ម្ចាស់រថយន្តដែលបើកលឿន និងបុកសិស្សឆ្លងផ្លូវចេញពីសាលាដ៏រន្ធត់ នៅខេត្តកំពង់ឆ្នាំង បានសងសំណងរដ្ឋប្បវេណី តែនៅជាប់បណ្តឹងអាជ្ញា
(កំពង់ឆ្នាំង)៖ ម្ចាស់រថយន្តដែលបានបើកលឿន និងបុកសិស្សឆ្លងផ្លូវចេញពីសាលាយ៉ាងរន្ធត់ នៅខេត្តកំពង់ឆ្នាំងនោះ បានសងសំណងរដ្ឋប្បវេណីទៅក្រុមគ្រួសារសិស្សរួចហើយ ប៉ុន្តែក៏ត្រូវបានអនុវត្តបណ្តឹងអាជ្ញាដែរ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១៥៖៤០នាទី ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ នៅតាមបណ្ដោយផ្លូវជាតិលេខចន្លោះគីឡូម៉ែត្រលេខ១២០-១២១ ត្រង់ចំណុចមុខសាលាបឋមសិក្សាស្វាយក័ល្ប ស្ថិតក្នុងភូមិតាប៉ាង ឃុំចក ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
រថយន្តគ្រឿងនេះមានម៉ាក toyota (Sicna) ពណ៌ស ពាក់ស្លាកលេខបន្ទាយមានជ័យ 2C -7099 បុកជាមួយកង់ជិះដោយកុមារីម្នាក់ឈ្មោះ យឺន កញ្ញា អាយុ១៤ឆ្នាំ ជាសិស្សសាលា បណ្ដាលឲ្យរងរបួសបាក់ឆ្អឹងដងកាំបិត ផ្នែកខាងស្ដាំ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។
លោកវរសេនីយ៍ឯក លី ណា នាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បន្ទាប់ពីកើតហេតុសមត្ថកិច្ច បានស្រាវជ្រាវ និងកំណត់មុខសញ្ញាបានភ្លាមៗដែរ។ ភាគីឪពុករបស់តៃកុងរថយន្ត ក៏បានចូលខ្លួនមកដោះស្រាយជាមួយនឹងជនរងគ្រោះ ដោយព្រមព្រៀងគ្នាជួយបង់ថ្លៃព្យាបាលជូនជនរងគ្រោះក្នុងតម្លៃ៤លានរៀល និងបានធ្វើកំណត់ហេតុព្រមទទួលយករៀងៗខ្លួន។
នាយការិយាល័យចរាចរណ៍ផ្លូវគោក បានបញ្ជាក់ថា ចំពោះសំណងរដ្ឋប្បវេណី គឺបានព្រមព្រៀងគ្នា និងអាចទទួលយកបានទាំងសងខាងហើយ។ ដោយឡែកពាក់ព័ន្ធនឹងក្រមព្រហ្មទណ្ឌ គឺនៅជាប់បណ្ដឹងអាជ្ញា ដូច្នេះករណីនេះលោកបានកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅតុលាការចាត់ការបន្តផងដែរ។
លោកបានបញ្ជាក់ថា ចំពោះជនរងគ្រោះ គឺរងរបួសបាក់ឆ្អឹងដងកាំបិត ហើយបន្ទាប់ពីមានការយកចិត្តទុកដាក់ព្យាបាលពីក្រុមគ្រូពេទ្យ បច្ចុប្បន្នកុមារីរងគ្រោះនាងក៏មានអាការៈធូរស្រាលស្រាលច្រើនហើយ។
សូមរំលឹកថា កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងរវាងរថយន្តជាមួយនឹងកង់ ដែលករណីនេះកើតហេតុនៅក្នុងឃុំចកស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ហើយត្រូវបានបណ្ដាញសង្គមផុសឃ្លីបវីដេអូពាក់ព័ន្ធករណីគ្រោះថ្នាក់ខាងលើនេះព្រោងព្រាត ដែលមើលទៅគួរឱ្យរន្ធត់៕