ក្រុមការងារថ្នាក់ខេត្ត ចុះជួយរុះរើផ្ទះជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់

ព្រះវិហារ៖ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ម្សិលមិញនេះ ក្រោមការដឹកនាំដ៏សកម្មរបស់ឯកឧត្តម កង សៅគុណ អនុប្រធានទី១ ក្រុមការងារថ្នាក់ខេត្តចុះជួយមូលដ្ឋានស្រុកជ័យសែន ដឹកនាំកម្លាំងចម្រុះសរុប ១១៨នាក់ (ស្ត្រី ៣៩នាក់) បានរួបរួមសាមគ្គីគ្នា ចុះជួយរុះរើផ្ទះជូនប្រជាពលរដ្ឋនៅភូមិស្លែង ឃុំខ្យង ស្រុកជ័យសែន ដែលបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់ កាលពីល្ងាចថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥កន្លងមក។
ក្នុងឱកាសនោះឯកឧត្តម កង សៅគុណ ក៏បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ ក្នុងនាមតំណាង ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តព្រះវិហារ បាននាំយកអំណោយជាដែកស័ង្កសីចំនួន ២០០សន្លឹក ជូនដល់ ប្រជាពលរដ្ឋ១០គ្រួសារ ដែលរងគ្រោះធម្មជាតិ ស្ថិតនៅក្នុងឃុំខ្យង ចំនួន១០០សន្លឹក និង០៩គ្រួសារទៀត ក្នុងឃុំតស៊ូ ដើម្បីជួយសម្រួលដល់ការសាងសង់ លំនៅដ្ឋានរបស់ពួកគាត់ឡើងវិញ ឱ្យបានឆាប់រហ័ស ។
ក្នុងឱកាសចុះជួយរុះរើនោះដែរ ក្រុមការងារក៏បាននាំយកនូវអំណោយ មួយចំនួនដូចជា ទឹកសុទ្ធ ៣០យួរ ទឹកផ្លែឈើ០៣កេស និងថវិកា ចំនួន ១,១២០,០០០រៀល ដែលបង្ហាញយ៉ាងច្បាស់ពីស្មារតីសាមគ្គីភាព និងការយកចិត្តទុកដាក់យ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំខេត្ត ព្រមទាំងគ្រប់ស្ថាប័នពាក់ព័ន្ធ ក្នុងការជួយទំនុកបម្រុង និងសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះមហន្តរាយធម្មជាតិនេះ៕

អត្ថបទដែលជាប់ទាក់ទង