ព្រលានយន្តហោះតេជោ នឹងបើកដំណើរការជាផ្លូវការនៅថ្ងៃទី៩ កញ្ញាឆ្នាំនេះមុនថ្ងៃសម្ពោធជាង ១ខែ

កណ្ដាល ៖ អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រៀមសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនៅអំឡុងពាក់កណ្ដាលខែតុលាឆ្នាំនេះ ខណៈការបើកឱ្យប្រតិបត្តិការជាផ្លូវការត្រូវធ្វើនៅមុនថ្ងៃសម្ពោធជាងមួយខែមុន។…..
ការបើកឱ្យប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិតេជោលំដាប់ 4F ត្រូវបានកំណត់យកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ជាកាលបរិច្ឆេទបើកឱ្យប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ 4F ជាផ្លូវការ។ នេះបើតាមរដ្ឋលេខាធិការដា្ឋនអាកាសចរណ៍ស៊ីវិលជូនដំណឹងឱ្យដឹងនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥នេះ។
ប្រភពដដែលបញ្ជាក់បន្ថែមថា កម្មវិធីសម្ពោធបើកឱ្យប្រើប្រាស់នូវអាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ 4F នេះជាផ្លូវការនឹងកំណត់យកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់រប ស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។
អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាអាកាសយានដ្ឋានធំជាងគេនៅកម្ពុជា ដែលមានលំដាប់ថ្នាក់ 4F និងអនុញ្ញាតឱ្យយន្តហោះខ្នាតធំបំផុតរបស់ពិភពលោកដូចជា Boeing 747-800 និង Airbus A380-800ចុះចតបាន។ យន្តហោះយក្សទាំងពីរប្រភេទនេះអាចផ្ទុកអ្នកដំណើរបានជាង ៥០០នាក់ក្នុងមួយយន្តហោះ។ អាកាសយានដ្ឋានអន្តរជាតិតេជោ មានទីតាំងស្ថិតនៅក្នុងទឹកដីខេត្តកណ្តាល និងខេត្តតាកែវ និងមានចម្ងាយប្រមាណ ២០ គីឡូម៉ែត្រ ភាគខាងត្បូងរាជធានីភ្នំពេញ។ អាកាសយានដ្ឋាននេះសាងសង់លើផ្ទៃដីទំហំ ២៦០០ ហិកតា។
សារព័ត៌មានដ៏ល្បាញល្បីរបស់អាម៉េរិក គឺ CNN បានចេញផ្សាយដោយចាត់ទុកអាកាសយានដ្ឋានអន្តរជាតិតេជោ(Techo International Airport)ថា ជាស្ថាបត្យកម្មដ៏មានឥទ្ធិពលលើពិភពលោកក្នុងឆ្នាំ២០ ២៥ ក្នុងចំណោមស្ថាបត្យកម្មដ៏មានឥទ្ធិពលចំនួន ១១។
CNN រំលេចបន្ថែមថា ក្នុងឆ្នាំ២០២៥ នេះ ក្រៅពីអាកាសយានដ្ឋានអន្តរជាតិតេជោរបស់កម្ពុជា មាន ស្ថាបត្យកម្មដ៏មានឥទ្ធិពលលើពិភពលោកចំនួន ១០ ទៀតក្នុងនោះមានដូចជា New Sydney Fish Market នៅអូស្ត្រាលី, Grand Ring នៅជប៉ុន, Life and Mind Building នៅចក្រភពអង់គ្លេស, Canadian School នៅម៉ិចស៊ិក, South Station redevelopment នៅអាម៉េរិក, Goethe-Institute នៅសេណេហ្កាល់ , Urban Glen នៅចិន, Riyadh Metro នៅអារ៉ាប៊ីសាអូឌីត, Skypark Business Center នៅ Luxembourg និង Danjiang Bridge នៅកោះតៃវ៉ាន់ជាដើម៕

អត្ថបទដែលជាប់ទាក់ទង