Raphinha បន្តកិច្ចសន្យាថ្មីដល់ឆ្នាំ ២០២៨ និងចង់ចូលនិវត្តន៍ជាមួយ Barcelona

ខ្សែប្រយុទ្ធស្លាបប្រេស៊ីល Raphinha បាននិយាយថា ក្តីសុបិន្តរបស់គេគឺនឹងនៅជាមួយ Barcelona ដល់ចុងក្រោយនៃអាជីពកីឡាករ។ ការលើកឡើងបែបនេះគឺបន្ទាប់ពីចុះហត្ថលេខាកិច្ចសន្យាថ្មីជាមួយ Barcelona ដែលមានសុពលភាពដល់ឆ្នាំ ២០២៨។
កីឡាករវ័យ ២៨ ឆ្នាំរូបនេះបានស៊ុតបញ្ចូលទី ៣៤ គ្រាប់ ប៉ះបញ្ជូន ២៥ ក្នុងការបង្ហាញខ្លួន ៥៦ ប្រកួតជាមួយ Barcelona រដូវកាលនេះក្រោមការដឹកនាំរបស់អ្នកចាត់ការ Hansi Flick ឈ្នះជើងឯកក្នុងស្រុកទាំងអស់រួមមាន La Liga, Copa del Rey និង Spanish Super Cup។
Raphinha បានផ្លាស់មកកាន់ Barcelona កាលពីឆ្នាំ ២០២២ ផ្ទេរពី Leeds United ក្នុងតម្លៃ ៥៥ លានផោន។
បន្ទាប់ពីស៊ុតបញ្ចូលទីបានត្រឹម ១៣ គ្រាប់ក្នុងពីររដូវកាលដំបូងនៅ Barcelona, Raphinha ធ្លាប់ធ្លាក់ក្នុងបញ្ជីលក់ចេញ ស្របពេលក្លិបកំពុងជួបវិបត្តិហិរញ្ញវត្ថុ។
តែរដូវកាល ២០២៤-២៥ នេះ ជាការស្តារកិត្តិយសឡើងវិញគួរកត់សំគាល់ ក្រោយស៊ុតបញ្ចូលទី ១៨ គ្រាប់នៅ La Liga។
Raphinha ក៏រកបាន ១៣ គ្រាប់ផ្សេងទៀតនៅ Champions League និងប៉ះប៉ញ្ជូន ៩ នាំក្រុមឡើងដល់វគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្រ។
Barcelona នឹងបិទបញ្ចប់រដូវកាល La Liga របស់ខ្លួនក្នុងនាមជាជើងឯកដោយត្រូវជួបក្រុមម្ចាស់ផ្ទះ Athletic Bilbao នៅថ្ងៃសៅរ៍នេះ៕

អត្ថបទដែលជាប់ទាក់ទង