ឯកឧត្តម អឿង ចន្ថា អនុរដ្ឋលេខាធិការ អញ្ជើញដឹកនាំមន្ត្រីបច្ចេកទេសចុះពិនិត្យស្ថានីយឧតុនិយមស្វ័យប្រវត្តិ ក្នុងខេត្តព្រះវិហារ
ខេត្តព្រះវិហារ៖ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត អឿង ចន្ថា អនុរដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយលោក ជឹម កុសល អគ្គនាយករងនៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស សហការជាមួយមន្រ្តីបច្ចេកទេសមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ បានចុះពិនិត្យស្ថានីយឧតុនិយមស្វ័យប្រវត្តិ ស្ថិតក្នុងភូមិសាស្រ្តខេត្តព្រះវិហារ។
ឯកឧត្តមអនុរដ្ឋលេខាធិការបានលើកឡើងពីសារសំខាន់នៃស្ថានីយឧតុនិយម ជាពិសេសស្ថានីយឧតុនិយមស្វ័យប្រវតិ្ត ដែលធ្វើឱ្យការទទួលទិន្នន័យធាតុអាកាសកាន់តែលម្អិតល្អប្រសើរ ដើម្បីបម្រើដល់ការព្យាករ ក៏ដូចជាការជូនដំណឹងស្តីពីធាតុអាកាសដល់បងប្អូនប្រជាពលរដ្ឋឱ្យបានកាន់តែច្បាស់លាស់ និងទាន់ពេលវេលា។
ជាមួយគ្នានេះដែរ ឯកឧត្តមអនុរដ្ឋលេខាធិការបានបញ្ជាក់ថា ទិន្នន័យឧតុនិយម ពិតជាមានសារសំខាន់សម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យរួមមាន៖ ទី១)ការគ្រប់គ្រងធនធានទឹក និងឧតុនិយម បម្រើវិស័យកសិកម្ម អាកាសចរណ៍ នាវាចរណ៍ ទេសចរណ៍ ឧស្សាហកម្ម សុខាភិបាល និងសំណង់ហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទ ទី២)ការគ្រប់គ្រងគ្រោះមហន្តរាយ ដោយផ្តល់ការប្រកាសអាសន្នឱ្យដឹងមុនសម្រាប់ខ្យល់ព្យុះ ទឹកជំនន់ គ្រោះរាំងស្ងួត និងលក្ខខណ្ឌអាកាសធាតុធ្ងន់ធ្ងរផ្សេងៗ និងទី៣)ការសិក្សាស្រាវជ្រាវ ត្រូវបានគេប្រើយ៉ាងទូលំទូលាយក្នុងការស្រាវជ្រាវធាតុអាកាស ដោយជួយអ្នកវិទ្យាសាស្ត្រសិក្សាការផ្លាស់ប្តូរបរិស្ថានរយៈពេលវែង។
ក្នុងឱកាសនោះដែរ ឯកឧត្តមអនុរដ្ឋលេខាធិការក៏បានណែនាំឱ្យមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ និងមន្រ្តីបច្ចេកទេសពាក់ព័ន្ធទាំងអស់បន្តពង្រឹងសមត្ថភាពក្នុងការតាមដានធាតុអាកាស ដោយបង្កើនការយកចិត្តទុកដាក់ក្នុងការអនុវត្តការងារថែទាំឧបករណ៍ និងសម្អាតទីធ្លាស្ថានីយឧតុនិយមស្វ័យប្រវត្តិឱ្យបានជាប្រចាំ និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីជួយលើកកម្ពស់វិស័យឧតុនិយមឱ្យកាន់តែមានភាពប្រសើរឡើងផងដែរ៕