ចិននិងអាមេរិក អង្គុយចរចាគ្នារឿងបញ្ហាពាណិជ្ជកម្ម ក្រោយធ្វើសង្រ្គាមពន្ធយ៉ាងកក្រើក

(ហ្សឺណែវ)៖ ចិននិងសហរដ្ឋអាមេរិក នាថ្ងៃសៅរ៍ ទី១០ ខែឧសភា បានចាប់ផ្តើមហើយនូវជំនួបកម្រិតខ្ពស់ស្តីពីបញ្ហាសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ក្នុងទីក្រុងហ្សឺណែវនៃប្រទេសស្វីស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Xinhua។
ជំនួបខាងលើរវាងរដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent និងប្រធានតំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson Greer ជាមួយគណៈប្រតិភូចិន ដឹកនាំដោយឧបនាយករដ្ឋមន្រ្តី លោក He Lifeng គឺជាកិច្ចពិភាក្សាជាន់ខ្ពស់លើកដំបូងបង្អស់ រវាងកំពូលមហាអំណាចសេដ្ឋកិច្ចទាំងពីររបស់ពិភពលោក ចាប់តាំងពីសង្រ្គាមពាណិជ្ជកម្មបានផ្ទុះឡើង កាលពីខែមេសាកន្លងទៅ។ កិច្ចចរចាពាណិជ្ជកម្មចិន-អាមេរិកខាងលើ នឹងប្រព្រឹត្តទៅពេញមួយចុងសប្តាហ៍នេះ។
គួរបញ្ជាក់ថា ចាប់តាំងពីប្រធានាធិបតីអាមេរិក លោក ដូណាល់ បានត្រឡប់មកកាន់អំណាចសាជាថ្មី កាលពីដើមឆ្នាំ២០២៥នេះ សហរដ្ឋអាមេរិកបានដំឡើងពន្ធសរុប១៤៥ភាគរយ លើទំនិញនាំចូលពីប្រទេសចិន ខណៈបើបូករួមជាមួយពន្ធមានស្រាប់ពីមុនមក ទំនិញចិនមួយចំនួន ត្រូវប្រឈមការយកពន្ធរហូតដល់២៤៥ភាគរយ។ ជាការឆ្លើយតប ចិនបានដំឡើងពន្ធ ១២៥ភាគរយវិញ លើទំនិញរបស់អាមេរិក។ ពាក់ព័ន្ធនឹងកិច្ចចរចាខាងលើ ភាគីទាំងពីរកន្លងមកសុទ្ធតែបានអះអាងដូចគ្នាថា ភាគីម្ខាងទៀតគឺជាអ្នកទាក់ទងមកខ្លួនមុន ដើម្បីសុំចរចាគ្នា៕

អត្ថបទដែលជាប់ទាក់ទង