាយកដ្ឋានផ្លូវលំជនបទខាងលើនេះ បើមិនមានការគិតគូរ និងដាក់ផែនការច្បាស់លាស់របស់ក្រសួងនោះទេ ផ្លូវទាំងនេះ ក៏មិនមានភាពល្អប្រសើរបែបនេះឡើយ ហើយចំណែកអ្នកដែលពិបាក គឺប្រជាជពលរដ្ឋនៅតាមមូលដ្ឋាននេះឯង។ ដូច្នេះការថែទាំផ្លូវពិត ជាមានសារៈសំខាន់ណាស់ សម្រាប់ជាប្រយោជន៍ប្រើប្រាស់យូរអង្វែង ព្រោះផ្លូវគឺជាតម្រូវការចាំបាច់ បម្រើដល់ការធ្វើដំណើររបស់ សាធារណៈជនគ្រប់ពេលវេលា និងក៏ជាការជំរុញចលនាសេដ្ឋកិច្ចនៅតំបន់ជនបទផងដែរ។
លោកជំទាវអនុរដ្ឋលេខាធិការ បានរំលេចនូវគុណបំណាច់របស់រាជរដ្ឋាភិបាល ជាពិសេសនៅក្នុងអាណត្តិទី៧ នៃរដ្ឋសភានេះ, រាជរដ្ឋាភិ បាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងប៉ិនប្រសព្វ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បាននិង កំពុងបន្តការគាំទ្រដល់ការជួស ជុល ថែទាំផ្លូវ ស្ពាន ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ដឹកជញ្ជូនជនបទ និងការលើកកម្ពស់ កម្រិតផ្លូវជនបទ ពីផ្លូវក្រាលក្រួសក្រហម ទៅជាផ្លូវក្រាលកៅស៊ូឬបេតុងជាដើម ដើម្បីឆ្លើយតបនិងការរស់នៅរបស់ប្រជាពលរដ្ឋ មានផ្លូវល្អ សម្រាប់ធ្វើដំណើរ និងបម្រើនូវគ្រប់អន្តរវិស័យ ក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម៕

អត្ថបទដែលជាប់ទាក់ទង