សម្តេចតេជោ ហ៊ុន សែន បង្ហាញពីកាលវិភាគដ៏មមាញឹកនៃសកម្មភាពដែលត្រូវបំពេញសម្រាប់គ្រួសារ និងការងារនៅដើមខែឧសភានេះ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥នេះ បានបង្ហាញនូវកាលវិភាគដ៏មមាញឹកនៃសកម្មភាពរបស់សម្តេចសម្រាប់គ្រួសារ និងការងារ ដែលត្រូវបំពេញនៅដើមខែឧសភា ឆ្នាំ២០២៥នេះ។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សម្រាប់គ្រួសារ នៅខែឧសភានេះ សម្តេចត្រូវចូលរួមបុណ្យខួប៥ឆ្នាំ នៃមរណភាពម្តាយក្មេកសម្តេច និងបុណ្យខួប៣ឆ្នាំ នៃមរណភាពបងប្រុសសម្តេច ហើយក៏ត្រូវចូលរួមក្នុងពិធីអាពាហ៍ពិពាហ៍របស់ចៅស្រីផងដែរ។
ដោយឡែកសម្រាប់ការងារវិញ សម្តេចតេជោ ត្រូវអញ្ជើញទៅបំពេញទស្សនកិច្ច នៅប្រទេសឥណ្ឌូនេស៉ី និងប្រទេសទីម័រឡេស្តេ។
តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការសម្តេចបានបង្ហោះសារដូច្នេះថា «បញ្ហាគ្រួសារ និងការងារពិបាកបែងចែកពីគ្នាណាស់។ គិតតែពីគ្រួសារចោលការងារក៏មិនបាន។ គិតតែពីការងារចោលគ្រួសារក៏មិនបាន។ សម្រាប់ខ្ញុំពេលនេះថ្ងៃ៣ និង ៤ ឧសភាខួប៥ឆ្នាំនៃមរណភាពម្តាយក្មេក ក្នុងពេលភរិយាមិនអាចចូលរួមពិធីបុណ្យបាន។
ថ្ងៃ៤ និង ៥ឧសភាខួប៣ឆ្នាំនៃមរណភាពបងប្រុសទី២។ ខ្ញុំត្រូវចូលរួមកម្មវិធីទាំងពីរតែជាអកុសល ខ្ញុំមិនអាចនៅបុណ្យឆ្លងនាព្រឹកថ្ងៃ ៥ ឧសភាសម្រាប់បងប្រុសបានទេ ព្រោះខ្ញុំត្រូវចេញដំណើរទៅឥណ្ឌូនេស៉ី នៅម៉ោង៧ព្រឹក ដើម្បីជួបប្រធានាធិបតីឥណ្ឌូនេស៉ី នៅម៉ោង១១ថ្ងៃត្រង់ (ក្នុងករណីគ្មានការកែប្រែ)។
នៅឥណ្ឌូនេស៉ីពីថ្ងៃ ៥ដល់ថ្ងៃ ៧ មានជំនួបជាមួយថ្នាក់ដឹកនាំឥណ្ឌូនេស៉ីទស្សនកិច្ច និងធ្វើបាឋកថានៅលេខាធិការដ្ឋានអាស៊ាននាល្ងាចថ្ងៃ៥ឧសភា។ តាមការគ្រោងទុកខ្ញុំនឹងធ្វើបាឋកថាមួយទៀត នៅវិទ្យាស្ថានសេដ្ឋកិច្ចអាស៊ាន និងអាស៉ីបូព៌ា នាទីក្រុងហ្សាកាតា នាព្រឹកថ្ងៃ៦ឧសភា។
ថ្ងៃត្រង់ ៧ឧសភា ខ្ញុំនឹងធ្វើដំណើរទៅកាន់ទីម័រឡេស្តេ ដើម្បីទស្សនកិច្ចផ្លូវការរហូតល្ងាចថ្ងៃ ៩ ឧសភា ២០២៥ ទើបមកដល់កម្ពុជាវិញ។ ថ្ងៃ១០ ឧសភា មិនទាន់បានសម្រាកវាយកូនគោលទេ ព្រោះរឿងគ្រួសារបានមកដល់ទៀត ហើយនោះគឺចូលរួមកាត់សក់ចងដៃឲ្យចៅស្រី ដែលជាកូនរបស់ក្មួយស្រីបង្កើត ដែលកូនរបស់បងប្រុសរបស់ភរិយាខ្ញុំ ដែលត្រូវរៀបការ ដែលខ្ញុំត្រូវចូលរួមទាំងព្រឹកទាំងល្ងាច ដោយខានមិនបាន។ ត្រង់នេះហើយដែលខ្ញុំលើកពីខាងលើថា ពិបាកបែងចែករវាងការងារ និងបញ្ហាគ្រួសារ»៕

អត្ថបទដែលជាប់ទាក់ទង