អ្នកនេសាទជនជាតិវៀតណាមព្រួតគ្នា យកស្នចាក់បុរសនេសាទជនជាតិខ្មែរ រងរបួសធ្ង..ន់ ស្រុកបរិបូរណ៍

ខេត្តកំពង់ឆ្នាំង ៖ បុរសអ្នកនេសាទម្នាក់បានរងរបួសធ្ងន់ដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យ បន្ទាប់ពីត្រូវជនសង្ស័យជាជនជាតិវៀត១ក្រុមបានព្រួតគ្នាយកស្នចាក់ ក្រោយពីមានទំនាស់បើកកាណូតជាប់មងនិងស្លាបចក្រកាណូត ។ ហេតុការណ៍ហិង្សាបង្កឱ្យរងរបួសនេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០២៥ នៅក្នុងបឹងទន្លេសាប ចំណុចបាឡត ស្ថិតនៅព្រំប្រទល់៣ឃុំ គឺឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ឃុំពាមបាង និងឃុំផាត់សណ្ដាយ ខេត្តកំពង់ធំ។

ជនរងគ្រោះក្នុងករណីហិង្សានេះឈ្មោះ ដួង ខាអាយុ៤៣ឆ្នាំ រស់នៅភូមិកំពង់ព្រះ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៌។ ដោយឡែកជនសង្ស័យដែលត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួនមានឈ្មោះ ១-ង្វៀង វ៉ាន់លឹក ភេទប្រុស អាយុ១៩ឆ្នាំ , ២-ឈ្មោះ ង្វៀង វ៉ាន់លត ភេទប្រុស អាយុ២១ឆ្នាំ , ៣-ឈ្មោះ ចាំង វ៉ាន់នឺ ភេទប្រុស អាយុ៤១ឆ្នាំ ជនសង្ស័យទាំង៣នាក់ ស្នាក់នៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។

នៅមុនពេលកើតហេតុ ជនរងគ្រោះនិងប្រពន្ធបានបើកកាណូតទៅនេសាទ ឆ្លងកាត់ចំណុចកើតហេតុខាងលើ។ នៅពេលបើកទៅដល់កន្លែងកើតហេតុ កាណូតជនរងគ្រោះបានជាប់ស្លាបចក្រកាណូត និងមងរបស់ជនជាតិវៀតណាម ដែលដាក់ពាសពេញនឹងបិទទាំងផ្លូវកាណូតគេ ដែលធ្វើចរាចរណ៍ទៀត ។ ពេលឃើញដូចនេះ ក្រុមនេសាទជនជាតិវៀតណាម ស្ទុះទៅរករឿងនិងឈ្លោះប្រកែកគ្នា រួចក៍ទាញស្នចាក់ទៅលើជនរងគ្រោះតែម្តង បណ្តាលឱ្យរងរបួស។ ក្រោយពេលកើតហេតុ ក្រុមជនបង្កបានបើកកាណូតចេញ តែត្រូវសមត្ថកិច្ចឃាត់បាន កសាងសណុំរឿងអនុវត្តតាមនីតិវិធី ។ ដោយឡែកជនរងគ្រោះត្រូវបានដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិបរិបូរណ៍ តែដោយសារស្ថានភាពធ្ងន់ធ្ងរបានបញ្ជូនបន្តទៅមន្ទីរពេទ្យឯភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង