អ្នកឧកញ៉ា ហុង ពីវ ចំណាយប្រាក់អស់ជាង ៣៨ លានដុល្លារ ក្នុងការទិញផ្ទះពីអតិថិជនវិញ ធ្វើឱ្យក្រុមហ៊ុនពុំមានលទ្ធភាពបន្តទៀតទេ ដូចនេះក្រុមហ៊ុនសម្រេចកែប្រែលក្ខខណ្ឌ
រយៈពេលជិត២ឆ្នាំ ក្រុមហ៊ុន បុរីពិភពថ្មី របស់អ្នកឧកញ៉ា ហុង ពីវ បានចំណាយប្រាក់អស់ចំនួន ៣៨,៤៥០,០០០ ដុល្លារអាម៉េរិក ក្នុងការទិញផ្ទះពីអតិថិជនវិញ រហូតដល់ ៣,៥៧១ផ្ទះ គិតចាប់តាំងពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ រហូតមកទល់ពេលនេះ សរុបរយៈពេល ១៨ខែ។ តាមរយៈសេចក្តីប្រកាសក្រុមហ៊ុនបានបញ្ជាក់ថា ដោយសារស្ថានភាពសេដ្ឋកិច្ចជាសកលមិនទាន់ល្អនៅឡើយ ធ្វើឱ្យក្រុមហ៊ុនពុំមានលទ្ធភាពបន្តទៀតទេ ដូចនេះក្រុមហ៊ុនសម្រេចកែប្រែលក្ខខណ្ឌ ដូចខាងក្រោម៖
១. កិច្ចសន្យាទិញលក់ផ្ទះ មានលក្ខខណ្ឌទទួលទិញវិញ។
ក្រុមហ៊ុនទទួលទិញផ្ទះវិញ ទៅតាមលក្ខខណ្ឌដែលបានចែងក្នុងកិច្ចសន្យា និងត្រូវទូទាត់ជាក់ស្តែងជាមួយប្រាក់ជំពាក់បង់ប្រចាំខែ។
២. កិច្ចសន្យាទិញលក់ផ្ទះ គ្មានលក្ខខណ្ឌទទួលទិញវិញ
ក្រុមហ៊ុនទទួលទិញវិញតែប្រាក់ដើម បូកបន្ថែមជាមួយប្រាក់បានកក់ និងប្រាក់បានសងដើម ទូទាត់ជាក់ស្តែងជាមួយប្រាក់ជំពាក់បង់ប្រចាំខែ ប្រាក់នៅសល់ក្រោយទូទាត់ មិនអាចលើសពី ៧,០០០ដុល្លារ។ ករណីប្រាក់នៅសល់ក្រោយទូទាត់លើសពី ៧,០០០ដុល្លារ ក្រុមហ៊ុនទទួលទិញវិញត្រឹម ៧,០០០ដុល្លារ។
បញ្ជាក់ ៖ សម្រាប់តែអតិថិជនកំពុងបង់រំលស់មានផ្ទះតែមួយ និងបានទិញមុនថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣។
គួររម្លឹកថា កន្លងមក អ្នកឧកញ៉ា ហុង ពី ក៏ធ្លាប់ថ្លែងអំណរគុណដល់អតិថិជនដែលបានយល់ និងគាំទ្រលក្ខខណ្ឌថ្មីរបស់ក្រុមហ៊ុនជាបន្តបន្ទាប់។ លោកធ្លាប់បានបញ្ជាក់ថា ទោះបីស្ថិតក្នុងស្ថានភាពដ៏លំបាកចំណូលធ្លាក់ចុះយ៉ាងគំហុក ក៏លោកខិតខំប្រឹងប្រែងប្រមែប្រមូលប្រាក់ពីគ្រប់ផ្នែក ដើម្បីយកមកទប់ទល់នឹងស្ថានការណ៍បច្ចុប្បន្ននេះ ៕