Banner Detail Top

រដ្ឋបាលរាជធានីភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ផ្ដល់អាវភ្លៀង មី និងថវិកាជូនសមាជិក មូលនិធិស៊ីក្លូនៅរាជធានី ២៩៩នាក់តាមរយៈ មូលនិធិត្រីចក្រយានកម្ពុជា ខណៈរដូវវស្សាមកដល់

ភ្នំពេញ៖ សមាជិកមូលនិធិស៊ីក្លូ នៅក្នុងរាជធានីភ្នំពេញ ចំនួន ២៩៩នាក់ ទទួលបានអាវភ្លៀង មី និងថវិការបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានកិត្តិយសមូលនិធិត្រីចក្រយានកម្ពុជា (ស៊ីក្លូ) និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ជំនួយនាពេលនេះ ដើម្បីជួយសម្រួលការលំបាករបស់ពួកគាត់ ខណៈរដូវវស្សាបានឈានមកដល់។

ថវិកា និងសម្ភារៈទាំងនេះ ត្រូវបានលោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ និងជាប្រធានលេខាធិការដ្ឋានមូលនិធិត្រីចក្រយានកម្ពុជា តំណាងអោយលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិត្រីចក្រយានកម្ពុជា ប្រគល់ជូនពួកគាត់ នារសៀលថ្ងៃអាទិត្យទី២៨ ខែឧសភា ឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ។

លោក ម៉េត មាសភក្តី បានអោយដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តែងក្រើនរំលឹកអោយលោក ឃួង ស្រេង យកចិត្តទុកដាក់និងមើលថែពីសុខទុក្ខបងប្អូន សមាជិកអ្នកធាក់ស៊ីក្លូ ក្នុងរាជធានីភ្នំពេញ ជាក់ស្តែង នៅពេលនេះ ពួកគាត់ទាំង ២៩៩នាក់ បានទទួល អាវភ្លៀង មី និងថវិការបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បន្ថែមពីលើការឧបត្ថមប្រចាំខែរបស់ពួកគាត់។ អំណោយទាំងនេះ ក្នុងម្នាក់ៗ ទទួលបានអាវភ្លៀង១ ថវិកាចំនួន ៥ម៉ឺនរៀល និងមី ១កេស។
លោកបន្តថា សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានយកចិត្តទុកដាក់ខ្លាំងណាស់ ចំពោះបងប្អូនជាសមាជិកមូលនិធិស៊ីក្លូ ពោលគឺអោយតែមានពិធីបុណ្យជាតិធំៗ ម្តងៗ សម្តេចតែងបានផ្តល់អំណោយជូនពួកគាត់ជានិច្ច។ ក្រៅពីនេះ បងប្អូនអ្នកធាក់ស៊ីក្លូទាំង ២៩៩នាក់ ក៏ទទួលបានប្រាក់ខែជារៀងរាល់ខែ ចំនួន ២១ម៉ឺនរៀលផងដែរ ដោយក្នុង ១ខែពួកគាត់ អាចបើកបាន ៣ដង ក្នុង ១ដង ៧ម៉ឺនរៀល ជាមួយនឹងផ្តល់ជូនបណ្ណប. ស. ស ដើម្បីឲ្យបងប្អូន អាចទៅព្យាបាលជំងឺ ដោយមិនអស់ប្រាក់ នៅតាមមន្ទីរពេទ្យរដ្ឋនានា។
បន្ថែមពីនេះទៀត ក្នុងអំឡុងពេលដែលប្រទេសកម្ពុជា ក៏ដូចជារាជធានីភ្នំពេញ កំពុងប្រឈមមុខនឹងការរាតត្បាតជំងឺកូវីដ-១៩ សម្តេចមិនត្រឹមតែផ្តល់វ៉ាក់សាំងជូនពួកគាត់ទេ នៅបានផ្តល់អំណោយជាគ្រឿងឧបភោគ បរិភោគ ម៉ាស អាកុល ជែល ជូនពួកគាត់ថែមទៀត។
គួរបញ្ជាក់ផងដែរថា មូលនិធិស៊ីក្លូ ត្រូវបានបង្កើតឡើង តាំងពីថ្ងៃទី១៨មករា ឆ្នាំ២០១៨ ក្រោមការផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សំដៅអភិរក្សស៊ីក្លូ ដែលមានដើមកំណើតតាំងពីសម័យអាណានិគមនិយមបារាំង មកម្លេះ៕

អត្ថបទដែលជាប់ទាក់ទង