Banner Detail Top

កីឡាការិនីកម្ពុជា បូ សំណាង បានមកដល់អាកាសយានដ្ឋានអន្តរជាតិ ទីក្រុងហូជីមិញ ដើម្បីទទួលពានរង្វាន់ការបំផុសគំនិតក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២

ប្រទេសវៀតណាម ៖ នេះបើយោងតាមប្រភពពី AKP នៅហូជីមិញ នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ ។
កីឡាការិនីកម្ពុជា បូ សំណាង បានមកដល់អាកាសយានដ្ឋានអន្តរជាតិ ទីក្រុងហូជីមិញ ដើម្បីទទួលពានរង្វាន់ការបំផុសគំនិតក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ពីកាសែតយុវវ័យវៀតណាម។
កីឡាការិនីកម្ពុជា បូ សំណាង បានមកដល់អាកាសយានដ្ឋានអន្តរជាតិ តាន់ស៊ុនញឹក ទីក្រុងហូជីមិញ នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីទទួលពានរង្វាន់ការបំផុសគំនិតក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលកន្លងមក ពីកាសែតយុវវ័យវៀតណាម (Tuoi Tre) ដែលមានស្នាក់ការនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។
សូមបញ្ជាក់ថា កីឡាការិនីរត់ប្រណាំង បូ សំណាង ព្យាយាមរត់៥គីឡូម៉ែត្រទាំងមេឃកំពុងធ្លាក់ភ្លៀង ផ្គរ និងខ្យល់កន្ត្រាក់ខ្លាំង ដោយនាងមិនឈប់ឡើយ ទោះបីចាញ់គេច្រើនជុំក៏ដោយ ក៏នាងតស៊ូរហូតដល់ទីដែរ។


សកម្មភាពរបស់កីឡាការិនីរត់ប្រណាំង បូ សំណាង ទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋ និងបង្ហោះព្រោងព្រាត ពេញបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកតាំងពីព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ កាន់តែមានការបង្ហោះ លើ facebook ភាគច្រើន ជាសារកោតសរសើរ ផ្តល់កម្លាំងចិត្តដល់នាង ។
ដោយឡែក កាសែតវៀតណាមនិងកាសែតថៃបានផ្តិតយកសកម្មភាពភាពរត់ចម្ងាយនេះ សរសេរពីភាពតស៊ូរបស់នាង រហូតដល់គោលដៅ ទោះចាញ់ក៏ដោយ ក៏នាងមិនបោះបង់ការរត់ បញ្ឈប់កណ្តាលទីឡើយ។
មានអ្នកខ្លះបានបង្ហោះថា “នេះជាមេរៀនដែលខ្ញុំបានរៀនពី សំណាង” ៖
-ទោះបីជាគោលដៅនៅឆ្ងាយ នាងទៅទាល់តែដល់ទោះយឺតជាងអ្នកដទៃ ។
-ប្រឹងប្រែងទៅមុខ មិនបោះបង់ មិនថាជួបឧបសគ្គបែបណា
-ដំណេីរដ៏វែងឆ្ងាយនៃជីវិតអ្នកនឹងជួបឧបសគ្គគ្រប់បែបយ៉ាង ព្យុះភ្លៀង បង្រៀនយេីងអោយជម្នះទៅមុខទៀត
-អ្នកអាចយំបាន តែអ្នកមិនត្រូវចុះចាញ់ជាដាច់ខាត
-ដល់គោលដៅមុន ឬក្រោយ មិនសំខាន់ កាលដែលសំខាន់ មិនបោះបង់គោលដៅខ្លួនឯងពាក់កណ្តាលទី។
ជីវិតយេីងម្នាក់ៗដូចការរត់ប្រណាំង ឆ្លងកាត់ភ្លៀងព្យុះ ដូច បូ សំណាងបែបនេះឯង។
បូ សំណាង រត់មកដល់ទីក្រោយគេ លើកទង់ជាតិកម្ពុជារបស់នាងទាំងទឹកភ្នែក ពេលមេឃកំពុងភ្លៀង ផ្គរ ខ្យល់កន្ត្រាក់ខ្លាំង ។ សូមជូនពរដល់កីឡាការិនី បូ សំណាង នឹងយកជ័យជម្នះសម្រាប់ពេលក្រោយៗទៀត។ អ្នកមានបេះដូងធំទូលាយ ប្រទេសជិតខាង ត្រូវបានអ្នកប្រមូលបេះដូងបានអស់ហើយ ចំពោះប្រជាពលរដ្ឋជាតិយើងវិញ ពិតរំភើបចិត្ត គាំទ្រអ្នកខ្លាំងបំផុត ៕

អត្ថបទដែលជាប់ទាក់ទង