Luka Modric នឹងចាកចេញពី Real Madrid ក្រោយចប់ Club World Cup
ប្រធានក្រុម Real Madrid, Luka Modric បានបញ្ជាក់ថា នឹងចាកចេញពីក្លិបយក្សអេស្ប៉ាញក្រោយចប់ព្រឹត្តិការណ៍ក្លិបបាល់ទាត់ពិភពលោក Club World Cup រដូវក្តៅខាងមុខនេះ។
ខ្សែបម្រើវ័យ ៣៩ ឆ្នាំក្រូអាស៊ីរូបនេះ ជាម្ចាស់ជ័យលាភី Ballon d’Or នៅឆ្នាំ ២០១៨ នឹងបង្ហាញខ្លួនចុងក្រោយ នៅកីឡដ្ឋាន Santiago Bernabeu ថ្ងៃសៅរ៍នេះនៅពេល Real Madrid បើកទ្វារផ្ទះស្វាគមន៍ Real Sociedad បិទបញ្ចប់រដូវកាល La Liga។
“ពេលវេលាបានមកដល់ហើយ ពេលវេលាដែលមិនចង់ឱ្យមកដល់ តែនេះគឺបាល់ទាត់ និងជីវិតរស់នៅ មានការចាប់ផ្តើម ក៏មានទីបញ្ចប់” នេះជាសំនេររបស់ Modric នៅបណ្តាញសង្គម Instagram បញ្ជាក់ពីការចាកចេញរបស់ខ្លួន។
មកដល់ Real Madrid នៅឆ្នាំ ២០១២ ក្នុងតម្លៃផ្ទេរប្រមាណ ៣០ លានផោនពីក្លិបអង់គ្លេស Tottenham Hotspur, Luka Modric បានក្លាយជាសមាជិកសំខាន់បាត់ទៅហើយសម្រាប់ Real Madrid ដែលរួមមានការឈ្នះជើងឯកសរុប ២៨ ពានសំខាន់ៗ បូករួមទាំង Champions League ៦ លើក និង La Liga ៤ លើក FIFA Club World Cup ៦ លើក European Super Cup ៥ លើក Copa del Rey ២ លើក និង Spanish Super Cup ៥ លើកក្នុងរយៈពេល ១៣ រដូវកាល។
Luka Modrid នឹងចាកចេញពី Real Madrid ក្នុងនាមជាកីឡាករដែលមានកិត្តិនាមអស្ចារ្យម្នាក់តាមរយៈសមិទ្ធផលរបស់ខ្លួនដែលបានបង្ហាញខ្លួនសរុប ៥៩០ ប្រកួត ស៊ុតបញ្ចូលទី ៤៣ គ្រាប់ និងប៉ះបញ្ជូន ៩៥។
Modrid បច្ចុប្បន្នឈរលេខបីក្នុងតារាងកីឡាករដែលបង្ហាញខ្លួនច្រើនបំផុតនៅ La Liga តាមពីក្រោយ Oscar de Marcos របស់ Athletic Bilbao និង Koke របស់ Atletico Madrid។
Real Madrid នឹងចាប់ផ្តើម Club World Cup ដោយត្រូវជួបជាមួយក្រុមអារ៉ាប៊ីសាអ៊ូឌីត Al-Hilal មុនបន្តជួបក្លិបម៉ិកស៊ិក Pachuca និងក្លិបអូទ្រីស RB Salzburg៕