ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ កម្ពុជាមានឆន្ទៈមោះមុតដើម្បីចរចា ហើយការចរចានេះគឺដើម្បីផលប្រយោជន៍កម្ពុជា
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងជាប្រធានក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី កម្ពុជា-សហរដ្ឋអាម៉េរិក បានថ្លែងបញ្ជាក់ថា តាមបទបញ្ជាណែនាំដ៏ខ្ពង់ខ្ពស់ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺយើងត្រូវទៅចរចាហើយការចរចានោះ គឺដើម្បីផលប្រយោជន៍កម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា៖ “គេចរចាដើម្បីការពារផលប្រយោជន៍របស់គេ ឯយើងក៏ត្រូវតែខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាពក្នុងការចរចា ដើម្បីការពារផលប្រយោជន៍របស់កម្ពុជាយើង ដើម្បីថែរក្សាការងារដែលយើងកំពុងមាន ហើយនឹងខិតខំប្រឹងប្រែងទាក់ទាញអ្នកវិនិយោគផ្សេងៗទៀត ដើម្បីមកបណ្តាក់ទុននៅកម្ពុជា ក៏ដើម្បីបង្កើតឱកាសការងារជូនបងប្អូនប្រជាពលរដ្ឋយើង។ ទាំងនេះគឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាលយើង”។
បន្ថែមពីលើនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី មានចក្ខុវិស័យវែងឆ្ងាយណាស់ ដូចជាទិសដៅនៃការក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ជាដើម។ ដូច្នេះហើយ ការទាក់ទាញអ្នកវិនិយោគមកបណ្តាក់ទុនលើវិស័យទំនើបៗដូចជា អេឡិចត្រូនិក និងAutomotive ។ល។ ដែលជាវិស័យនាំឱ្យយើងឈានទៅដល់ប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០បាន។ ដូច្នេះហើយ នៅពេលមានការបណ្តាក់ទុនហើយ ប៉ុន្តែមិនមានការនាំចេញទៅគេវិញដោយសារតែអត្រាពន្ធនេះ ក៏មានការលំបាក។
សូមបញ្ជាក់ថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល រួមដំណើរដោយលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំក្រុមការងារធ្វើដំណើរទៅសហរដ្ឋអាម៉េរិក ដើម្បីចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ រវាងកម្ពុជា និងសហរដ្ឋអាម៉េរិក ដែលនឹងប្រព្រឹត្តទៅនៅរដ្ឋធានីវ៉ាស៊ីនតោន នៅមួយរសៀលថ្ងៃទី១៣ និងមួយរសៀលថ្ងៃទី១៤ ដោយឡែក នៅថ្ងៃទី១៥ ខែឧសភា នឹងមានការចរចាមួយថ្ងៃពេញ៕