Banner Detail Top

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញបើកពិធីបុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាប

(សៀមរាប)៖ នៅល្ងាចថ្ងៃសៅរ៍ ៧កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតី បើកពិធីបុណ្យទន្លេលើកទី៨ នៅក្នុងខេត្តសៀមរាប។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញបើកពិធីបុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាប៖
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះក្រសួងទេសចរណ៍, គណៈកម្មការអន្តរក្រសួង, ក្រសួង-ស្ថាប័នពាក់ព័ន្ធ, រដ្ឋបាលខេត្តសៀមរាប, សហភាពសហព័ន្ធ យុវជនកម្ពុជា និង វិស័យឯកជន ដែលបានរួមសហការគ្នារៀបចំពិធីបុណ្យទន្លេលើកទី ៨, ក្រោម ប្រធានបទដ៏មានសារៈសំខាន់ គឺ «ទន្លេដើម្បីសន្តិភាព និង ការអភិវឌ្ឍ»។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, កម្ពុជាទទួលបានសុខសន្តិភាពពេញលើផ្ទៃប្រទេស ដែលពុំធ្លាប់មានក្នុងរយៈពេលជាង ៥០០ឆ្នាំក្នុងប្រវត្តិសាស្ត្រ ជាមួយនឹងការអភិវឌ្ឍ លើគ្រប់វិស័យ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជាមួយសុខសន្តិភាព កម្ពុជាបានក្លាយជាគោលដៅទេសចរណ៍ វិនិយោគ និងពាណិជ្ជកម្ម ដ៏គួរឱ្យ ទាក់ទាញមួយក្នុងតំបន់អាស៊ី, ជាពិសេសបានធ្វើឱ្យវិស័យទេសចរណ៍ក្លាយជាកម្លាំងចលករ ដ៏សំខាន់ក្នុងរយៈពេល៣០ឆ្នាំ ចុងក្រោយនេះ ក្នុងការចូលរួមជំរុញវឌ្ឍនភាពសេដ្ឋកិច្ចកម្ពុជា ឱ្យកើនឡើងប្រមាណ១៣ដង ចាប់ពីឆ្នាំ១៩៩៣-២០២៣។
* ដោយភ្ជាប់ទៅនឹងអនុស្សាវរីយ៍របស់នាយករដ្ឋមន្ត្រីអូស្ត្រាលី លើទឹកដីអង្គរកាលពីឆ្នាំ១៩៨៧ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កាលពីមុនសៀមរាប មិនមានសំឡេងទេសចរណ៍អ៊ូអរកងរំពងដូចពេលបច្ចុប្បន្ននេះឡើយ។ នេះហើយជាផលលាភនៃសុខសន្តិភាព។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ, វិស័យទេសចរណ៍កម្ពុជាបានរីកលូតលាស់ គួរជាទីមោទនៈ ដោយបានចូលរួមចំណែកយ៉ាងច្រើនក្នុង ផ.ស.ស. ជាតិ។ ប៉ុន្តែកំណើននេះ ត្រូវបានបង្អាក់ស្ទើរតែទាំងស្រុង ដោយសារការរីករាលដាលនៃវិបត្តិជំងឺកូវីដ១៩ ដែលបាន ជះឥទ្ធិពលជាអវិជ្ជមានដល់សុខភាពសាធារណៈ និង បង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការ អភិវឌ្ឍសង្គម-សេដ្ឋកិច្ច និង ពាណិជ្ជកម្មអន្តរជាតិនៅទូទាំងសកលលោក។
* សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ១៩, រាជរដ្ឋាភិបាល នីតិកាលទី៦ បានប្រែក្លាយវិបត្តិទៅជាកាលានុវត្តភាពសម្រាប់ការស្តារ និងការកែលម្អរចនាសម្ព័ន្ធចាំបាច់នានាសំដៅគាំទ្រដល់កិច្ចដំណើរការឡើងវិញ នៃវិស័យទេសចរណ៍ដ៏សំខាន់របស់កម្ពុជា។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្រាប់ខេត្តសៀមរាប រាជរដ្ឋាភិបាលបានសម្រេចចិត្តជាយុទ្ធសាស្ត្រ ក្នុងការស្ថាបនាបណ្តាញផ្លូវ៣៨ខ្សែ និង ការរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងការស្ដារ និងកែលម្អស្ទឹងសៀមរាប ដែលបានធ្វើឱ្យខេត្តសៀមរាបកាន់តែមានភាពទាក់ទាញបន្ថែមទៀត។ សមិទ្ធផលថ្មីទាំងនេះបានកំពុងបំពេញថាមពលបន្ថែមដល់វិស័យទេសចរណ៍ ក្នុងខេត្តទេសចរណ៍វប្បធម៌ និង ប្រវត្តិសាស្ត្រដ៏រុងរឿងនេះ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធនាការ «ទស្សនាសៀមរាប ឆ្នាំ២០២៤» និងបានកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន កម្ពុជា-ចិន និង ឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា លើកទី១ ដើម្បីលើកស្ទួយវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប និង ជួយ ជំរុញឱ្យទេសចរណ៍ដ៏មានសក្តានុពលពីប្រទេសទាំងពីរ ចូលមកទស្សនានៅកម្ពុជាកាន់តែច្រើន។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចបានចេញអនុក្រឹត្យបង្កើតក្រុងរុនតាឯកតេជោសែន ដើម្បីជំរុញការអភិវឌ្ឍតំបន់រុនតាឯក ឱ្យក្លាយ ទៅជាក្រុងមួយដ៏ស្រស់ស្អាតរបស់ខេត្តសៀមរាប ក្នុងការផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក៏ជាការលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តចាកចេញពីតំបន់រមណីយដ្ឋានអង្គរ។ ការរៀបចំផ្លាស់ទីប្រជាពលរដ្ឋចេញពីតំបន់រមណីយដ្ឋានអង្គរ គឺជាកិច្ចការដ៏ចាំបាច់បំផុត ក្នុងការ បំពេញតាមលក្ខខណ្ឌអង្គការយូណេស្កូ, ជាពិសេសការពារតម្លៃជាសកលនៃរមណីយដ្ឋានអង្គរឱ្យ បន្តស្ថិតក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល នីតិកាលទី៧ បន្តចាត់ទុកវិស័យទេសចរណ៍ជាវិស័យ អាទិភាព ដែលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតឱកាសការងារ, ការបង្កើនប្រាក់ចំណូលជូនប្រជាជនដោយផ្ទាល់ និង ដោយប្រយោល, ការជំរុញការនាំចេញនៅនឹងកន្លែង, ការទ្រទ្រង់កំណើនសេដ្ឋកិច្ច, ការបង្កើនចំណូលជាតិ, ការចូលរួមដល់ការអភិរក្ស វប្បធម៌ និង ការថែរក្សាការពារបរិស្ថាន ធនធានធម្មជាតិរបស់យើង ប្រកបដោយប្រសិទ្ធភាព និង ការទទួលខុសត្រូវខ្ពស់។

* សម្តេចធិបតី ហ៊ុន ម៉ាណែត នៅតែមានសុទិដ្ឋិនិយមថា វិស័យទេសចរណ៍នឹងនៅតែជាវិស័យចន្ទល់សេដ្ឋកិច្ចមួយដ៏សំខាន់ ក្នុងការបង្កើតឱកាសការងារ, មុខរបរ, ប្រាក់ចំណូល និងរួមចំណែកការសម្រេចបានគោលដៅ នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១, ជាពិសេសរួមចំណែកដល់ការសម្រេចបានចក្ខុវិស័យកម្ពុជា ជាប្រទេសចំណូល មធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់ នៅឆ្នាំ២០៥០។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សូមវាយតម្លៃខ្ពស់ចំពោះក្រសួងទេសចរណ៍ ក្រោមការដឹកនាំរបស់ឯកឧត្តម សុខ សូកេន ដែលក្នុងរយៈពេលជាង ៦ខែមកនេះ បានខិតខំដាក់ចេញនូវផែនការ យុទ្ធសាស្ត្រថ្មីៗ ពិសេសគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រ «បង្កើន៥ អភិវឌ្ឍ ៣» និង ទិសដៅកែទម្រង់ មុតស្រួចមួយចំនួនទៀត។
* សម្តេចធិបតី ហ៊ុន ម៉ាណែត សូមស្នើឱ្យគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ផ្តល់កិច្ចសហការល្អជាមួយក្រសួងទេសចរណ៍ ដើម្បីធ្វើយ៉ាងណាសម្រេចឱ្យបាននូវចក្ខុវិស័យខាងលើ និង ជំរុញការអនុវត្តគំនិតផ្តួចផ្តើមពាក់ព័ន្ធនឹងវិស័យទេសចរណ៍នានាឱ្យទទួលបានជោគជ័យ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការអភិវឌ្ឍតំបន់តាមដងទន្លេ មិនមែនធ្វើឡើងសម្រាប់តែពេលបច្ចុប្បន្ននោះទេ ប៉ុន្តែយើងត្រូវគិតគូរឱ្យបានវែងឆ្ងាយ ទៅដល់អនាគត ដោយត្រូវមានផែនការច្បាស់លាស់ និង គ្រប់ជ្រុងជ្រោយ ស្របពេលដែលពិភពលោកទាំងមូលបាន និង កំពុងប្រឈមនឹងការវិវត្តថ្មីៗ ទាំងលើនយោបាយ សេដ្ឋកិច្ច សង្គម និងបរិស្ថាន។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គោលដៅអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលនីតិកាលថ្មី គឺមិនចោលប្រជាពលរដ្ឋរូបណាម្នាក់នោះឡើយ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត ឯកភាពកំណត់ឱ្យមានជាប្រចាំឆ្នាំនូវព្រឹត្តិការណ៍នានា ដើម្បីទាក់ទាញអ្នកទេសចរ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ត្រូវពង្រឹងយន្តការដៃគូរវាងរដ្ឋ និងវិស័យឯកជន ដើម្បីជំរុញសកម្មភាពទេសចរណ៍នៅកម្ពុជា។
* សម្តេចធិបតី ហ៊ុន ម៉ាណែត ការស្វាគមន៍នៅព្រលានយន្តហោះជារឿងដំបូងគេ ដើម្បីទាក់ទាញអ្នកទេសចរ និងអាចទាកចិត្តអ្នកទេសចរ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំរៀបចំភ្លេងឆៃយាំស្វាគមន៍អ្នកទេសចរនៅតាមព្រលានយន្តហោះ ស្វាគមន៍អ្នកទេសចរចូលមកលេងកម្សាន្តនៅកម្ពុជា។
* សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំស្វាគមន៍ពលករខ្មែរត្រឡប់មកពីថៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។
* សម្តេចធិបតី ហ៊ុន ម៉ាណែត សូមលើកទឹកចិត្ត និងផ្ដល់នូវទស្សនៈចំនួន៩ចំណុច ដើម្បីរួមចំណែកដល់ការលើកកម្ពស់វិស័យទេសចរណ៍។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់ការថ្លែងសុន្ទរកថាសំណេះសំណាលនៅវេលាម៉ោង ៧៖៣២នាទី នាយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ ៕

អត្ថបទដែលជាប់ទាក់ទង