ផ្លូវជនបទ១ខ្សែក្នុងស្រុកក្រគរ រក្សានូវគុណភាពផ្លូវល្អប្រសើរ ឆ្លើយតបទៅនិងការរស់នៅប្រជាពលរដ្ឋ

ពោធិ៍សាត់ ៖ ផ្លូវជនបទ១ខ្សែ ដែលបញ្ចប់សុពលភាព នៅក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ បានរក្សានូវគុណភាពផ្លូវល្អប្រសើរ ធានានូវប្រសិទ្ធភាព ដល់ការប្រើប្រាស់ផ្លូវជនបទបានយូរអង្វែង ដើម្បីឆ្លើយតបទៅនិងតម្រូវការរស់នៅជាក់ស្តែង របស់ប្រជាពលរដ្ឋនៅមូលដ្ឋានទាំងនោះ។
ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម លើកឡើងនៅក្នុងការ ចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាព លើការងារស្ដារឡើងវិញផ្លូវក្រាលដីល្បាយក្រួសចំនួន ១ខ្សែ ប្រវែង ៥ ៥០០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ ការសាងសង់លូ និងផ្លាកឈ្មោះផ្លូវ ស្ថិតនៅឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ នៅថ្ងៃទី ២ ខែ ឧសភា ឆ្នាំ ២០២៥ នេះថា ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងបន្តការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងគមនាគមន៍ជនបទ ប្រកបដោយភាពធន់ ដើម្បីធានា បាននូវចីរភាពនៃការប្រើប្រាស់ និងឆ្លើយតបទៅនឹងបរិបទ និងតម្រូវការជាក់ស្តែងនៅតំបន់ជនបទ តាមរយៈការស្ថាបនា កែលម្អ លើក កម្រិតគុណភាព ថែទាំ ជួសជុលផ្លូវជាដើម។
ជុំវិញផ្លូវនេះ, ឯកឧត្តម ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ទោះបីផ្លូវនេះត្រូវ បានបញ្ហាសុពលភាពក៏ដោយ តែនៅរក្សាគុណភាពផ្លូវល្អប្រសើរ សម្រាប់ជាប្រយោជន៍សាធារណជន ប្រើប្រាស់ប្រកបដោយនិរន្តភាព និងប្រសិទ្ធភាពខ្ពស់ ជាពិសេសគាំទ្រដល់ការរស់នៅរបស់ប្រជាជននៅមូលដ្ឋាន មានផ្លូវល្អសម្រាប់ធ្វើដំណើរ ក៏ដូចជាការកែប្រែ ដល់លក្ខខណ្ឌរស់នៅរបស់សហគមន៍ជនបទលើផ្នែកសេដ្ឋកិច្ច និងសង្គម តាមរយៈការលើកកម្ពស់ និងការប្រែក្លាយតំបន់ជនបទ ឱ្យទៅជាតំបន់មានភាពរីកចម្រើន ក្រោមការដឹកនាំដ៏មុតស្រួចរបស់រាជរដ្ឋាភិបាល។
ក្នុងពិធីសំណេះសំណាលជាមួយអាជ្ញាធរ, ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងបន្ថែមថា ជុំវិញផ្លូវជនបទនេះ ក្រសួង អភិវឌ្ឍន៍ជនបទ បានផ្តោតយកចិត្តទុកដាក់យ៉ាងខ្លាំង និងកំពុងប្រែក្លាយផ្លូវក្រាលក្រួសជាច្រើនខ្សែ ទៅជាផ្លូវក្រាលកៅស៊ូ ឬផ្លូវបេតុង សំដៅធានាបានការប្រើប្រាស់យូរអង្វែង ដើម្បីបង្ករភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ, ចំណេញពេលវេលា, កាត់ បន្ថយចំណាយលើការដឹកជញ្ជូន ឬផលិតផលផ្សេងៗទៅកាន់ទីផ្សារ និងភាពងាយស្រួលក្នុងការទទួលបានសេវា សាធារណៈផ្សេងៗ ជាដើម។ ជុំវិញបញ្ហាផ្លូវនេះដែរ, ឯកឧត្តម អ៊ិន ចន្ថា ក៏បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន ចូលរួមថែទាំផ្លូវ លូ និងសំណង់សិល្បការ្យ ផ្សេងៗឲ្យបានល្អ ដើម្បីប្រើប្រាស់យូរអង្វែង និងត្រូវចាត់ទុកផ្លូវ និងលូ ទាំងនោះជារបស់ពួកគាត់៕

អត្ថបទដែលជាប់ទាក់ទង