Djokovic អបអរខួប ៣៨ ឆ្នាំជាមួយនឹងជ័យជំនះឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Geneva Open

ម្ចាស់ជើងឯក Grand Slam ២៤ លើក Novak Djokovic បានអបអរខួបកំណើតឈានចូលវ័យ ៣៨ ឆ្នាំរបស់ខ្លួនជាមួយនឹងជ័យជំនះ Matteo Arnaldi ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Geneva Open នៅប្រទេសស្វ៊ីស។
នេះជាការសងសឹកបានសម្រេចសម្រាប់ Djokovic ដែលធ្លាប់ចាញ់កីឡាករអ៊ីតាលីរូបនេះកាលពីខែមេសាកន្លងទៅជុំទីបួន Madrid Open។
Novak Djokovic បានយកឈ្នះ Matteo Arnaldi ដោយលទ្ធផលពីរសិតផ្ទួនៗ ៦-៤ និង ៦-៤ បន្តដំណើរត្រៀមលក្ខណៈដ៏ល្អរបស់ខ្លួនសម្រាប់ Grand Slam, French Open។
ជុំបួននាក់ចុងក្រោយ Djokovic នឹងត្រូវជួបជាមួយកីឡាករអង់គ្លេស Cameron Norrie ដែលវាយបកយកឈ្នះកីឡាករអូស្រ្តាលី Alexei Popyrin។
ក្រោយចប់ការប្រកួត Novak Djokovic ក៏ទទួលបាននំខួបកំណើតផងដែរ ក្នុងការអបអរខួបឈានចូលវ័យ ៣៨ ឆ្នាំរបស់ខ្លួន។
ព្រឹត្តិការណ៍ Grand Slam, French Open នឹងចាប់ផ្តើមថ្ងៃអាទិត្យនេះ ខណៈដែល Novak Djokovic ប៉ុនប៉ងចង់ឈ្នះដើម្បីបំបែកកំណត់ត្រាកីឡាករឈ្នះជើងឯក Grand Slam ច្រើនបំផុត៕

អត្ថបទដែលជាប់ទាក់ទង