កីឡាករហូឡង់ Olav Kooij ឈ្នះដំណាក់កាលទី ១២ ប្រណាំងកង់ grand Tour, Giro d’Italia
កីឡាករប្រណាំងកង់ហូឡង់ Olav Koiij បានប្រជែងឈ្នះដំណាក់កាលទី ១២ នៃព្រឹត្តិការណ៍ប្រណាំងកង់លំដាប់ Grand Tour, Giro d’Italia ខណៈដែលកីឡាករម៉ិកស៊ិក Isaac del Toro បន្តដឹកនាំតារាងវេលារួម។
ដំណាក់កាលទី ១២ ដែលមានចំងាយផ្លូវ ១៧២ គីឡូម៉ែត្រចេញពី Modena ទៅ Viadana ភាគខាងជើងប្រទេសអ៊ីតាលី Olav Kooij ដែលជិះឱ្យក្រុម Visma-Lease a Bike ប្រើពេល ៣ ម៉ោង ៥៥ នាទី ៤០ វិនាទី ដើម្បីមកដល់ទីព្រ័ត្រមុនគេ ពោលគឺវ៉ាគូប្រជែងនៅចំណុចចុងក្រោយគឺមិត្តរួមជាតិហូឡង់ Casper van Uden ដែលទទួលបាន ចំណាត់ថ្នាក់លេខពីរ និងលេខបីបានទៅកីឡាករអង់គ្លេស Ben Turner។
ក្រោយ ១២ ដំណាក់កាលនេះ កីឡាករម៉ិកស៊ិក Isaac del Toro ជិះឱ្យក្រុម UAE Team Emirate នៅតែបន្តនាំមុខគេក្នុងតារាងរួមជាមួយនឹងថេរវេលាសរុប ៣៨ ម៉ោង ៤៧ នាទី ១ វិនាទី តាមពីក្រោយ ៣៣ វិនាទីដោយកីឡាករអេស្ប៉ាញ Juan Ayuso និងលេខបីកីឡាករម្ចាស់ផ្ទះអ៊ីតាលី Antonio Tiberi យឺតជាង ១ នាទី ៩ វិនាទី។
សម្រាប់ដំណាក់កាលទី ១៣ ថ្ងៃសុក្រនេះមានចំងាយផ្លូវ ១៨០ គីឡូម៉ែត្រចេញពី Rovigo ទៅ Vicenza ភាគខាងជើងប្រទេសអ៊ីតាលី៕