Banner Detail Top

នេះជាប្រកួតចុងក្រោយ និងជាមេដាយមាសចុងក្រោយ របស់កីឡាការិនី ស៊ន សៀវម៉ី នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា

ភ្នំពេញ៖ សូមបញ្ជាក់ថា នេះមិនមែនជាការប្រថុយប្រថានទេ នៅពេលដែល សៀវម៉ី ប្រកាសថា ចូលរួមប្រកួតស៊ីហ្គេម លើទឹកដីខ្លួនឯងនោះ មានមតិខ្លះ លើកឡើងថា សៀវម៉ី មានស្វាមី មានកូនហើយ ហេតុនេះកម្លាំងអាចមិនសូវដូចមុន សៀវម៉ី គួរតែរក្សាឈ្មោះ ទុក ក្នុងតំណែងមេដាយមាស កន្លងមក។
កីឡាការិនី ស៊ន សៀវម៉ី បាននិយាយថា រូបគេមានភាគរយខ្ពស់ ដោយសារគេ មានការតាំងចិត្តខ្ពស់ ប៉ុន្តែមិនអាចមើលស្រាលដៃគូប្រកួត ខ្ញុំបានខិតខំហ្វឹកហាត់ត្រៀម ទោះបីជាមានរយៈពេលខ្លី ត្រឹមតែជាង ១ខែប៉ុណ្ណោះក្តី ក៏ខ្ញុំមានក្តីសង្ឃឹមខ្ពស់ ដោយផ្តោតសំខាន់តែទៅលើកម្លាំង ចំណែកឯបច្ចេកទេស គឺអាចនិយាយថា ខ្ញុំមានបទពិសោធន៍ស្រាប់។ ម្យ៉ាងទៀត នេះជាការប្រ កួតនៅក្នុងផ្ទះយើង ដែលមានអ្នកគាំទ្រច្រើន។


តាមពិតកីឡាការិនី Sirimanotham Sonesavnh របស់ឡាវ ដែលប្រកួត ផ្ដាច់ព្រ័ត្រ ជាមួយ សៀវម៉ី ក៏ធ្លាប់ស្គាល់គ្នាពីមុនមកដែរ ហើយធ្លាប់ប្រកួតក្នុងប្រភេទ ទម្ងន់ជាមួយគ្នា ប៉ុន្តែមិនធ្លាប់បានប្រកួតជាមួយគ្នា ដោយសារកីឡាការិនីឡាវរូបនេះ ធ្លាក់ត្រឹមប៉ះជាមួយកីឡាការិនីហ្វីលីពីន។
កីឡាការិនី ស៊ន សៀវម៉ី គឺជាម្ចាស់មេដាយមាសកីឡាអាស៊ី (ASIAN GAMES) លើកទី១៧ នៅសាធារណរដ្ឋកូរ៉េ ឆ្នាំ២០១៤ និងជាម្ចាស់មេដាយមាស ស៊ីហ្គេម ៤ជំនាន់ ទាំងលើកនេះ ពោលគឺ ស៊ីហ្គេម ឆ្នាំ២០១៣ នៅប្រទេសមីយ៉ាន់ម៉ា, ស៊ីហ្គេម ឆ្នាំ២០១៧ នៅម៉ាឡេស៊ី, ស៊ីហ្គេម ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន និងស៊ីហ្គេម លើកទី៣២ នៅប្រទេសកម្ពុជា។
សៀវម៉ី ក៏ជាបេក្ខភាពតែម្នាក់គត់របស់កម្ពុជា លើប្រភេទកីឡាតេក្វាន់ដូ WT ដែលបាន ប្រកួតជម្រុះជាប់ប្រចាំទ្វីបអាស៊ី និងបានឆ្លងចូលកីឡាអូឡាំពិក (Olympic Games) កាលពីឆ្នាំ២០១៦ នៅទីក្រុងរីយ៉ូ ប្រទេសប្រេស៊ីល។
ម្ចាស់មេដាយមាសរូបនេះ បានបន្ថែមថា ពេលនេះ យើងទទួលចំណុចខ្សោយខ្លួនឯង ដោយសារតែខ្ញុំបានឈប់ហាត់ រយៈពេល ៤ឆ្នាំមកហើយៗ សម្រាប់ការប្រកួតនេះ លោកគ្រូបានប្រាប់ថា កុំឱ្យវាយសម្រុកដូចពេលពីមុន ដោយសារពេលនេះ កាយសម្បទា និងថាមពល កម្លាំងមិនពេញ លេងដូចកាលពីពេលមុនទេ។ ដូច្នេះត្រូវវាយតាមកម្លាំង កុំសម្រុកពេក ដែលធ្វើឱ្យរូបនាងទទួលបានជ័យជម្នះ នៅវគ្គផ្តាច់ព្រ័ត្រ និងទទួលបានមេដាយមាស តែម្តង។
នាងបានបន្តថា នាងពិតជាមានមោទនភាពជាតិ សម្រាប់ប្រទេសកម្ពុជា ព្រោះនេះគឺ ជាក្តីស្រមៃរបស់នាង ចាប់តាំងពីនាង បានចូលលេងក្នុងវិស័យកីឡា។ នាងធ្លាប់គិតថា នៅពេលស៊ីហ្គេម ២០២៣ នាងមានអាយុ២៨ឆ្នាំ ប្រហែលជានាង ប្រហែលជាមាន គ្រួសារ និងកូនហើយៗ មកអង្គុយមើលនាងប្រកួត។ ពេលនេះ គឺនាងធ្វើបានបែបនេះ មែន។ នាងបានបន្តថាៈ ការចូលរួមប្រកួតប្រជែងមេដាយមេដាយជូនជាតិ នាពេលនេះ គឺខ្ញុំចង់ទុកអនុស្សាវរីយ៍ កេរ្តិ៍ឈ្មោះសម្រាប់ជាតិ ក៏ដូចជាចង់ឱ្យមានការចងចាំល្អៗ ដល់កូនរបស់ខ្ញុំផងដែរ។
មុនលាឈប់ពីវិស័យកីឡាតេក្វាន់ដូ WT ម្ចាស់មេដាយមាស ស៊ន សៀវម៉ី បានផ្ញើសារ ផ្តាំផ្ញើដល់កីឡាករ កីឡាការិនីជំនាន់ក្រោយៗនេះ ខិតខំប្រឹងប្រែង ដើម្បីឱ្យបាន ជោគជ័យ ដោយពេលនេះ មិនជោគជ័យ គឺនៅពេលណាមួយប្រាកដ ជាជោគជ័យ ជាក់ជាមិនខាន។ ស៊ន សៀវម៉ី បានអះអាងថាៈ មុនពេលឈានមកដល់ចំណុចនេះ នាងក៏ធ្លាប់រង នូវភាពបរាជ័យជាច្រើនដែរ។
កីឡាការិនី ស៊ន សៀវម៉ឺ ក៏ថ្លែងអំណរគុណលោក Choi Yong Sok គ្រូបង្វឹក ជម្រើសជាតិកម្ពុជា ដែលជាជនជាតិកូរ៉េខាងត្បូង ដែលលោកប្រៀបបាននឹងឪពុកទី២ តែងតែផ្តល់ការលើកទឹកចិត្តគាំទ្រ សៀវម៉ី ក៏ដូចជាបានលះបង់ធំធេង សម្រាប់កម្ពុជា ជិត ៣០ ឆ្នាំមកហើយ។ នេះជាប្រកួតចុងក្រោយ និងជាមេដាយមាសចុងក្រោយ របស់កីឡាការិនី ស៊ន សៀវម៉ី នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង