ការប្រកួតព្រះខ័នរាជស្វាយរៀង ជួបក្រុមភ្ញៀវ Arkdag ដណ្ដើមពានកម្រិត៣ ប្រចាំទ្វីបអាស៊ី AFC Challenge League ចាប់ផ្តើមហើយ !

(ភ្នំពេញ)៖ ការប្រកួតរបស់ក្លិបព្រះខ័នរាជស្វាយរៀង ដែលត្រូវជួបក្លិប FK Arkadag របស់ប្រទេសតួកម៉េនីស្ថាន វគ្គផ្ដាច់ព្រ័ត្រពានកម្រិត៣ ប្រចាំទ្វីបអាស៊ី AFC Challenge League 2024/25 នាវេលាម៉ោង ៧យប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥នេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ បានចាប់ផ្តើមហើយ។
ជុំវិញព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រលើទឹកដីកម្ពុជានេះ គ្រូបង្វឹកក្រុមទាំងពីរ បានបង្ហាញពីការត្រៀមខ្លួនរួចរាល់ ដើម្បីប្រជែងពាន ស្របពេលអ្នកគាំទ្រភ្លូកទឹកភ្លូកដី កំពុងទន្ទឹងរង់ចាំការប្រកួតនេះ ពិសេសអ្នកគាំទ្របាល់ទាត់កម្ពុជា ដែលត្រៀមចូលរួមទស្សនាផ្ទាល់ជាង ៥ម៉ឺននាក់ ក៏ដូចជាការទស្សនាតាមស្លាយ (LED) នៅតាមរាជធានី-ខេត្តជាច្រើន ដែលបានប្រកាសរៀបចំការផ្សាយបន្ដផ្ទាល់ពីការប្រកួតវគ្គផ្ដាច់ព្រ័ត្រនេះ។
មុនការប្រកួតមកដល់ លោក Pep Munoz គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង បានថ្លែងអំណរគុណ ចំពោះសន្ទុះនៃអ្នកគាំទ្របាល់ទាត់ដ៏អស្ចារ្យនៅកម្ពុជា ហើយលោក ក៏ដូចជាក្រុម នឹងខំប្រឹង ដើម្បីផ្ដល់នូវការប្រកួតមួយដ៏ល្អ ដើម្បីឆ្លើយតបនឹងការគាំទ្រដ៏ខ្លាំងក្លានេះ ។ លោកទទួលស្គាល់ Arkadag គឺជាក្រុមខ្លាំង ពិសេសព្យាយាមលេងដាក់សម្ពាធដោយថាមពល តែព្រះខ័នរាជ ក៏មានចំណុចល្អ ហើយលោកនឹងប្រើប្រាស់នូវភាពវិជ្ជមាននេះ ដើម្បីផ្ដល់នូវភាពសប្បាយរីករាយជូនអ្នកគាំទ្របាល់ទាត់ទាំងអស់នៅកម្ពុជា។
ដោយឡែកលោក Ahmet Allaberdiyev គ្រូបង្វឹកក្រុម FK Arkadag បានលើកឡើងថា នេះគឺជាជំនួបដ៏សំខាន់ ដ្បិតលោកដឹងថា នឹងមានអ្នកគាំទ្រចូលរួមទស្សនាពេញពហុកីឡដ្ឋានជាតិមរតកតេជោ ។ លោកបានចាត់ទុកវត្តមានអ្នកគាំទ្រដ៏ច្រើននេះ គឺជាកម្លាំងចិត្តមួយ ដើម្បីជំរុញមហិច្ឆតារបស់ក្រុម ក្នុងការប្រកួតប្រជែង ទោះបីជាការប្រកួតក្រៅដីក្ដី ដើម្បីសម្រេចគោលដៅក្លាយជាជើងឯក ។ លោកទទួលស្គាល់ ព្រះខ័នរាជស្វាយរៀង គឺជាក្រុមខ្លាំង ។ ដូច្នេះលទ្ធផលយ៉ាងណា នឹងដឹងច្បាស់ក្រោយចប់ការប្រកួតយប់នេះ។
គួរដឹងថា សំបុត្រចូលទស្សនាការប្រកួតវគ្គផ្ដាច់ព្រ័ត្រ AFC Challenge League 2024/25 រវាងព្រះខ័នរាជស្វាយរៀង និង FK Arkdaga យប់នេះ ចំនួន ៥៣,០០០សំបុត្រ ត្រូវបានប្រកាសលក់អស់តាំងពីថ្ងៃទី៧ ខែឧសភា ។ នេះជាលើកដំបូងហើយ ដែលវគ្គផ្ដាច់ព្រ័ត្រពានកម្រិតទ្វីបអាស៊ី បានរៀបចំការប្រកួតនៅកម្ពុជា ស្របពេលពហុកីឡដ្ឋានជាតិមរតកតេជោ បានរៀបចំ និងត្រៀមខ្លួនរួចរាល់ ដើម្បីទទួលការប្រកួតនេះ ជាមួយការរៀបចំនូវចំណត និងច្រកចូលជាច្រើន សម្រាប់សម្រួលដល់ទស្សនិកជន ដែលចូលរួមទស្សនាផ្ទាល់ការប្រកួតនេះ៕

អត្ថបទដែលជាប់ទាក់ទង